មនុស្សកុំមើលងាយមនុស្ស! កូនកសិកររកស៊ីផលិតត្រាក់ទ័រ ដោយសារការមាក់ងាយខំប្រឹងប្រែងរហូតបង្កើតបានក្រុមហ៊ុនផលិតរថយន្តទំនើប Lamborghini តម្លៃរាប់លានដុល្លារនាពេលបច្ចុប្បន្ន
គំនិតអប់រំ July 27, 2020 Chan Sreyny

មិនមានមនុស្សច្រើនទេដែលដឹងថា ក្រុមហ៊ុនផលិតរថយន្តទំនើប Lamborghini តម្លៃរាប់លានដុល្លារនាពេលបច្ចុប្បន្នផ្ដើមចេញពីក្រុមហ៊ុនផលិតត្រាក់ទ័រ។ មូលហេតុនៃការផ្លាស់ប្ដូរពីយានយន្តកសិកម្មទៅជារថយន្តទំនើបបណ្ដាល​មកពីជម្លោះប្រឆាំងជាមួយនឹងលោក Enzo Ferrari ដែលជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តស្ព័រអ៉ីតាលីលំដាប់ខ្ពស់។

Ferrucio Lamborghini គឺជាបុរសសាមញ្ញម្នាក់ដែលកើតក្នុងគ្រួសារដែលប្រកបរបរដាំផ្លែទំពាំងបាយជូរដើម្បីចិញ្ចឹមជីវិត តែដោយសារចំណេះដឹង និងចំណាប់អារម្មណ៍ខាង​មេកានិចរបស់គាត់ នៅទីបំផុតបាននាំឲ្យគាត់ឈានជើងរកស៊ីធ្វើត្រាក់ទ័រ។ ក្នុងអំឡុងសង្រ្គាមលោកលើកទី២ ទិន្នផលឧស្សាហកម្មរបស់ប្រទេសអ៉ីតាលីភាគច្រើនទាក់ទងនឹងតម្រូវការសង្រ្គាម ដោយមិនយកចិត្តទុកដាក់លើតម្រូវការផ្សេងទៀតដូចជា ឧបករណ៍កសិកម្មឡើយ។ នេះជាមូលហេតុដែលបន្ទាប់ពីសង្គ្រាម និងដោយសារតែគំនិតផ្តួចផ្តើមកំណែទម្រង់ក្រោយសង្គ្រាម ការផលិតត្រាក់ទ័ររបស់ Ferrucio បានក្លាយជាការពេញនិយម និងរកចំណូលបានច្រើន។

ខណៈដែលអាជីវកម្មកំពុងដំណើរការល្អ ប៉ុន្មានឆ្នាំក្រោយមកគាត់បានចាប់ផ្ដើមបង្កើតក្រុមហ៊ុនផ្សេងៗថែមទៀតដែលជា ក្រុមហ៊ុនផលិតម៉ាស៊ីនកម្តៅដោយប្រេង និងម៉ាស៊ីនត្រជាក់។ ជាមួយគ្នានេះបន្ទាប់ពីរកស៊ីកាក់កបទៅៗ Ferrucio Lamborghini បានទិញឡានម៉ាក Ferrari ដោយសារគាត់ចូលចិត្តឡានប្រភេទនេះ ហើយជំនាន់នោះ រថយន្ត Ferrari គឺជាម៉ាករថយន្តដែលមានកិត្យានុភាព ហើយស័ក្កិសមបំផុតសម្រាប់អ្នកដែលទទួលបានជោគជ័យ និងអ្នកមានអំណាច។​

គាត់បានធ្វើដំណើរទៅកាន់ Maranello ដើម្បីទិញរថយន្តម៉ាក Ferrari 250GT ហើយបន្ទាប់ពីបានកាន់កាប់វាអស់មួយរយៈមកគាត់បានកត់សម្គាល់ឃើញថា អំប្រាយ៉ា របស់ឡាននេះអន់មិនមាំទាល់តែសោះ ហើយបែករហូតដែលបង្ខំឲ្យគាត់យកឡានត្រលប់ទៅជួសជុលនៅ Maranello ម្តងហើយម្តងទៀត។ នៅពេលយកឡានទៅជួសជុលលើកចុងក្រោយ Ferrucio បានប្រាប់ទៅកាន់អ្នកបង្កើតរថយន្ត Ferrari លោក Enzo Ferrari ហើយបានប្រកែកគ្នាថា ត្រាក់ទ័ររបស់គាត់មានអំប្រាយ៉ាល្អជាងឡានម៉ាក Ferrari ទៅទៀត។

លោក Enzo Ferrari ដែលមានមោទនភាពលើរថយន្តរបស់ខ្លួន បានបដិសេធការត្អូញត្អែររបស់ Ferrucio ដោយគិតថា ត្រឹមតែជាកសិករតូចទាបម្នាក់ គ្មានអ្វីមិនយល់ និងចេះប្រើប្រាស់ប្រព័ន្ធរបស់រថយន្ត Ferrari របស់គាត់នោះទេ។ ហើយនេះគឺជាអ្វីដែលជំរុញឱ្យ Ferrucio Lamborghini សម្រេចឈានជើងចូលក្នុងអាជីវកម្មរថយន្ត។

ដោយសារថា Ferrucio Lamborghini គឺជាសហគ្រិនឆ្លាតគាត់បានដឹងច្បាស់ពីរបៀបដែលគាត់អាចលក់ និងរកប្រាក់ចំណេញចេញពីរថយន្តរបស់គាត់ ហើយអាចប្រកួតប្រជែងជាមួយគូប្រជែងរបស់គាត់ដែលដើរមុនគាត់នៅក្នុងវិស័យរថយន្ត គឺលោក Enzo Ferrari។ ចំណេះដឹងផ្នែកមេកានិចរបស់គាត់បានផ្តល់ឱ្យគាត់នូវគំនិតនៃអ្វីដែលរថយន្ត Ferrari ខ្វះខាត គឺគុណភាពផ្ទៃខាងក្នុងល្អប្រសើរ និងដំណើរការខ្ពស់ដោយមិនធ្វើឱ្យខូចដល់ដំណើរការ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺសមាសធាតុភាគច្រើនដែលត្រូវបានប្រើនៅក្នុងឡាន Lamborghini របស់គាត់គឺដូចគ្នានឹងគ្រឿងបន្លាស់ដែលបានប្រើនៅក្នុងត្រាក់ទ័ររបស់គាត់ដែរ។

សព្វថ្ងៃនេះ Lamborghini គឺជាក្រុមហ៊ុនផលិតរថយន្តដែលមានការប្រកួតប្រជែងខ្លាំងដែលទើបតែមានប្រជាប្រិយភាពដូចរថយន្ត Ferrari ។ ក្រុមហ៊ុននេះកំពុងផលិតរថយន្តទាន់សម័យណាស់ ជាមួយនឹងការសន្ទុះដែលមានឥទ្ធិពលខ្លាំង។ ដូច្នេះមេរៀននៃរឿង គឺមិនត្រូវមើលងាយនរណាម្នាក់ឡើយ ប្រសិនបើមានតែ Enzo Ferrari បានបន្ទាបមោទនភាពបន្តិច ក្រុមហ៊ុនរបស់គាត់នឹងមិនមានគូរប្រកួតប្រជែងដ៏ខ្លាំងនាពេលបច្ចុប្បន្ននេះទេ៕

អត្ថបទ៖ លីនី
ប្រភព៖ carmodelslist