កំហុសរឿងលុយចំនួន ៤ ដែលត្រូវជៀសវាងដាច់ខាត ប្រសិនបើអ្នកចង់រួចផុតពីវិបត្តិសេដ្ឋកិច្ច
គំនិតអប់រំ June 21, 2022 Khmernote

ជាការពិតណាស់នៅពេលដែលមានវិបត្តិសេដ្ឋកិច្ចកើតឡើង មនុស្សភាគច្រើននឹងភ័យស្លន់ស្លោរ ភ័យខ្លាច និងថប់បារម្ភ រហូតបង្កើតនូវកំហុសក្នុងការចាយវាយ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ ដូច្នេះហើយយើងត្រូវផ្លាស់ប្ដូរពីរឿងទាំងនោះ មកចេះរៀបចំផែនការសម្រាប់ខ្លួនឯង និងរបៀបគ្រប់គ្រងស្ថានការណ៍ ក៏ដូចជាហិរញ្ញវត្ថុ ដោយសារព័ត៌មាន Businessinsider បានបង្ហាញនូវកំហុសចំនួន ៤ ដែលយើងគ្រប់គ្នាគួរជៀសវាង ប្រសិនបើយើងចង់រួចផុតពីវិបត្តិសេដ្ឋកិច្ច៖

១.លក់ភាគហ៊ុនចេញពីទីផ្សារ៖ ជាទូទៅអ្នកដែលវិនិយោគលើភាគហ៊ុន ភាគច្រើនតែងលក់ភាគហ៊ុនចេញនៅពេលដែលមានវិបត្តិសេដ្ឋកិច្ច ដើម្បីបានជាសាច់ប្រាក់យកមកទុកវិញ។ ប៉ុន្តែ​លោក Brendan Sheehan​ អ្នករៀបចំផែនការហិរញ្ញវត្ថុ បាននិយាយថា ការធ្វើបែបនេះ មិនប្រាកដថាយើងធ្វើត្រូវរហូតនោះទេ។ ជាក់ស្ដែងអ្នកវិនិយោគនោះ នឹង លក់ភាគហ៊ុនចេញនៅពេលវាឡើងថ្លៃដល់កំពូល ហើយទិញវិញនៅពេលវាចុះថោក ប៉ុន្តែតើពួកគេដឹងច្បាស់ទេថាតើពេលណាភាគហ៊ុនចុះថោក ហើយពួកគេប៉ាន់ស្មានដឹងទេថា ពួកគេអាចទិញភាគហ៊ុនមកវិញទាន់មុនពេលវាងើបឡើងឬទេ? ខណៈ​ការ​ដឹង​ថា​ពេលណា​ត្រូវ​វិនិយោគ​ឡើងវិញ​គឺ​មាន​ភាព​ស្មុគស្មាញ ល្បិច និង​មិន​ច្បាស់​។

២.ចំណាយលុយលើរឿងផ្សេងក្រៅពីបំណុល៖ អ្នករៀបចំផែនការហិរញ្ញវត្ថុ លោក Marlene Erickson បាននិយាយថា ការមិនសងបំណុល មុនពេលមានវិបត្តិសេដ្ឋកិច្ច កឺជាកំហុសដែលមនុស្សជាច្រើននឹងធ្វើ ហើយពួកគេប្រហែលជាមិនបានដឹងថា តើវាមានឥទ្ធិពលកម្រិតណាមកលើពួកគេទេ។ ជាក់ស្ដែងនៅពេលដែលយើងមានបំណុលជាប់ខ្លួន ជាពិសេសបំណុលកម្ចីសាច់ប្រាក់ ហើយយើងមិនបានទូទាត់សងអោយបានអស់ នោះនៅពេលមានវិបត្តិមកដល់យើងមិនត្រឹមតែមិនមានលទ្ធភាពសងគេនោះទេ ទោះយើងចង់ស្វែងរកកម្ចីថ្មី ក៏មិនបានដែរ។

៣.ការផ្អាកការចូលក្នុងមូលនិធិចូលនិវត្តន៍៖ ត្រង់ចំណុចនេះ ប្រសិនបើអ្នកមានមូលនិធិចូលនិវត្តន៍ដែលត្រូវចូលរួម សូមកុំផ្អាកក្នុងការចូលរួមចំណែករបស់អ្នក ដើម្បីសន្សំប្រាក់ទុក នៅពេលដែលវិបត្តិសេដ្ឋកិច្ចកំពុងកើតឡើងឱ្យសោះ ព្រោះនេះជាកំហុសមួយ នេះបើយោងតាមអ្នករៀបចំផែនការហិរញ្ញវត្ថុ Mark Deering។ Deering និយាយ​ថា​ ការ​សន្សំ​ប្រាក់​ចូល​និវត្តន៍​អាច​លំបាកក៏ពិតមែន ប៉ុន្តែប្រសិន បើអ្នកមានយុទ្ធសាស្ត្រក្នុងការរួមចំណែកទៀងទាត់រួចហើយ គាត់ណែនាំកុំឱ្យបោះបង់ចោលវា ព្រោះវិបត្តិសេដ្ឋកិច្ចអាចចំណាយពេលច្រើនឆ្នាំដើម្បីអភិវឌ្ឍ ហើយអ្នកមិនអាចបញ្ឈប់ការរួមចំណែកដល់ការចូលនិវត្តន៍របស់អ្នកដើម្បីរង់ចាំវិបត្តិចប់នោះទេ។

៤.មិនបង្កើតមូលនិធិសង្រ្គោះបន្ទាន់សម្រាប់ខ្លួនឯង៖ ជាការពិតណាស់ ការសន្សំប្រាក់ទុកពេលមានអាសន្នគឺជារឿងសំខាន់ណាស់ ជាក់ស្ដែងបើសិនយើងត្រូវផ្អាកការងារ ហើយមិនមានលុយបម្រុងទុកចំណាយ ក្នុងគ្រាដែលយើងមិនមានចំណូលច្បាស់ណាស់យើងនឹងពិបាក ដែលបើកាលដែលយើងនៅធ្វើការ យើងបានសន្សំទុកនោះយើងអាចមិនបាច់ភ័យព្រួយពេលដែលគ្មានចំណូលឡើយ។ ជាមួយគ្នានេះ នៅក្នុងពេលដែលមានវិបត្តិសេដ្ឋកិច្ចអ្នករៀបចំផែនការហិរញ្ញវត្ថុ Jennifer Garcia បានណែនាំឱ្យយើងសន្សំត្រៀមសម្រាប់ការចំណាយពី ៣ ទៅ ៦ខែរួចរាល់ នោះទោះក្នុងករណីមានអាសន្នផ្នែកហិរញ្ញវត្ថុក៏យើងមិនមានបញ្ហាដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider