ប្រធានាធិបតីចិន ចែករំលែករឿងរ៉ាវផ្ទាល់ ដែលឪពុកយកមី ១ចាន ពងទា ៣គ្រាប់ ហើយផ្តល់មេរៀននេះជូនលោក
គំនិតអប់រំ March 16, 2022 Khmernote

ប្រធានាធិបតី ស៉ី ជីងពីង បានចែករំលែករឿងរ៉ាវផ្ទាល់របស់គាត់តាំងពីក្មេងដែលបានរៀនពីឪពុករបស់គាត់ថា៖ កាលខ្ញុំនៅតូច ខ្ញុំជាមនុស្សអាត្មានិយមខ្លាំងណាស់ អ្វីក៏ដោយឲ្យតែខ្ញុំចង់បានគឺតែងតែទាមទារ និងជំនះយកអ្វីគ្រប់យ៉ាងដែលល្អបំផុតសម្រាប់ខ្លួន ចុងបញ្ចប់អ្នកនៅជុំវិញខ្លួនចាកចេញពីខ្ញុំម្ដងមួយៗ សូម្បីតែមិត្តភក្កិរបស់ខ្ញុំ។ ទោះបីបែបនេះក៏ដោយខ្ញុំមិនដែលគិតថានេះជាកំហុសរបស់ខ្ញុំទេ ហើយថែមទាំងរិះគន់ និងគិតមិនល្អទៅលើអ្នកដទៃទៀត។ ដោយសារបែបនេះឪពុករបស់ខ្ញុំបានផ្ដល់នូវមេរៀនមួយដែលខ្ញុំចងចាំមិនដែលភ្លេចនូវក្នុងជិវិត។

នៅថ្ងៃមួយគាត់បានចម្អិនមី ២ ចានដាក់នៅលើតុ ចានមួយមានពងមាន់មួយគ្រាប់នៅខាងលើហើយចានមួយទៀតមិនមានពងមាន់នៅពីលើទេ។ គាត់បានឲ្យខ្ញុំជ្រើសរើសយកចានមួយរវាងមីទាំង ២ចាន កាលគ្រានោះពងមាន់មានតម្លៃថ្លៃ ដូច្នេះមិនងាយបានញ៉ាំនោះទេ លុះត្រាតែមានពិធីបុណ្យផ្សេងៗ ឬ ពិធីបុណ្យចូលឆ្នាំថ្មីទើបបានញ៉ាំម្ដង ដោយគិតឃើញបែបនេះខ្ញុំបានរើសយកចានមីដែលមានពងមាន់។ នៅពេលចាប់ផ្ដើមញ៉ាំ ខ្ញុំពិតជាមានមោទនភាពចំពោះភាពវ័យឆ្លាតរបស់ខ្លួនឯងណាស់ ដែលសម្រេចចិត្តបែបនេះ ប៉ុន្តែខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលចានឪពុករបស់ខ្ញុំមានពងមាន់ដល់ទៅ ២គ្រាប់នៅខាងក្រោម! ខ្ញុំសោកស្ដាយខ្លាំងណាស់ ហើយថែមទាំងស្ដីបន្ទោសខ្លួនឯងចំពោះការសម្រេចចិត្តដ៏លឿនមួយនេះ។ ពេលនោះឪពុកខ្ញុំញញឹមហើយនិយាយថា៖ ” កូនប្រុសពុក! កូនត្រូវចាំថាអ្វីដែលភ្នែកយើងអាចមើលឃើញ មិនមែនសុទ្ទសឹងតែជាការពិតនោះទេ ប្រសិនបើកូនចង់ទាញប្រយោជន៍ពីអ្នកដទៃ កូននឹងចាញ់ “។

