Parween Mander ធ្លាប់ជានារីអ្នកក្រីក្រ បង្ហើបក្បួនសន្សំប្រាក់បាន ១៥ម៉ឺនដុល្លារ ប្រើពេល ៥ឆ្នាំ បានជោគជ័យហើយមិនឱ្យមានអារម្មណ៍ថាបង្អត់ខ្លួនឯង
គំនិតអប់រំ June 13, 2022 Khmernote

ក្នុងពេលបច្ចុប្បន្ននេះ សង្កេតឃើញថាមនុស្សភាគច្រើនមានបញ្ហាពិបាកក្នុងការសន្សំប្រាក់ ហើយបញ្ហានេះទៀតសោតអាចបណ្ដាលមកពីកត្តាជាច្រើនដូចជា តម្រូវការចំណាយ, កំហុសក្នុងការចាយវាយ និងការរៀបចំផែនការហិរញ្ញវត្ថុមិនបានត្រឹមត្រូវជាដើម។ យ៉ាងណាមិញយោងតាមសារព័ត៌មាន cnbc បានបង្ហាញពីរបៀបក្នុងការសន្សំលុយរបស់នារីម្នាក់ ប្រើពេលតែ ៥ឆ្នាំ អាចសន្សំប្រាក់បានដល់ទៅ ១៥ម៉ឺនដុល្លារ។

Parween Mander ជាក្មេងស្រីធំធាត់ឡើងក្នុងគ្រួសារជាជនអន្តោប្រវេសន៍ ហើយខ្វះខាតខ្លាំង ដោយឳពុកម្ដាយរបស់នាងត្រូវធ្វើការជាច្រើនម៉ោងដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ។ ប្រាក់មួយកាក់មួយសេន ដែលរកបានគឺទុកតែចំណាយលើតម្រូវការចាំបាច់ប៉ុណ្ណោះ ជីវិតគ្រួសាររបស់នាងមិនដែលស្គាល់ទេ ការធ្វើដំណើរកម្សាន្ត ឬ ក៏អារម្មណ៍ចង់ទិញអ្វីដែលខ្លួនស្រលាញ់ លើសពីនេះនៅអាយុ ១៦ឆ្នាំ នាងប៊ិះនឹងអស់ផ្ទះរស់នៅទៀត ដោយសារជីវភាពខ្វះខាតខ្លាំង។ ដោយទទួលបានបទពិសោធដ៏ឈឺចាប់ Parween បានតាំងចិត្តសន្សំលុយ និងរៀនសូត្រពីបទពិសោធន៍ដែលបានជួបដោយខ្លួនឯង ហើយប្តេជ្ញានៅពេលនោះថា ការខ្វះខាតលុយនឹងមិនកំណត់ជម្រើស ឬឱកាសរបស់នាងឡើយ។ ការតាំងចិត្ត និងការតស៊ូរបស់នាងមិនអសារបង់ឡើយ ដោយក្រោយពេលបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ និងទទួលបានការងារដំបូង Parween បានសន្សំប្រាក់ចំនួន ១០០,០០០ដុល្លារជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ នៅពេលនាងមានអាយុ ២៦ឆ្នាំ ហើយក្រោយមកនាងចំណាយពេលត្រឹមតែមួយឆ្នាំទៀត ដើម្បីសន្សំប្រាក់ចំនួន ៥០,០០០ដុល្លារបន្ទាប់ទៀត។ ជាមួយជោគជ័យក្នុងការសន្សំប្រាក់នេះ Parween បានបង្ហាញនូវតិចនិក ៥ចំនុច ក្នុងការសន្សំប្រាក់របស់នាង មិនត្រឹមតែមានប្រសិទ្ធភាពនោះទេ ហើយក៏ធ្វើឱ្យនាងមិនមានអារម្មណ៍ថានាងកំពុងបង្អត់ខ្លួនឯងដែរ៖

