លោកតាជនជាតិឥណ្ឌាអាយុ៧០ឆ្នាំ ប្រើចបកាប់ ជីកប្រឡាយតែម្នាក់ឯងជិត ៣០ឆ្នាំ ដើម្បីនាំប្រភពទឹកចូលភូមិដែលជួបគ្រោះរាំងស្ងួតខ្លាំង, ដំបូងៗអ្នកភូមិសើចចំអក​ ឥលូវអ្នកភូមិចាត់ទុកថា “ជាវីរៈបុរសក្នុងភូមិ”
គំនិតអប់រំ November 11, 2020 Khmernote

ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាមួយរូបត្រូវបានអ្នកភូមិសើចចំអក រួមទាំងមិនទទួលបានការគាំទ្រពី ប្រពន្ធ និងកូន នៅពេលដែលរូបគាត់បានសម្រេចចិត្ត​ជីកប្រឡាយតែម្នាក់ឯង ដោយប្រើចបកាប់។ លោក Loungi Bhuiya ដែលមានទីលំនៅក្នុងភូមិ Kothilawa ស្រុក Gaya រដ្ឋ Bihar ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌាដែលជួបគ្រោះរាំងស្ងួតខ្លាំង បានតាំងចិត្តជីកប្រឡាយតែម្នាក់ឯងដោយប្រើចបកាប់ ដើម្បីសម្រេចក្ដីសុបិន្តរបស់គាត់ដែលមនុស្សគ្រប់គ្នាយល់ថា ជាការស្រមើស្រមៃជ្រុលហើយមិនអាចកើតឡើង និងនាំយកប្រភពទឹកទៅភូមិសម្រាប់ប្រើប្រាស់។

យោងតាមការចុះផ្សាយរបស់ IndiaTV បុរសវ័យចំណាស់ Bhuiya បានយកគំរូតាមបុរសដែលមានឈ្មោះ Dashrath Manjh ដែលត្រូវបានគេតាំងនាមឲ្យថា « Mountain Man » ក្រោយបុរសរូបនេះបានប្រើញញួរ និងដែកបន្ទះជីកផ្លូវឆ្លងកាត់ភ្នំនៅភូមិ Gehlaur ពីឆ្នាំ ១៩៦០ ដល់ ១៩៨២ ដោយប្រើពេល ២២ឆ្នាំ។

នៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera លោក Bhuiya បាននិយាយថា៖ « ខ្ញុំបានលឺពី Dashrath Manjh ហើយខ្ញុំគិតថា គាត់អាចធ្វើបាន ហេតុអ្វីខ្ញុំមិនអាចធ្វើបាន? »។ បុរសជនជាតិឥណ្ឌារូបនេះបានរៀបរាប់បន្តថា អ្នកគ្រប់គ្នាគិតថាខ្ញុំឆ្កួត ដែលខ្ញុំប្ដេជ្ញាចិត្តជីកប្រឡាយដើម្បីនាំយកប្រភពទឹកចូលក្នុងភូមិ។ បើតាមការឲ្យដឹងពីលោកមេភូមិ Vishnupat Bhokta គាត់បានសំរេចចិត្តជីកប្រឡាយមួយពីប្រភពទឹកធម្មជាតិមួយនៅក្នុងព្រៃ Bagetha Sahwasi ដែលជាធម្មតាអ្នកភូមិបានយកគោរបស់ពួកគេទីនោះដើម្បីផ្គត់ផ្គង់ទឹករហូតដល់ភូមិ លោក Bhuiya ស្គាល់ប្រភពទឹកច្បាស់ ហើយគាត់ដឹងថាអាចគ្រប់គ្រាន់សម្រាប់ស្រោចស្រពដីកសិកម្មរបស់អ្នកភូមិ។

ដូច្នេះហើយលោក Bhuiya មិនបានបោះបង់ចោលការតាំងចិត្តរបស់គាត់ទេ គាត់ខិតខំជីកជារៀងរាល់ថ្ងៃដោយចបកាប់ ដើម្បីធ្វើឲ្យប្រឡាយប្រវែង​ ៣​គីឡូម៉ែត្រលេចរូបរាងឡើង នាំយកប្រភពទឹកសម្រាប់អ្នកភូមិ និងកូនប្រុសរបស់គាត់ ប្រើប្រាស់ និងស្រោចស្រពដំណាំ កសិកម្មបាន គ្រប់គ្រាន់​ ទោះបីជាមានការលួងលោមពីក្រុមគ្រួសារ និងអ្នកភូមិដទៃទៀតហាមគាត់មិនឲ្យធ្វើបែបនោះក៏ដោយ។ ហើយទីបំផុត ក្រោមការខិតខំអស់ជិត ៣០ឆ្នាំ គាត់បានសម្រេចគោលដៅរបស់ខ្លួន ដោយអ្នកភូមិកំពុងទទួលបាន​អត្ថប្រយោជន៍ពីផ្លែផ្កានៃកម្លាំងពលកម្មរបស់គាត់។

បច្ចុប្បន្នលោក Loungi Bhuiya មានវ័យ ៧០ឆ្នាំ ត្រូវបានអ្នកភូមិចាត់ទុកថា ជាវីរៈបុរសក្នុងភូមិ ហើយក្រោយទទួលបានជោគជ័យ​​ល្បីល្បាញ​ក្នុង​តំបន់ លោក Bhuiya បានទទួល​ត្រាក់ទ័រថ្មីមួយ ជារង្វាន់សម្រាប់ការខិតខំរបស់គាត់ សម្រាប់​ពង្រីក​ប្រឡាយទឹក​របស់ខ្លួន​បន្ថែមទៀត៕

អត្ថបទ៖ លីនី
ប្រភព៖ goodnewsnetwork