នៅថ្ងៃបន្ទាប់គាត់ក៏បានចម្អិន ២ ចានទៀតដាក់នៅលើតុគឺ មួយមានពងមួយគ្រាប់ និងមួយទៀតមិនមានពងមាន់នៅពីលើដដែល។ ជាថ្មីម្ដងទៀតគាត់បានឲ្យខ្ញុំជ្រើសរើស ដោយធ្លាប់ទទួលបានបទពិសោធម្ដងរួចមកហើយពេលនេះខ្ញុំគិតថាខ្ញុំឆ្លាតជាងមុន ខ្ញុំបានជ្រើសរើសចានដែលគ្មានពងមាន់ពីលើ។ តែអ្វីដែលខ្ញុំទទួលបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារមិនមានពងមាន់សូម្បីតែមួយគ្រាប់នៅបាតចាននោះទេ! ជាថ្មីម្ដងទៀតឪពុកខ្ញុំញញឹមហើយនិយាយថា៖ “កូនអើយ! កូនមិនអាចពឹងផ្អែកលើបទពិសោធន៍ដែលធ្លាប់មានរហូតនោះទេ ពេលខ្លះជីវិតអាចបោកប្រាស់ ឬ លេងល្បែងជាមួយយើងក៏ថាបាន ដូចពាក្យគេនិយាយថាទេវតាពិតជាលេងសើចជាមួយជីវិតនេះណាស់។ ប៉ុន្តែទោះជាយ៉ាងណាកូនមិនត្រូវខកចិត្តនោះទេ ចាត់ទុកថានេះជាមេរៀនដែលកូនបានរៀនទៅចុះ ជាមេរៀនដែលកូនមិនអាចរៀនពីសៀវភៅនៅសាលាបានទេ”។

នៅថ្ងៃទីបីឪពុកខ្ញុំបានចម្អិនមី ២ចាន ម្ដងទៀតដូចទៅនឹងលើកមុនៗ គាត់បានដាក់ចានទាំង ២ នៅលើតុហើយនិយាយមកកាន់ខ្ញុំថា៖ “កូនសំលាញ់! កូនជ្រើសរើសយកទៅ តើកូនចង់បានចានមួយណា? “។ ពេលនោះខ្ញុំបានប្រាប់ឪពុកខ្ញុំថា៖ “ពុកជ្រើសរើសមុនទៅ ព្រោះពុកជាមេគ្រួសារដែលបានលះបង់ធំធេង និងពលីរឿងជាច្រើនដើម្បីគ្រួសារមួយនេះ ” គាត់មិនបានបដិសេធទេហើយបានជ្រើសរើសយកចានដែលមានពងមាន់នៅពីលើ។ នៅពេលខ្ញុំញ៉ាំមី ខ្ញុំប្រាកដក្នុងចិត្តណាស់ថាចានរបស់ខ្ញុំមិនមានពងមាន់នោះទេ តែខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលខ្ញុំបានឃើញពងមាន់ពីរគ្រាប់នៅក្នុងបាតចានរបស់ខ្ញុំ។

ឪពុកខ្ញុំញញឹមដាក់ខ្ញុំដោយក្តីស្រឡាញ់នៅក្នុងភ្នែករបស់គាត់ហើយនិយាយថា ” កូនសំលាញ់របស់ពុក! កូនត្រូវចងចាំថា នៅពេលកូនគិតពីប្រយោជន៍អ្នកដទៃមុននោះ រឿងល្អៗនឹងកើតឡើងចំពោះកូនជានិច្ច!”។

ចាប់តាំងពីពេលនោះមកខ្ញុំតែងតែចងចាំនូវមេរៀនរបស់ឪពុកខ្ញុំទាំង ៣ នេះជានិច្ច មិនថានៅក្នុងការរស់នៅ ឬ ការធ្វើជំនួញ។ ហើយវាពិតជាមិនខុសមែន ព្រោះនៅពេលដែលខ្ញុំគិតពីប្រយោជន៍អ្នកដទៃមុន អាជីវកម្មរបស់ខ្ញុំ គឺទទួលបានជោគជ័យគួរហួសពីការស្មាន៕

អត្ថបទ៖ លីនី
ប្រភព៖ accountancyfuture