រឿងអប់រំ៖ អ្នកជំនួញម្នាក់ សុខចិត្តកប់រថយន្តទំនើប Bentley តម្លៃមួយលានដុល្លារគ្មានស្ដាយស្រណោះ តែចុងក្រោយទើបដឹងការពិតថាគាត់ចង់អប់រំពីអ្វី
គំនិតអប់រំ April 18, 2020 Chan Sreyny

រឿងអប់រំ៖ អ្នកជំនួញជនជាតិប្រេស៊ីល Thane Chiquinho Scarpa បានធ្វើការបង្ហោះរូបថតមួយសន្លឹកភ្ជាប់ជាមួយសាររៀបរាប់នៅលើបណ្ដាញសង្គមរបស់ខ្លួនដែលបង្ហាញថា គាត់នឹងកប់រថយន្តទំនើបម៉ូឌែលចុងក្រោយ Bentley តម្លៃមួយលានដុល្លាររបស់ខ្លួន បន្ទាប់ពីគាត់ត្រូវបានបំផុសគំនិតដោយព្រះចៅ ផារ៉ាអុង របស់ប្រទេសអេហ្ស៊ីបដែលបានបញ្ចុះសពជាមួយទ្រព្យសម្បត្តិដោយយល់ឃើញថា ការធ្វើបែបនេះនឹងជួយឲ្យជីវិតនៅជាតិក្រោយកាន់តែប្រសើរឡើង។

សហគ្រិនរូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មនុស្សគ្រប់គ្នាទាំងក្នុង និងក្រៅបណ្ដាញសង្គម ដោយពួកគេទាំងអស់គ្នាមានការភ្ញាក់ផ្អើលចំពោះចេតនារបស់គាត់ ហើយមនុស្សភាគច្រើនបានរិះគន់ទៅលើរូបគាត់ថា គាត់ធ្វើបែបនេះព្រោះដើម្បីគេចពីការបង់ពន្ធលើទ្រព្យសម្បត្តិ ខ្លះថាជាអំពើពុករលួយ។ មិនតែប៉ុណ្ណោះមួយចំនួនទៀតបានគេរិះគន់យ៉ាងខ្លាំងចំពោះកាយវិការហួសហេតុ និងខ្ជះខ្ជាយនូវទំនិញ និងទ្រព្យសម្បត្តិដ៏មានតម្លៃបែបនេះ ហើយបានបញ្ចេញមតិថា ហេតុអ្វីបានជាគាត់មិនបរិច្ចាគរថយន្តដល់សប្បុរសធម៌?

ទាក់ទិននឹងការរិះគន់គ្រប់សព្វបែបយ៉ាង សេដ្ឋីរូបនេះបានឆ្លើយតបនៅក្នុងពិធីកប់រថយន្តយ៉ាងក្បោះក្បាយថា៖ « ប្រជាជនថ្កោលទោសខ្ញុំពីព្រោះខ្ញុំចង់កប់ Bentley តម្លៃមួយលានដុល្លារ តាមពិតមនុស្សភាគច្រើនកប់របស់របរដែលមានតម្លៃជាងឡានរបស់ខ្ញុំទៅទៀត ពួកគេកប់បេះដូង ថ្លើម សួត កែវភ្នែក តម្រងនោម ទាំងនេះគឺមិនសមហេតុផលនោះទេ ព្រោះមានមនុស្សជាច្រើនកំពុងរង់ចាំការវះកាត់ប្តូរសរីរាង្គ ហើយអ្នកកប់សរីរាង្គដែលមានសុខភាពល្អដែលអាចជួយសង្គ្រោះជីវិតមនុស្សជាច្រើន! ”។ គាត់ចង់អប់រំថា មានរបស់មានតម្លៃជាច្រើនដែលថ្លៃជាងឡាននេះហើយយើងបានកប់វាចោលដោយមិនលះបង់សម្រាប់ជីវិតអ្នកដទៃ។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

អត្ថបទ៖ លីនី