១.តស៊ូមតិដើម្បីដំឡើងប្រាក់ខែ៖ ពេលចេញពីសាកលវិទ្យាល័យ នាងទទួលបានការងារធ្វើក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ នាងចំណាយពេល ៤ឆ្នាំកន្លះទីនោះ ហើយបានតស៊ូមតិដំឡើងបានប្រាក់ខែ ដោយកំឡុងពេលនៅទីនោះប្រាក់ខែរបស់នាងឡើងបាន ៥០%។ ទោះបីជានាងដឹងថា ការទាមទារដំឡើងប្រាក់ខែមិនងាយស្រួល តែនាងនៅតែធ្វើ ប៉ុន្តែមិនមែនចេះតែទារដំឡើងឡើយ ពោលគឺការងារនាងក៏កាន់តែច្រើនជាងមុនដែរ។

២.បង្កើតគោលដៅសន្សំលុយជាក់ស្ដែង៖ កាលពីបីឆ្នាំមុន នាងបានចាប់ផ្តើមធ្វើការឆ្ពោះទៅរកគោលដៅសន្សំដ៏សំខាន់ដំបូងរបស់ខ្លួន នោះគឺ មូលនិធិសង្គ្រោះបន្ទាន់ ដោយនាងបានចំណាយពេល ៤ខែ ដើម្បីសន្សំបានគ្រប់គ្រាន់ដើម្បីចំណាយលើតម្រូវការចាំបាច់ចំនួន ៣ ខែ។ នាងបានបង្កើតវាដោយពិនិត្យមើលប្រាក់ចំណូលប្រចាំខែ ,ការចំណាយថេរ ហើយគិតជាមធ្យមថាតើនាងកំពុងចំណាយប៉ុន្មានលើការចំណាយផ្ទាល់ខ្លួនក្នុងមួយខែសម្រាប់របស់របរដូចជា ដើរលេង និងដើរទិញឥវ៉ាន់។ តាមរយៈដំណើរការនេះ នាងបានរកឃើញចំនួនពិតប្រាកដមួយ ដែលត្រូវដាក់ចេញជារៀងរាល់ខែ ហើយឆ្ពោះទៅរកការសន្សំដោយស្វ័យប្រវត្តិ។ ប្រសិនបើ​នាងចំណាយ​លើស​ខែ​នោះ​ លើ​ការ​ចំណាយ​ដែល​នាងចង់​បាន នាងនឹង​កែសម្រួល​ថវិកា​ខែ​បន្ទាប់​របស់ខ្លួន ដើម្បី​បង្គ្រប់​ការ​ខ្វះខាត។ នៅពេលដែលនាងបានបញ្ចប់មូលនិធិសង្គ្រោះបន្ទាន់ នាងចាប់ផ្តើមផ្តល់អាទិភាពដល់ការសន្សំប្រាក់សម្រាប់ការបង់រំលោះលើផ្ទះ និងអាពាហ៍ពិពាហ៍ ដែលជាគោលដៅធំបន្ទាប់របស់ខ្លួន។ ពេលនោះនាងបានកំណត់គោលដៅសន្សំ ១០០,០០០ដុល្លារ ក្នុងរយៈពេល ៤ឆ្នាំ មានន័យថាសន្សំឱ្យបាន ២,០០០ដុល្លារក្នុងមួយខែ។ តាមរយៈការបង្កើនប្រាក់ចំណូលរបស់នាង នាងអាចសម្រេចបាននូវគោលដៅនេះ ដោយមិនមានអារម្មណ៍ថាបាត់បង់ការចំណាយក្នុងផ្នែកផ្សេងទៀតនៃជីវិតរបស់នាងឡើយ។

