មានន័យណាស់! CEO ក្រុមហ៊ុន Nike សុខចិត្តទម្លាយប្រវត្តិធ្លាប់ជាប់ពន្ធនាគារអស់ជាច្រើនទសវត្ស ព្រោះចង់បង្ហាញពីរឿងមួយនេះកែប្រែការយល់ឃើញរបស់មនុស្សគ្រប់គ្នា
គំនិតអប់រំ បុគ្គលជោគជ័យ April 1, 2022 Khmernote

ជាការពិតណាស់ នៅពេលអ្នកដែលធ្លាប់ជាប់ពន្ធនាគារ តែងត្រូវគេចាត់ទុកថាជាមនុស្សមានប្រវត្តិមិនល្អ ហើយពេលចេញពីការឃុំឃាំងក៏ត្រូវបានគេរើសអើស ដោយសារប្រវត្តិដ៏ខ្មៅងងឹត។ យ៉ាងណាមិញថ្ងៃនេះ សុំលើកយករឿងរ៉ាវរបស់បុរសមួយ​រូប ដែលធ្លាប់ជាប់ពន្ធនាគារជាច្រើនឆ្នាំ ប៉ុន្តែគាត់ជំនះ និងតស៊ូ នឹងការរើសអើងហើយខិតខំរហូតក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនដ៏ធំមួយ ហើយបានក្លាយជាអ្នកតស៊ូមតិ ដើម្បីទាមទារកុំឱ្យរើសអើងអ្នកធ្លាប់ជាប់ពន្ធនាគារ ហើយផ្ដល់ឱកាសឱ្យពួកគេជាថ្មីម្ដងទៀត។

លោក Larry Miller សព្វថ្ងៃគឺជានាយកប្រតិបត្តិក្រុមហ៊ុន Nike’s Jordan Brand ដោយគាត់បានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការឡើងដំណែង និងបង្កើនក្រេឌីតរបស់គាត់នៅក្រុមហ៊ុនដូចជា៖ Campbell Soup, Kraft Foods និង NBA’s Portland Trail Blazers ។

បើយោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយ Sports Illustrated មុនពេលមានតំណែង និងការងារល្អ ដូចសព្វថ្ងៃ លោក Miller ធ្លាប់ជាប់ពន្ធនាគារម្ដងហើយម្ដងទៀតអស់ជាច្រើនទសវត្ស តាំងពីអាយុ ១៦ឆ្នាំ ដោយសារតែអំពើឃាត..កម្ម ការប្ល..ន់ និងបទឧក្រិដ្ឋផ្សេងៗទៀត។ ទោះធ្លាប់មានប្រវត្តិដ៏ខ្មៅងងឹតក៏ដោយក្ដី ក៏មិនមានអ្នកណាចាប់អារម្មណ៍ដែរ នៅពេលដែលគាត់បានឈានជើងចូល និងរីកចម្រើនតាមរយៈពិភពសាជីវកម្ម រហូតដល់ពេលដែលគាត់ និងកូនស្រីរបស់គាត់បានសរសេរ និងបោះពុម្ពសៀវភៅអនុស្សាវរីយ៍ពីជីវិតផ្ទាល់ខ្លួន ដែលមានឈ្មោះថា “Jump: My Secret Journey From the Streets to the Boardroom”។

សៀវភៅនោះត្រូវបានចេញផ្សាយកាលពីដើមឆ្នាំនេះ ដោយលោក Miller សង្ឃឹមថា វាអាចបញ្ជាក់បានថា អតីតអ្នកជាប់ឃុំមានលទ្ធភាពក្នុងការកែខ្លួនឡើងវិញ និងអាចសម្រេចការងារបានជោគជ័យដែរ។ បុរសវ័យ ៧០ឆ្នាំរូបនេះ ក៏បានលើកឡើងថា៖ “គាត់បានជួបមនុស្សដែលឆ្លាតវៃ និងមានគំនិតច្នៃប្រឌិតនៅក្នុងពន្ធនាគារ ដោយទេពកោសល្យ និងសមត្ថភាពរបស់ពួកគេត្រូវបានខ្ជះខ្ជាយនៅទីនោះ។ ដូច្នេះ លោកសង្ឃឹមថា សៀវភៅនោះនឹងធ្វើឱ្យមនុស្សយល់ថា អ្នកធ្លាប់ជាប់គុកអាចរួមចំណែកកសាងភាពរីកចម្រើនបាន ហើយ​កំហុស​របស់​បុគ្គល​នោះ ឬ​កំហុស​ដ៏​អាក្រក់​បំផុត​ដែល​ពួកគេ​ធ្វើ​ក្នុង​ជីវិត​ មិន​គួរណាត្រូវមកបំផ្លាញ​​ជីវិត​ដែល​នៅ​សេសសល់ឡើយ”។

គួរបញ្ជាក់ផងដែរថា ខណៈពេលដែលជាប់ពន្ធនាគារលោក Miller បានបន្តការសិក្សាដោយប្រើជំនួយ Pell ដែលមានសម្រាប់អ្នកទោស ហើយក្រោយមក គាត់បានចូលរៀននៅមហាវិទ្យាល័យ។ ទន្ទឹមនឹងការដោះលែងគាត់ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Temple នៅអាយុ ៣០ឆ្នាំ ហើយបានដាក់ពាក្យធ្វើការជាច្រើនកន្លែង ប៉ុន្តែមិនមានអ្នកយកដោយសារគាត់មិនបានលាក់បាំងប្រវត្តិមិនល្អរបស់ខ្លួន រហូតដល់សព្វថ្ងៃនេះដែលគាត់មានឱកាសបានធ្វើការ និងមានតួនាទីល្អនៅក្រុមហ៊ុន Nike៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc