ធ្វើការរាប់ឆ្នាំមិនសល់លុយ តោះមកដឹង ៤ ស្នៀតនៃការសន្សំលុយដ៏ល្អបំផុតពីមហាសេដ្ឋី Mark Cuban ដែលយើងគួរអនុវត្ត
គំនិតអប់រំ May 17, 2022 Khmernote

ប្រសិនបើអ្នកចង់បានដំបូន្មានហិរញ្ញវត្ថុផ្ទាល់ខ្លួនពីអ្នកណាម្នាក់ មហាសេដ្ឋី Mark Cuban អាចជាគំរូមួយដ៏ល្អ។ លោក Mark Cuban គឺ ជាអ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បី Shark Tank និងម្ចាស់ក្រុមហ៊ុន Dallas Mavericks បានលក់ក្រុមហ៊ុន startup របស់ខ្លួនទៅឲ្យក្រុមហ៊ុន CompuServe ក្នុងឆ្នាំ១៩៩០ ក្នុងតម្លៃ ៦លានដុល្លារ បន្ទាប់មកគាត់បានលក់​អាជីវកម្មទី២ របស់គាត់ទៅឲ្យក្រុមហ៊ុន Yahoo ក្នុងតំលៃ ៥.៩ លានដុល្លារក្នុងឆ្នាំ ១៩៩៩។

ចាប់តាំងពីពេលនោះមក គាត់បានបង្កើត និងទិញអាជីវកម្មជាច្រើន ហើយបានវិនិយោគនៅក្នុងក្រុមហ៊ុនជាច្រើនទៀតផងដែរ។ យ៉ាងណាមិញខាងក្រោមនេះជាដំបូន្មានចំនួន ៤ ពីមហាសេដ្ឋីរូបនេះ​ ដែលអ្នកគួរធ្វើជាមួយប្រាក់របស់អ្នក៖

១.ចាប់ផ្ដើមដោយការសងបំណុលទាំងអស់៖​ មហាសេដ្ឋី Cuban បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ MarketWatch ថា «​ ការវិនិយោគដ៏ល្អបំផុតដែលអាចធ្វើបានគឺ ទូទាត់កាតឥណទានរបស់អ្នក និងទូទាត់បំណុលដែលអ្នកមានទាំងអស់។ ហើយក្នុងករណីដែល​អ្នកមានប្រាក់កម្ចីនិស្សិត ជាមួយនឹងអត្រាការប្រាក់ ៧% ប្រសិនបើអ្នកសងប្រាក់កម្ចីនោះអ្នកនឹងទទួលបាន ៧% នោះ គឺជាការត្រឡប់មកវិញភ្លាមៗរបស់អ្នក ដែលវិធីនេះវាមានសុវត្ថិភាពជាងការជ្រើសរើសវិនិយោគលើភាគហ៊ុន ឬ ព្យាយាមជ្រើសរើសយកអចលនទ្រព្យ។ ជាការពិតណាស់ប័ណ្ណឥណទានមានអត្រាការប្រាក់ខ្ពស់ជាងនេះ ដូច្នេះវាមានគុណប្រយោជន៍កាន់តែធំក្នុងការទូទាត់ឱ្យពួកគេ។

២.សន្សំប្រាក់ចំណូលឲ្យបាន ៦ខែ៖ លោក Cuban មហាសេដ្ឋីពាន់លានបានប្រាប់ Vanity Fair ថា អ្នកគួរតែព្យាយាមសន្សំប្រាក់ចំណូលឱ្យបាន ៦ខែ និងរក្សាវាឲ្យបានគង់វង្ស។ គាត់បានពន្យល់ថា ប្រសិនបើអ្នកមិនចូលចិត្តការងាររបស់អ្នកនៅចំណុចណាមួយ ឬ អ្នកត្រូវគេបណ្តេញចេញ និងមួយវិញទៀត ប្រសិនបើអ្នកអ្នកត្រូវផ្លាស់ប្តូរ ឬ មានអ្វីខុស អ្នកនឹងត្រូវការប្រាក់ចំណូលយ៉ាងហោចណាស់ប្រាំមួយខែមុនពេលអាចរកការងារថ្មីបាន។

៣.គួរ​តែមានប្រាក់វិនិយោគ ១០% នៃចំនួនសរុបនៅពេលវិនិយោគអ្វីមួយ៖ លោក Cuban បាន​ទទួលស្គាល់ថា មហាសេដ្ឋីដែលបង្កើតឡើងដោយខ្លួនឯងអាចឈានដល់កម្រិតជាមហាសេដ្ឋីបាន ដោយសារការប្រថុយប្រថានក្នុងការវិនិយោគ។ ដូច្នេះការវិនិយោគលើអ្វីមួយដែលប្រថុយប្រថាន គឺជាពិតជាល្អ ដរាបណាអ្នកកំណត់ថាអ្នកមាន ១០% នៃការវិនិយោគសរុបរបស់អ្នក។

៤.ទិញទំនិញពេលបញ្ចុះតម្លៃ៖ នេះគឺជាដំបូន្មានហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលមនុស្សភាគច្រើនធ្វើ ហើយវាក៏ជាទម្លាប់មួយរបស់មហាសេដ្ឋី Cuban ផងដែរ។ នៅក្នុងពេលបច្ចុប្បន្ននេះ វាពិតជាពិបាកណាស់ក្នុងការស្វែងរកប្រាក់ចំណូលខ្ពស់ ហើយនិងប្រាក់ចំណេញច្រើនពីការវិនិយោគ ដូច្នេះមហាសេដ្ឋីរូបនេះណែនាំថា អ្នកគួរតែទិញរបស់របរណាដែលប្រើបានយូរឆ្នាំ ទុកសម្រាប់រយៈពេល ២ឆ្នាំ ប្រសិនបើវាបញ្ចុះតម្លៃ ៥០%។ គាត់បានពន្យល់ថា​ ការសន្សំសំចៃតាមវិធីនេះ នឹងធ្វើឲ្យអ្នកប្រើប្រាស់ខ្ទង់ចំណាយបានល្អ ហើយវាប្រសើរជាងការរកលុយដែលបានមកការវិនិយោគទៅទៀត ព្រោះប្រាក់ដែលអ្នកចំណេញនេះមិនចាំបាច់ក្នុងការបង់ពន្ធ៕

អត្ថបទ៖ លីនី
ប្រភព៖ inc