លោកមានឈ្មោះពេញថា Rowan Sebastian Atkinson កើតថ្ងៃ ទី៦ ខែមករា ឆ្នាំ១៩៥៥។ កាលពីកុមារភាព គាត់ត្រូវមិត្តភក្តិធ្វើបាប និងចំអកថាគាត់មុខដូច «Alien» ។ លុះធំឡើងក៏ត្រូវបានគេចំអក ដោយសារគាត់ជាមនុស្សនិយាយត្រដិត។ ដោយសារតែបែបនេះហើយទើបលោក Rowan មានការអៀនខ្មាស និងមិនសូវមានមិនភក្តិច្រើននោះទេ។
លោក Rowan ជាសិស្សចូលចិត្តមុខវិជ្ជាវិទ្យាសាស្ត្រ ហើយតែងតែខិតខំរៀនឱ្យបានលទ្ធផលល្អជានិច្ច សូម្បីតែគ្រូក៏សរសើរគាត់ថា គាត់ជាសិស្សឆ្លាតលើមុខវិជ្ជាវិទ្យាសាស្ត្រដែរ។ ក្រោយមកទៀតលោកក៏បន្តថ្នាក់សិក្សានៅសាកលវិទ្យាល័យ Oxford ។

អំឡុងពេលសិក្សានៅ Oxford គាត់ក៏ចាប់អារម្មណ៍លើ «ការសម្តែង» ប៉ុន្តែគាត់មិនអាចសម្តែងបានល្អនោះទេ ដោយសារភាពត្រដិតរបស់គាត់។ គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតខាងវិស្វករអគ្គិសនី ប៉ុន្តែ «ការសម្ដែង» គឺជាអ្វីដែលគាត់ចង់ចាប់អាជីពយក។ ក្រោយមកគាត់ក៏បានចូលរួមជាមួយក្នុងក្រុមកំប្លែង ប៉ុន្តែត្រូវបានប៉ុស្តិ៍ទូរទស្សន៍បដិសេធដោយសារភាពត្រដិតរបស់គាត់។

គាត់មានការឈឺចាប់ជាខ្លាំង ប៉ុន្តែគាត់នៅតែខំតស៊ូរហូតអាចសម្តែងបានដោយនិយាយមិនត្រដិត ប៉ុន្តែយ៉ាងណាគាត់ក៏នៅតែទទួលបានការបដិសេធដោយសាររូបរាងខាងក្រៅរបស់គាត់។ ក្រោយមកគាត់ក៏ធ្វើការឱ្យវិទ្យុ ហើយកន្លងបាន ១០ឆ្នាំ គាត់ក៏អភិវឌ្ឍនចរិតក្រមិចក្រមើមដូចកូនក្មេងរបស់គាត់ (ដូចដែលយើងឃើញក្នុងរឿង Mr. Bean)។

ជីវិតគាត់ចាប់ផ្តើមល្អប្រសើរចាប់ពីពេលនោះមក តួយ៉ាងគាត់បានចាប់ផ្តើមសម្តែងតាមកម្មវិធី និងទូរទស្សន៍ ប៉ុន្តែមិនដែលបញ្ចេញឈ្មោះនោះឡើយ។ ក្រោយមកគាត់ក៏មានកម្មវិធី SHOW ផ្ទាល់ខ្លួន គឺ Mr. Bean នេះ។ រឿង Mr. Bean ក៏ទទួលបានជោគជ័យជាសាកល ហើយគាត់ក៏បានរៀនពីរបៀបដែលធ្វើឱ្យគាត់ឈប់និយាយត្រដិតកំឡុងពេលចាប់អាជីពជាអ្នកសម្ដែង ទោះបីពេលខ្លះវាធ្វើទុក្ខដល់គាត់ក៏ដោយ។ សព្វថ្ងៃគាត់ជាតារាសម្តែងបែបកំប្លែងដ៏ល្បីល្បាញ និងមានទ្រព្យសម្បត្តិ ១៣០លានដុល្លារអាមេរិក មានភរិយា និងកូន ២នាក់។

រឿងរបស់គាត់គឺបានរំឭកដល់យើងថា កុំបោះបង់ចោលនូវក្តីសុបិន្ត។ នៅពេលអ្នកកាន់តែដឹងក្តី អ្នកនឹងបានយល់ថា ពេលខ្លះភាពចៃដន្យអាចជួយតម្រង់ទិសឱ្យអ្នក។ ជាក់ស្តែងដូចជាពេលគាត់ចាប់អារម្មណ៍នឹងការសម្តែង កាលពីពេលគាត់កំពុងតែសិក្សានៅសាកលវិទ្យាល័យ Oxford ផងដែរ៕


អត្ថបទ៖ លីដា


