អប់រំ៖ ឪពុកម្នាក់បានផ្ដល់ឡានមួយគ្រឿងដល់កូនប្រុសរបស់ខ្លួនបន្ទាប់ពីកូនបញ្ចប់ការសិក្សាដោយបាននិយាយទៅកាន់កូនថា៖ « នេះគឺជាឡានដែលពុកបានទិញអស់ជាច្រើនឆ្នាំមកហើយ ដូចនេះវាមានអាយុកាលច្រើនណាស់ ហើយពុកនឹងឲ្យវាទៅកូន ព្រោះកូនបានបញ្ចប់ការសិក្សាហើយទទួលបានលទ្ធផលល្អទៀត »។ ប៉ុន្តែមុនពេលឪពុកឲ្យឡានទៅកូនប្រុសនោះ គាត់បានឲ្យកូនប្រុសយកឡាននោះទៅឃ្លាំងលក់រថយន្តនៅតំបន់ដែលពួកគេរស់នៅ ដោយឲ្យកូនប្រាប់ពួកគេថា ខ្ញុំចង់លក់រថយន្តមួយនេះ ហើយចាំមើលគេឲ្យតម្លៃប៉ុន្មាន?
មិនបង្អង់យូរ កូនប្រុសបានយកឡាននោះទៅឃ្លាំងលក់ ហើយត្រលប់មកវិញប្រាប់ឪពុកថា៖ « ពួកគេបានឲ្យថ្លៃឡាននេះចំនួន ១,០០០ ដុល្លារ ព្រោះគេថាវាមើលទៅខូចខាតច្រើនណាស់ »។ បានដឹងចម្លើយពីកូនហើយ ឪពុកក៏ឲ្យកូនយកទៅហាងបញ្ចាំ។
កូនប្រុសក៏យកទៅហាងបញ្ចាំហើយក៏មកប្រាប់ឪពុកខ្លួនថា៖ « ហាងបញ្ចាំគេឲ្យត្រឹមតែ ១០០ដុល្លារទេពុក ព្រោះឡាននេះចាស់ពេក »។ បន្ទាប់ពីដឹងចម្លើយម្ដងទៀត ឪពុកបានឲ្យកូនប្រុសយកឡាននោះទៅកន្លែងទទួលទិញរថយន្តគ្រប់ប្រភេទ។ កូនប្រុសបានយករថយន្ដទៅកន្លែងលក់ហើយត្រឡប់មកប្រាប់ឪពុកវិញថា៖ « អ្នកនៅទីនោះមួយចំនួន បានឲ្យតម្លៃដល់ខ្ញុំ ១០ ម៉ឺនដុល្លារសម្រាប់រថយន្តមួយនេះ ព្រោះពួកគេនិយាយថា វាជារថយន្តម៉ាក Nissan Skyline R34 ដែលជារថយន្ដល្បីមួយដែលមនុស្សជាច្រើនកំពុងតាមរក »។
បន្ទាប់ពីបានលឺហើយ ឪពុកបាននិយាយទៅកាន់កូនប្រុសរបស់គាត់ថា៖ « ពុកចង់ឲ្យកូនដឹងថា កន្លែងដែលត្រឹមត្រូវ នឹងមើលឃើញ ហើយផ្ដល់តម្លៃឲ្យកូនជាមួយផ្លូវដ៏ល្អមួយ »។
ដំបូន្មាននៃរឿង៖ ប្រសិនបើអ្នកមិនត្រូវបានគេឲ្យតម្លៃទេ សូមកុំខឹង ព្រោះវាមានន័យថាអ្នកកំពុងស្ថិតនៅកន្លែងខុស។ អ្នកត្រូវចាំថា មនុស្សដែលដឹងពីគុណតម្លៃអ្នក គឺជាមនុស្សដែលកោតសរសើរអ្នក ហើយមិនស្ថិតនៅកន្លែងដែលគ្មាននរណាម្នាក់មើលឃើញពីគុណតម្លៃរបស់អ្នកឡើយ៕

អត្ថបទ៖ លីនី