៣.ផ្លាស់ប្តូរផ្នត់គំនិតអំពីលុយ៖ ធំឡើងក្នុងបរិយាកាសដែលខ្វះខាតលុយ ផ្នត់គំនិតរបស់នាង គឺថាមានលុយកាន់តែច្រើនមានន័យថាសុវត្ថិភាព និងភាពប្រាកដប្រជា។ ដូច្នេះ ទោះបីជានាងរកចំណូលបានជាប់លាប់ និងសន្សំបានកាន់តែច្រើនក៏ដោយ ក៏នាងតែងតែមានអារម្មណ៍ថា នាងនៅតែខ្វះខាតហើយព្យាយាមសន្សំតាមដែលអាចធ្វើបាន។ ការផ្លាស់ប្ដូរផ្នត់គំនិតទៅលើលុយរបស់នាង គឺនៅពេលមានលុយច្រើន នាងមិនធ្វើតាមតម្រូវការជាច្រើនដែលនាងចង់ធ្វើដូចជា ដើរកម្សាន្តជាមួយមិត្តភក្កិ ទិញសម្លៀកបំពាក់ ឬ គ្រឿងសម្អាង និងញ៉ាំអាហារឆ្ងាញ់ៗនោះទេ តែនាងបានដកការចំណាយ ១០០០ដុល្លារក្នុងមួយខែសម្រាប់ខ្លួននាង បន្ទាប់ពីបែងចែកប្រាក់សន្សំរួច ទើបនាងចំណាយទៅលើរឿងទាំងនោះ ដូច្នេះលុយនាងនៅតែសន្សំបាន ហើយនាងក៏អាចបំពេញតាមការចង់បានផងដែរ។

៤.រកចំណូលពីប្រភពផ្សេងៗ៖ Parween ចាត់ទុកជានារីដ៏វ័យឆ្លាត និងចេះចាប់យកឱកាស ដោយក្រៅពីការធ្វើការ និងសន្សំប្រាក់ នាងបានប្រើចំណេះ និងគំនិតដែលនាងមាន រកលុយពីបណ្ដាញសង្គមដូចជា Instagram និង Tik Tok ,ទីផ្សារសម្ព័ន្ធ ,ប្រព័ន្ធផ្សព្វផ្សាយ និងបទសម្ភាសន៍ផតឃែស តាមរយៈការបណ្ដុះបណ្ដាលពីហិរញ្ញវត្ថុដល់ស្រ្តី។ ក្នុងឆ្នាំ២០២០ នាងបានបង្កើត The Wealthy Wolfe ដែលជាវេទិកាបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ និងការអប់រំសម្រាប់ស្ត្រី ហើយក្នុងឆ្នាំ២០២១ នាងអាចរកប្រាក់ចំណេញបានដល់ទៅ ៣២,០០០ ដុល្លារក្នុងឆ្នាំ២០២១ ដែលជាហេតុផលចម្បងធ្វើឱ្យនាងអាចសន្សំប្រាក់បាន ៥០,០០០ដុល្លារ។

៥.បង្កើនទ្រព្យសម្បត្តិដោយការវិនិយោគ៖ ក្រៅពីភាពវ័យឆ្លាតក្នុងការរកប្រាក់ និងសន្សំហើយ Parween ងាកទៅរកការវិនិយោគម្ដង ទោះបីជានាងមិនបានដឹង ឬ ចេះច្បាស់ពីការវិនិយោគក៏ដោយ។ ចំណេះអាចរៀនសូត្របាន ដូច្នេះនាងបានចាប់ផ្ដើមរៀនស្វែងយល់ពីការវនិយោគតាមរយៈការអានប្លុកវិនិយោគ និងសៀវភៅដូចជា “The Wealthy Barber” និងការមើលបណ្តាញ YouTube ផ្សេងៗ។ បច្ចុប្បន្ននេះនាងមានប្រហែល ២៥% នៃទ្រព្យសម្បត្តិសុទ្ធរបស់នាងដែលបានវិនិយោគ ហើយនៅសល់គឺនៅក្នុងមូលនិធិសន្សំដែលខិតខំប្រឹងប្រែងនោះ។

យ៉ាងណាមិញ លទ្ធផល និងចំនួនទឹកប្រាក់ដែលបានពីការសន្សំអាចនឹងប្រែប្រួលតាមទីផ្សារការងារ និងកម្រិតប្រាក់ចំណូល ប៉ុន្តែតិចនិកក្នុងការសន្សំដែលបានបង្ហាញខាងលើនេះ ពិតជាល្អសម្រាប់យើងគ្រប់គ្នា គួររៀបចំចាត់ចែងសន្សំទោះមិនបានចំនួនច្រើនដូច Parween ក៏ដោយ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc