អ្នកជំនួញហុងកុងដ៏ល្បីឈ្មោះ លី កាស៊ីង គឺជាកំពូលមហាសេដ្ឋីដ៏មានបំផុតនៅក្នុងប្រទេសដែលមានលទ្ធភាពទិញរបស់របរប្រើប្រាស់ទាំងទំនើប និងល្អឥតខ្ចោះបានយ៉ាងច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែនៅពេលដែលអ្នកជំនួញ និងកំពូលអ្នកមានៗជាច្រើនទៀត កំពុងបង្អួតគ្នាពីរបស់ទាំងនោះ មហាសេដ្ឋីវ័យ ៨៨ ឆ្នាំ រូបនេះប្រើប្រាស់នាឡិកាអេកូអេឡិចត្រូនិចដើរដោយថាមពលពន្លឺព្រះអាទិត្យដែលត្រូវបានប៉ាន់ស្មានថាមានតម្លៃត្រឹមតែ ៥០០ ដុល្លារតែប៉ុណ្ណោះ។
ទោះបីស្ថិតក្នុងឋានៈជាមហាសេដ្ឋីជាមួយប្រាក់ពាន់លាន និងក្នុងចំណោមកំពូលអ្នកមានៗក្ដី លោក លី កាស៊ីង មិនដែលមានអារម្មណ៍ថាខ្មាសអៀន ឬ ខ្លាចគេសើចចំអកអំពីរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនគាត់ឡើយ ព្រោះមនុស្សទាំងនោះដឹងពីចរិតគាត់។ ជាមួយគ្នានេះគាត់ថែមទាំងបានពន្យល់ថា មូលហេតុដែលគាត់ពាក់នាឡិកាដៃម៉ាក Seiko ដ៏សាមញ្ញអស់ច្រើនទសវត្សមកនេះគឺ ដោយសារវាផ្ដល់ប្រយោជន៍មិនចាញ់នាឡិកាថ្លៃៗ ទោះបីវាមានតម្លៃថោក ហើយមិនចាំបាច់បញ្ចូលថ្ម ជាពិសេសគាត់មិនចាំបាច់ត្រូវប្រុងប្រយ័ត្នច្រើនជាមួយវា ពោលគឺមានសេរីភាពក្នុងការធ្វើរឿងជាច្រើនដូចជា ហែលទឹក ឬ វាយកូនហ្គោលជាដើម តែប្រសិនបើនាឡិកានោះតម្លៃមួយសែនដុល្លារគាត់នឹងត្រូវប្រុងប្រយ័ត្ន គ្រប់យ៉ាងគ្រប់រឿង៕



អត្ថបទ៖ លីនី
ប្រភព៖ asiaone


