ជាការពិតណាស់ នៅពេលអ្នកដែលធ្លាប់ជាប់ពន្ធនាគារ តែងត្រូវគេចាត់ទុកថាជាមនុស្សមានប្រវត្តិមិនល្អ ហើយពេលចេញពីការឃុំឃាំងក៏ត្រូវបានគេរើសអើស ដោយសារប្រវត្តិដ៏ខ្មៅងងឹត។ យ៉ាងណាមិញថ្ងៃនេះ សុំលើកយករឿងរ៉ាវរបស់បុរសមួយរូប ដែលធ្លាប់ជាប់ពន្ធនាគារជាច្រើនឆ្នាំ ប៉ុន្តែគាត់ជំនះ និងតស៊ូ នឹងការរើសអើងហើយខិតខំរហូតក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនដ៏ធំមួយ ហើយបានក្លាយជាអ្នកតស៊ូមតិ ដើម្បីទាមទារកុំឱ្យរើសអើងអ្នកធ្លាប់ជាប់ពន្ធនាគារ ហើយផ្ដល់ឱកាសឱ្យពួកគេជាថ្មីម្ដងទៀត។
លោក Larry Miller សព្វថ្ងៃគឺជានាយកប្រតិបត្តិក្រុមហ៊ុន Nike’s Jordan Brand ដោយគាត់បានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការឡើងដំណែង និងបង្កើនក្រេឌីតរបស់គាត់នៅក្រុមហ៊ុនដូចជា៖ Campbell Soup, Kraft Foods និង NBA’s Portland Trail Blazers ។
បើយោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយ Sports Illustrated មុនពេលមានតំណែង និងការងារល្អ ដូចសព្វថ្ងៃ លោក Miller ធ្លាប់ជាប់ពន្ធនាគារម្ដងហើយម្ដងទៀតអស់ជាច្រើនទសវត្ស តាំងពីអាយុ ១៦ឆ្នាំ ដោយសារតែអំពើឃាត..កម្ម ការប្ល..ន់ និងបទឧក្រិដ្ឋផ្សេងៗទៀត។ ទោះធ្លាប់មានប្រវត្តិដ៏ខ្មៅងងឹតក៏ដោយក្ដី ក៏មិនមានអ្នកណាចាប់អារម្មណ៍ដែរ នៅពេលដែលគាត់បានឈានជើងចូល និងរីកចម្រើនតាមរយៈពិភពសាជីវកម្ម រហូតដល់ពេលដែលគាត់ និងកូនស្រីរបស់គាត់បានសរសេរ និងបោះពុម្ពសៀវភៅអនុស្សាវរីយ៍ពីជីវិតផ្ទាល់ខ្លួន ដែលមានឈ្មោះថា “Jump: My Secret Journey From the Streets to the Boardroom”។
សៀវភៅនោះត្រូវបានចេញផ្សាយកាលពីដើមឆ្នាំនេះ ដោយលោក Miller សង្ឃឹមថា វាអាចបញ្ជាក់បានថា អតីតអ្នកជាប់ឃុំមានលទ្ធភាពក្នុងការកែខ្លួនឡើងវិញ និងអាចសម្រេចការងារបានជោគជ័យដែរ។ បុរសវ័យ ៧០ឆ្នាំរូបនេះ ក៏បានលើកឡើងថា៖ “គាត់បានជួបមនុស្សដែលឆ្លាតវៃ និងមានគំនិតច្នៃប្រឌិតនៅក្នុងពន្ធនាគារ ដោយទេពកោសល្យ និងសមត្ថភាពរបស់ពួកគេត្រូវបានខ្ជះខ្ជាយនៅទីនោះ។ ដូច្នេះ លោកសង្ឃឹមថា សៀវភៅនោះនឹងធ្វើឱ្យមនុស្សយល់ថា អ្នកធ្លាប់ជាប់គុកអាចរួមចំណែកកសាងភាពរីកចម្រើនបាន ហើយកំហុសរបស់បុគ្គលនោះ ឬកំហុសដ៏អាក្រក់បំផុតដែលពួកគេធ្វើក្នុងជីវិត មិនគួរណាត្រូវមកបំផ្លាញជីវិតដែលនៅសេសសល់ឡើយ”។
គួរបញ្ជាក់ផងដែរថា ខណៈពេលដែលជាប់ពន្ធនាគារលោក Miller បានបន្តការសិក្សាដោយប្រើជំនួយ Pell ដែលមានសម្រាប់អ្នកទោស ហើយក្រោយមក គាត់បានចូលរៀននៅមហាវិទ្យាល័យ។ ទន្ទឹមនឹងការដោះលែងគាត់ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Temple នៅអាយុ ៣០ឆ្នាំ ហើយបានដាក់ពាក្យធ្វើការជាច្រើនកន្លែង ប៉ុន្តែមិនមានអ្នកយកដោយសារគាត់មិនបានលាក់បាំងប្រវត្តិមិនល្អរបស់ខ្លួន រហូតដល់សព្វថ្ងៃនេះដែលគាត់មានឱកាសបានធ្វើការ និងមានតួនាទីល្អនៅក្រុមហ៊ុន Nike៕


អត្ថបទ៖ លីនី
ប្រភព៖ cnbc


