ហេតុផល ៥ យ៉ាងដែលបង្ហាញថា មហាវិទ្យាល័យដែលអ្នកកំពុងរៀន និងសញ្ញាប័ត្រមិនអាចកំណត់ពីអ្នកបានទេ
គំនិតអប់រំ May 9, 2020 Chan Sreyny

ជាការពិតណាស់មនុស្សជាច្រើនឲ្យតម្លៃទៅលើការសិក្សា ជាពិសេសគឺសញ្ញាប័ត្រក្នុងថ្នាក់មហាវិទ្យាល័យ ដែលពួកគិតថារៀនចប់សាកលវិទ្យាល័យ ទទួលបានសញ្ញាប័ត្រអាចរកការងារធ្វើបានល្អ និងទទួលបានប្រាក់ខែខ្ពស់។ ការគិតបែបនោះវាមិនមែនជារឿងខុសឆ្គងទេ តែយើងគួរស្វែងយល់ឲ្យបានច្រើនជាងនេះ ថាតើសញ្ញាប័ត្រចេញពីសាលាល្បីៗ ឬ សាលាធម្មតាមានតម្លៃដូចម្ដេចខ្លះ? ហើយសញ្ញាប័ត្រទាំងនោះអាចដឹកនាំជីវិតយើងដោយរបៀបណាទៅថ្ងៃអនាគត?

យ៉ាងណាមិញខាងក្រោមនេះជាហេតុផលចំនួន ៥ ដែលបង្ហាញថាសញ្ញាប័ត្រថ្នាក់មហាវិទ្យាល័យមិនអាចកំណត់ពីអ្នកបានទេ៖

១.ស្វែងយល់ពីការចំណាយពិតនៃការអប់រំថ្នាក់បរិញ្ញាបត្រ៖ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចចូលរៀនថ្នាក់មហាវិទ្យាល័យ ហើយគ្រប់គ្នាដែលចូលរៀនក៏មិនប្រាកដថាមានលទ្ធភាពរៀននៅសាលាល្អៗ ថ្លៃៗ ព្រោះតែជីវភាព។ ប៉ុន្តែឪពុកម្ដាយ និងកូនៗគ្រប់រូបកំពុងគិតថាការចំណាយថ្លៃដើមនៃការសិក្សាថ្នាក់បរិញ្ញាបត្រនឹងជួយឲ្យជីវិតរបស់ពួកគេល្អប្រសើរបន្ទាប់ពីរៀនចប់ ៤ឆ្នាំ។ បើតាម Brian Morris អ្នកសម្របសម្រួលទំនាក់ទំនងជាមួយ DirectTextbook.com និយាយថា រឿងមួយដែលជាទូទៅត្រូវបានមើលរំលងដោយសិស្ស និងឪពុកម្តាយរបស់ពួកគេ គឺការចំណាយលើបំណុលសិក្សា ដោយមហាវិទ្យាល័យកាន់តែថ្លៃ និស្សិតកាន់តែមានបំណុលជាប់ខ្លួនច្រើនបន្ទាប់ពីរៀនចប់។ គាត់និយាយថាការសន្សំប្រាក់លើថ្លៃដើមនៅមហាវិទ្យាល័យអាចជួយឱ្យនិស្សិតបញ្ចប់ការសិក្សា ជៀសវាងអន្ទាក់ហិរញ្ញវត្ថុដែលធ្វើឱ្យមានការលំបាក ឬមិនអាចទៅរួចក្នុងការកាន់កាប់ផ្ទះ ទិញឡាន ឬវិនិយោគលើអាជីវកម្មបន្ទាប់ពីបញ្ចប់ការសិក្សា។

២.មនុស្សជោគជ័យកើតចេញពីគ្រប់មជ្ឈដ្ឋាន៖ ជាការពិតណាស់មហាសេដ្ឋី អ្នកជោគជ័យជាច្រើន សុទ្ធតែបោះបង់ចោលការសិក្សានៅមហាវិទ្យាល័យ ហើយខ្លះបានក្លាយជាសេដ្ឋីទាំងដែលមិនទាន់បានបញ្ចប់ការសិក្សាទៀតផង។ ដូច្នេះនេះជាភស្តុតាងដែលបង្ហាញថា ភាពជោគជ័យរបស់អ្នកមិនពឹងផ្អែកទៅលើមហាវិទ្យាល័យដែលអ្នកចូលរៀននោះទេ។

