ចង់ផ្លាស់ប្តូរពិភពលោក? មហាសេដ្ឋី Bill Gates ប្រាប់ឱ្យយុវជនជំនាន់ក្រោយត្រូវធ្វើរឿង ២នេះ
គំនិតអប់រំ May 23, 2022 Khmernote

លោក Bill Gates ត្រូវបានគេស្គាល់ថាជាអ្នកមានបំផុតនៅក្នុងពិភពលោក ជាស្ថាបនិកក្រុមហ៊ុន Microsoft ដែលមានតម្លៃរាប់ពាន់លានដុល្លារ មិនតែប៉ុណ្ណោះគាត់ក៏ជាសប្បុរសជនដ៏ល្បីល្បាញម្នាក់ដែលតែងតែបរិច្ចាគដល់ស្ថាប័នសប្បុរសធម៌មួយចំនួន។ ក្រៅពីកេរ្តិ៍ឈ្មោះដ៏ល្បីសុះសាយទាំងនេះ លោកក៏ត្រូវបានគេចាត់ទុកថា ជាអ្នកមានឥទ្ធិពលម្នាក់ក្នុងការនិយាយពីគ្រោះមហន្តរាយនានា និងដំបូន្មានអប់រំទៅដល់មនុស្សជុំវិញពិភពលោក។

យ៉ាងណាមិញនៅក្នុងវគ្គ Reddit “Ask Me Anything” លើកទី១០ កាលពីថ្ងៃព្រហស្បតិ៍ ថ្មីៗនេះ លោក Bill Gates ត្រូវបានគេសួរថា តើគាត់នឹងផ្ដល់ដំបូន្មានអ្វីខ្លះ ដល់យុវជនជំនាន់ក្រោយ ដែលចង់ក្លាយជាអ្នកមានឥទ្ធិពលនៅលើពិភពលោក? ជាការឆ្លើយតប មហាសេដ្ឋីលំដាប់ទី៤ លើពិភពលោករូបនេះ បានប្រាប់ឱ្យយុវជនវ័យក្មេងធ្វើរឿងធំៗចំនួន ២ ក្នុងនោះទី១ គឺអានសៀវភៅអោយបានច្រើន និងទី២ គឺរកឱ្យឃើញនូវជំនាញដែលខ្លួនឯងពេញចិត្ត ដែលអាចមានឥទ្ធិពលបាន។

លោក Bill Gates បាននិយាយថា៖ “អ្នកនឹងមិនចាប់ផ្តើមចាស់ទេ លុះត្រាតែអ្នកឈប់រៀន។ រាល់សៀវភៅទាំងអស់បង្រៀនខ្ញុំនូវអ្វីដែលថ្មី ឬជួយខ្ញុំឱ្យមើលឃើញអ្វីៗផ្សេងៗ។ ខ្ញុំ​មាន​សំណាង​ណាស់​ដែល​មាន​ឪពុក​ម្តាយ​ដែល​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​អាន។ ការអានផ្ដល់នូវអារម្មណ៍ចង់ដឹងចង់ឃើញអំពីពិភពលោក ដែលខ្ញុំគិតថាបានជួយជំរុញខ្ញុំឆ្ពោះទៅមុខក្នុងអាជីពរបស់ខ្ញុំ និងក្នុងការងារដែលខ្ញុំធ្វើឥឡូវនេះជាមួយនឹងមូលដ្ឋានគ្រឹះរបស់ខ្ញុំ”។

មិនតែប៉ុណ្ណោះ លោកបានបន្ថែមថា ការអានមានសារៈសំខាន់ក្នុងការស្វែងរកចំណាប់អារម្មណ៍ និងជំនាញថ្មីៗជាច្រើន ដែលអ្នកអាចប្រើដើម្បីដាក់គោលដៅរបស់អ្នកនៅលើពិភពលោក។ គួរបញ្ជាក់ថា វាមិនមែនជារឿងចម្លែកទេដែលនៅពេលដែលត្រូវបានសួរអំពីរបៀបដែលមនុស្សវ័យក្មេងអាចមានឥទ្ធិពលវិជ្ជមានលើពិភពលោកនោះ មហាសេដ្ឋីរូបនេះបានណែនាំពីការអានសៀវភៅ ព្រោះជារៀងរាល់ឆ្នាំ លោក Gates អានសៀវភៅចំនួន ៥០ក្បាល ហើយជារឿយៗគាត់តែងតែយកកាបូបដាក់សៀវភៅជាមួយគាត់នៅពេលវិស្សមកាល ហើយចំណាយពេលអានដល់ទៅ ៣ម៉ោងក្នុងមួយថ្ងៃឯណោះ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc