បុរសម្នាក់សុខចិត្តប្រើជីវិតជាកសិករធ្វើស្រែ ចំការ កណ្ដាលទីប្រជុំជន ក្រោយមិនព្រមលក់ដីឲ្យអ្នកអភិវឌ្ឍន៍អាគារ និងផ្ទះល្វែង
គំនិតអប់រំ September 14, 2020 Chan Sreyny

កសិករម្នាក់ដែលបានបដិសេធមិនលក់ដីរបស់គាត់នៅជាយក្រុង ឡុបលីន នៃប្រទេសប៉ូឡូញ ដល់អ្នកអភិវឌ្ឍន៍អាគារ និងផ្ទះល្វែងនៅតែបន្តប្រមូលផលដំណាំរបស់គាត់ដោយប្រើត្រាក់ទ័រ បើទោះបីជានៅជុំវិញហ៊ុមព័ន្ធដោយអាគារខ្ពស់ក៏ដោយ។ ការប្រមូលផលពីកសិដ្នានរបស់បុរសរូបនេះបានបង្ក ការភ្ញាក់ផ្អើលរបស់អ្នកជិតខាងថ្មីរបស់គាត់។

បើតាមប្រភពពីអ្នកស្រុកដែលរស់នៅក្នុងទ្រនំស៊ីវីល័យនៅក្នុងទីក្រុងបានឲ្យដឹងថា​ នៅពេលដែលម្ចាស់ដីភាគច្រើននៅក្នុងតំបន់នោះបានលក់ដីស្រែរបស់ពួកគេទៅឱ្យអ្នកអភិវឌ្ឍន៍អគារលំនៅដ្ឋាន កសិករម្នាក់បានបដិសេធមិនព្រមលក់ និងសាងសង់ដូចម្ចាស់ដីឯទៀតនោះទេ ដូច្នេះអគារ ផ្ទះល្វែង ត្រូវបានសាងសង់នៅជុំវិញទ្រព្យសម្បត្តិរបស់គាត់ ហើយគាត់នៅតែបន្តធ្វើកសិកម្មជារៀងរាល់ឆ្នាំ។

ខណៈពេលជាយក្រុងដែលកំពុងឆ្ពោះទៅរកការអភិវឌ្ឍន៍បែបសម័យទំនើប​ តែបែរជាមានវាលស្រែ វាល ពោត សម្លេងត្រាក់ទ័រភ្ជួររាស់បែបនេះ យើងអាចស្រម៉ៃបានថា ប្រជាជននៅទីនោះប្រាកដជា ធុញទ្រាន់ ត្អូញត្អែរដែលរស់នៅជាប់ចំការកសិកម្មបែបនេះ។ ប៉ុន្តែអ្វីៗមិនដូចនេះទេ ប្រជាជនរស់នៅទីនោះ សប្បាយរីករាយ និងកោតសរសើរយ៉ាងខ្លាំងដល់កសិករម្នាក់នេះ។

ជាក់ស្ដែងភាគច្រើននៃអ្នកដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មានក្នុងស្រុកបាននិយាយថា ពួកគេស្វាគមន៍ចំពោះទស្សនៈដ៏អស្ចារ្យរបស់កសិករម្នាក់នេះ ហើយសង្ឃឹមថានឹងនៅតែបន្តអភិវឌ្ឍកសិកម្មរបស់គាត់តាមដែលអាចធ្វើទៅបាន។ យ៉ាងណាមិញអ្នកជិតខាងម្នាក់បាននិយាយថា៖ « មនុស្សមួយចំនួននឹងមានទស្សនៈផ្សេងពីនេះ ជាក់ស្ដែងដូចកូនស្រី​របស់គាត់ គឺនាងចាប់អារម្មណ៍តែអាគារខ្ពស់ៗ និងផ្សារទំនើបប៉ុណ្ណោះ »។

ទន្ទឹមនឹងនេះអ្នកជិតខាងម្នាក់ទៀតបានបញ្ចេញយោបល់ថា៖ « ក្នុងនាមជាអ្នកស្រុកខ្ញុំអាចនិយាយបានថា វាមិនរំខានដល់យើងទាល់តែសោះ ហើយមានទិដ្ឋភាពបែបនេះនៅខាងក្រៅបង្អួច ប្រសើរជាងការព័ទ្ធជុំវិញដោយអគារ និង​បេតុង »។ នៅពេលដែលអគារលំនៅដ្ឋានថ្មីៗ កំពុងរំលោភបំពានដីស្រែនៅជាយក្រុង ឡុបលីន ហើយដោយសារស្ថានភាពនេះកំពុងកើនឡើង មនុស្សគ្រប់គ្នានៅតំបន់ព្យាយាមអភិវឌ្ឍដំណាំរបស់ពួកគេឲ្យបានល្អ៕

អត្ថបទ៖ លីនី
ប្រភព៖ odditycentral