នៅពេលដែលតម្លៃប្រេងសាំងបានឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងសហរដ្ឋអាមេរិក ប្រជាជនជាច្រើនកំពុងត្រូវបានបង្ខំឱ្យកាត់បន្ថយផ្នែកហិរញ្ញវត្ថុ។ ក្នុងស្ថានភាពបែបនេះ អ្នកជំនួញដែលរស់នៅក្រុង Chicago កំពុងព្យាយាមសម្រាលបន្ទុកដល់អ្នកដែលកំពុងជួបប្រទះ ដោយបានផ្ដល់ប្រេងសាំងឥតគិតថ្លៃក្នុងតម្លៃ ១លានដុល្លារ ដល់អ្នកដែលខ្វះខាត។
លោក Willie Wilson បាននិយាយថា៖ “នៅរុស្ស៊ីក៏មានអ្នកមានទ្រព្យ នៅអ៊ុយក្រែនក៏មានអ្នកមានទ្រព្យដែរ តែស្អែកឡើងពួកគេ ក៏ត្រូវតម្រង់ជួររង់ចាំដើម្បីទិញទំនិញ ឬ ធ្វើរឿងផ្សេងៗដែរ ដូច្នេះទ្រព្យមិនស្ថិតស្ថេរទេ ក្នុងស្ថានភាពដ៏លំបាក។ ហើយនេះ ជាអាមេរិក នេះជាទីក្រុង Chicago និងជាទីកន្លែងកំណើតខ្ញុំ ហើយជាអ្នកជិតខាងខ្ញុំ អ៊ីចឹងបើយើងមានលុយ យើងគួរជួយ និងចែករំលែកដល់ពួកគេ”។
ជាក់ស្ដែងដំបូងឡើយ លោក Wilson បានបរិច្ចាគឥន្ទនៈឥតគិតថ្លៃចំនួន ២០០,០០០ដុល្លារ ដល់អ្នកបើកបរនៅទូទាំងទីក្រុង Chicago កាលពីថ្ងៃសុក្រសប្តាហ៍មុន (ថ្ងៃទី១៨ ខែមីនា) ដែលធ្វើឱ្យមានការបិទផ្លូវក្នុងផ្នែកជាច្រើននៃទីក្រុង ជាមួយនឹងជួរយានយន្តដែលចតនៅតាមផ្លូវជាច្រើនម៉ោងមុនពេលការចែកជូនចាប់ផ្ដើម។ បុរសអាយុ ៧៣ឆ្នាំរូបនេះ បានអះអាងថា បន្ទាប់ពីបានឃើញតម្រូវការដ៏លើសលប់សម្រាប់ការការផ្ដល់ឱ្យជាលើកដំបូងរបស់គាត់ ឥឡូវគាត់ចង់ផ្តល់ឱ្យ ១លានដុល្លារបន្ថែមទៀតដើម្បីចែកប្រេងឥន្ទនៈដោយឥតគិតថ្លៃនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ខាងមុខនេះ៕




អត្ថបទ៖ លីនី
ប្រភព៖ nationthailand