៣.ពិនិត្យលើការជ្រើសរើសមុខជំនាញនៅមហាវិទ្យាល័យ៖ ក្នុងនាមជាអ្នកយុទ្ធសាស្រ្តអាជីពនៅមហាវិទ្យាល័យលោកស្រី Elizabeth Venturini ជួយឪពុកម្តាយនិងនិស្សិតផ្តោតលើលទ្ធផលនៃការទទួលបានការអប់រំនៅមហាវិទ្យាល័យ គឺការងារបន្ទាប់ពីបញ្ចប់ការសិក្សា។ គន្លឹះសំខាន់ៗសម្រាប់និស្សិតដែលចូលរៀននៅមហាវិទ្យាល័យ គឺជ្រើសរើសមុខវិជ្ជានៅមហាវិទ្យាល័យដែលនឹងផ្តល់នូវជំនាញ និងការងារដែលអាចរកទីផ្សារបានច្រើនបំផុតបន្ទាប់ពីបញ្ចប់ការសិក្សា ដែលពួកគេអាចមានលទ្ធភាពក្នុងការចំណាយ និងជ្រើសរើសកម្មវិធីនៅមហាវិទ្យាល័យ មិនត្រឹមតែឈ្មោះមហាវិទ្យាល័យនោះទេ។

៤.ជោគជ័យពិតប្រាកដ គឺជាអ្វីដែលអ្នកធ្វើដើម្បីជួយអ្នកដទៃ៖ ភាពជោគជ័យពិតប្រាកដ គឺអាស្រ័យលើអ្វីដែលអ្នកអាចបន្ថែមតម្លៃដល់ពិភពលោកនេះ ហើយតើអ្នកប្រើប្រាស់ជីវិតមួយនេះជួយដល់រឿងអ្វីខ្លះ។ លោកបណ្ឌិត Sudiksha Joshi និងជាស្ថាបនិកនៃ WeAreAlwaysLearning.com បានមានប្រសាសន៍ថា៖ « រឿងទាំងពីរនេះ មិនដែលតម្រូវឲ្យអ្នកត្រូវបង្ហាញពីកម្រិតនៃសញ្ញាប័ត្ររបស់អ្នកទេ ហើយមិនមែនទាល់តែមានសញ្ញាបត្រទើបអ្នកអាចធ្វើបានដូចគ្នា »។

៥. សញ្ញាប័ត្រមហាវិទ្យាល័យមិនបានកំណត់តម្លៃរបស់អ្នកទេ៖ លោកបណ្ឌិត Sudiksha Joshi បានបញ្ជាក់ថា៖ « ប្រសិនបើអ្នកអនុញ្ញាតឱ្យកន្លែងដែលអ្នករកបានសញ្ញាប័ត្រដើម្បីកំណត់តម្លៃរបស់អ្នក អ្នកនឹងតែងតែស្នើសុំការអនុញ្ញាត ហើយអ្នកមិនដឹងពីសក្តានុពលពិតរបស់អ្នកទេ »។ អ្នកគួរ​គិត និងសួរខ្លួនឯងថា តើអ្នកចង់បានអ្វីពីជីវិតរបស់អ្នក? ខណៈដែល Joshi បាននិយាយថា៖ « មនុស្សភាគច្រើនចង់បានសេរីភាព ធ្វើការជ្រើសរើសដោយខ្លួនឯង និងរស់នៅតាមលក្ខខណ្ឌផ្ទាល់ខ្លួន »​។ ដូច្នេះបើអ្នកយល់ស្រប អ្នកគួរគិតពីរបៀបដែលអ្នកអាចតម្លើងតម្លៃផ្ទាល់ខ្លួនរបស់អ្នកដោយមិនផ្អែកលើសញ្ញាប័ត្រ៕

ប្រភព៖ goalcast
អត្ថបទ៖ លីនី