អស្ចារ្យណាស់! លោកយាយជនជាតិជប៉ុនអាយុ ១០០ឆ្នាំបានជាសះស្បើយពីជំងឺកូវីដ១៩ ហើយបានបង្ហើបពីគន្លឹះក្នុងការយកឈ្នះជំងឺនេះ
គំនិតអប់រំ May 13, 2021 Khmernote

លោកយាយជនជាតិជប៉ុនវ័យ ១០០ឆ្នាំម្នាក់ បានជាសះស្បើយពីជំងឺ Covid-19 បន្ទាប់ពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ពេលមួយខែកាលពីដើមឆ្នាំនេះ បាននិយាយថា គន្លឺះក្នុងការយកឈ្នះលើវីរុស Covid-19 គឺត្រូវមានជំនឿថាអ្នកនឹងយកឈ្នះវាបាន។ លោកយាយ Ayako Ito បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារនៅទីក្រុងកំណើតរបស់គាត់ថា៖ “ ក្នុងអំឡុងពេលនៃការព្យាបាល វាមានសារៈសំខាន់ណាស់ក្នុងការជឿទុកចិត្តលើគ្រូពេទ្យ និងយកឈ្នះដោយខ្លួនឯង »។

លោកយាយ Ito ដែលកើតនៅខែមិថុនាឆ្នាំ ១៩២០ បាននិយាយថា គាត់មិនដែលគិតថាគាត់ឆ្លងវីរុសនេះទេ ខណៈលោកយាយអាយុ ១០០ឆ្នាំនេះ មានសុខភាពល្អណាស់ គាត់អាចធ្វើចលនារហ័សរហួន រួមទាំងធ្វើហាត់ប្រាណបានយ៉ាងល្អ បើទោះបីជាគាត់ឈានចូលវ័យ ១០០ឆ្នាំហើយក៏ដោយ ជាពិសេសសូម្បីតែពេលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

គួរឱ្យដឹងថា លោកយាយ Ito បានធ្វើតេស្តរកឃើញវីរុស Covid-19 នៅថ្ងៃទី ១០ ខែមករា ហើយត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពក្នុងខេត្ត Shiga នៅថ្ងៃបន្ទាប់។ ខណៈពេលដែលគាត់ទើបតែក្អកបន្តិចបន្តួចនៅពេលដំបូងមក គាត់ចាប់ផ្តើមក្តៅខ្លួនថ្ងៃទី ៣ ដែលកំដៅឡើងដល់ប្រហែល ៣៨ អង្សាសេ ហើយចាប់ផ្តើមត្រូវការការជំនួយអុកស៊ីសែន។

ប៉ុន្តែលោកយាយ បាននិយាយថាការព្យាបាល គឺមិនមានការឈឺចាប់ទេហើយ ពេលខ្លះលោកយាយភ្លេចថា ខ្លួនកំពុងពាក់អុកស៊ីសែនទៀតផង។ បន្ទាប់ពីការព្យាបាលដោយអុកស៊ីសែនរយៈពេលប្រហែល ២ សប្តាហ៍ និងបានបញ្ចប់ការព្យាបាល រួមទាំងការធ្វើតេស្តរកវីរុសជាថ្មី លោកយាយ Ito ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនៅថ្ងៃទី ៥ ខែកុម្ភៈ៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews