បុរសវ័យចំណាស់ជាងគេបំផុតលើពិភពលោក លោក Bob Weighton បានទទួលមរណភាពក្នុងអាយុ ១១២ឆ្នាំ ដោយសារជំងឺមហារីកសួតកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែឧសភាឆ្នាំ ២០២០ នៅឯផ្ទះរបស់គាត់។ លោក Bob Weighton មកពីទីក្រុង Alton រដ្ឋ Hants ត្រូវបានទទួលពានរង្វាន់ពិភពលោកដោយ Guinness World Record កាលពីខែមីនាឆ្នាំនេះ បន្ទាប់ពីមរណភាពរបស់បុរសវ័យចំណាស់ជាងគេជនជាតិជប៉ុនឈ្មោះ Chitetsu Watanabe អាយុ ១១២ ឆ្នាំ។
អតីតគ្រូបង្រៀន និងវិស្វករបានកើតនៅឆ្នាំ ១៩០៨ នៅតំបន់ Hull នៅក្នុងជិវិតដ៏មានអត្ថន័យគាត់បានឆ្លងកាត់ និងជួបរឿងជាច្រើនដូចជា គាត់បានឆ្លងកាត់សង្រ្គាមលោកទាំងពីរសម័យកាល ការកើនឡើង និងការដួលរលំនៃសហភាពសូវៀត និងការបង្កើតអ៉ីនធឺណេត។ គាត់ក៏បានឃើញនាយករដ្ឋមន្រ្តីចំនួន ២៦ នាក់ដែលបានឡើង និងចុះចេញពីតំណែង ហើយក៏បានឃើញព្រះមហាក្សត្រចំនួន ៥ អង្គឡើងគ្រងរាជ្យផងដែរ។

យោងតាមក្រុមគ្រួសាររបស់លោកបានបញ្ជាក់ប្រាប់ថា គាត់ត្រូវគេធ្វើរោគវិនិច្ឆ័យឃើញថា កើតមានដុំសាច់ Pancoast ដែលជាប្រភេទមហារីកសួត ខណៈពួកគេនិយាយថាគាត់មិនដែលជក់បារីទេ។ ពួកគេបន្តថា លោក Bob គឺជាបុរសដ៏អស្ចារ្យម្នាក់ ហើយចំពោះក្រុមគ្រួសារគឺ មិនមែនដោយសារតែអាយុវែងរបស់គាត់នោះទេ គឺគាត់ជាគំរូមួយសម្រាប់យើងទាំងអស់គ្នា គាត់រស់នៅក្នុងជីវិតមួយដែលគួរឲ្យចាប់អារម្មណ៍ និងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់ប្រភេទមកពីទូទាំងពិភពលោក។

លើសពីនេះគាត់បានចាត់ទុកមនុស្សគ្រប់គ្នាជាបងប្អូនប្រុសស្រីរបស់គាត់ ហើយជឿជាក់លើការស្រលាញ់ ការទទួលបាន និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ យ៉ាងណមិញមុនពេលស្លាប់បុរសដែលមានមិត្តច្រើនរូបនេះ បានអាន និងជជែកពីនយោបាយ ទ្រឹស្ដីអេកូឡូស៊ី និងអ្វីៗជាច្រើនទៀតរហូតដល់គាត់ទទួលមរណភាព៕

ប្រភព៖ thesun
អត្ថបទ៖ លីនី


