មហាសេដ្ឋីកាណាដា៖ « កុំចំណាយលុយលើរឿងអស់ទាំងនេះ ប្រសិនបើអ្នកមានបំណុលជាប់​ខ្លួន ព្រោះការសងបំណុលជាគន្លឹះនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុ »
គំនិតអប់រំ April 19, 2022 Khmernote

មហាសេដ្ឋីកាណាដាដែល​ជោគជ័យផ្នែកហិរញ្ញវត្ថុមួយរូបបាននិយាយថា៖ « កុំចំណាយលុយលើភេសជ្ជៈថ្លៃៗដូចជាកាហ្វេ ប្រសិនបើអ្នកជាប់បំណុលក្នុង​ខ្លួន » ហើយនេះគឺជាគន្លឹះនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។ លោក Kevin O’Leary ជាមហាសេដ្ឋីសញ្ជាតិកាណាដា ដែលគ្រប់គ្រងជំនួញផ្ទាល់ខ្លួនផង ជាអ្នកនិពន្ធ អ្នកផលិតកម្មវិធីលើទូរទស្សន៍ផង ហើយក៏ជាអ្នកនយោបាយមួយរូបដែរ។

ជុំវិញការលើកឡើងរបស់ខ្លួនលោក Kevin O’Leary បានពន្យល់ថា ប្រសិនបើអ្នកជាប់បំណុលកម្ចីសិក្សា អ្នកមានបំណុលជាប់ខ្លួន ឬ អ្នកមានគោលដៅក្នុងការទិញរបស់ ឬ ធ្វើរឿងសំខាន់ផ្សេងៗដូចជា ទិញផ្ទះ ជាដើមនោះ អ្នកត្រូវសងបំណុល ឬ ទូទាត់សម្រាប់អ្វីដែលអ្នកចង់បានជាមុនសិន។ អ្នកត្រូវសងបំណុលមុនពេលអ្នកចំណាយ ៤ដុល្លារ លើកាហ្វេមួយកែវ ហេតុអ្វីបានជាអ្នកមិនធ្វើដូច្នេះ?

លោក O’Leary បានបន្ថែមថា បំណុលក៏អាចជាឧបសគ្គដ៏ធំមួយ ក្នុងការឈានទៅរកគោលដៅហិរញ្ញវត្ថុផ្សេងទៀតដូចជា សន្សំសម្រាប់ការចូលនិវត្តន៍ ឬ ត្រៀមទុកសម្រាប់ធ្វើរឿងសំខាន់ៗដូចជា ការទិញផ្ទះជាដើម។ ហើយជាក់ស្ដែង​ វាចាំបាច់ណាស់ក្នុងការសងបំណុល ពីព្រោះការប្រាក់ដែលអ្នកចំណាយលើការខ្ចីប្រាក់អាចមានតម្លៃថ្លៃ ដូច្នេះហើយអ្នកត្រូវលុបចោលការចំណាយទាំងនោះជាមុន បន្ទាប់មកអ្នកនឹងមានលុយគ្រប់គ្រាន់ សម្រាប់ចំណាយខ្ពស់ទៅលើអ្វីដែលអ្នកចង់បាន ប៉ុន្តែមិនមែនរហូតដល់ត្រូវជំពាក់បំណុលគេនោះទេ។

ជាមួយគ្នានេះដែរមហាសេដ្ឋីរូបនេះបានលើកឡើងពីបទពិសោធន៍ខ្លួនផ្ទាល់ ដោយជំនួសឱ្យការចំណាយប្រាក់របស់គាត់ទៅលើរបស់ផ្សេងៗដូចជា កាហ្វេ គឺគាត់ចូលចិត្តវិនិយោគសាច់ប្រាក់បន្ថែម។ គាត់បានលើកឡើងដូច្នេះថា « អ្វីដែលខ្ញុំបានរៀនធ្វើ ហើយអ្វីដែលបានជួយខ្ញុំក្នុងការរក្សាកំណើននៅក្នុងការវិនិយោគផ្ទាល់ខ្លួនរបស់ខ្ញុំ គឺនៅពេលណាដែលខ្ញុំទិញរបស់ដែលខ្ញុំនឹងទិញ ខ្ញុំសួរទៅកាន់ខ្លួនឯងថាតើខ្ញុំពិតជាត្រូវការវាទេ? ព្រោះបើខ្ញុំមិនទិញវា លុយនឹងត្រូវយកទៅវិនិយោគ និងអាចកើនជារៀងរាល់ឆ្នាំដោយមិនលំបាក »៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc