ចិនប្រមូលក្រដាសប្រាក់ជាច្រើនកម្ទេចចោល ហើយបោះពុម្ពថ្មីជាង ៨៥ពាន់លានដុល្លារ ដោយសារខ្លាចមានវីរុសកូរ៉ូណាឆ្លងតាមលុយ
ហិរញ្ញវត្ថុ February 18, 2020 Khmernote

ចិន៖ ធនាគារកណ្តាលចិននៅក្នុងតំបន់ Guangzhou គ្រោងនឹងកម្ទេចក្រដាស់ប្រាក់មួយចំនួនចោលដោយសង្ស័យថា ក្រដាសប្រាក់ទាំងនោះអាចមានមេរោគ COVID-19 និងអាចចម្លងទៅកាន់មនុស្សបានពេលគេប្រើប្រាស់លុយទាំងនោះ។ បើយោងតាមសារព័ត៌មាន South China Moring Post បានបញ្ជាក់ថា ធនាគារចិនមួយនេះមានឈ្មោះថា People’s Bank of China’s (PBOC) ដែលមានសាខានៅក្នុងក្រុង Guangzhou ដែលជាទីក្រុងធំបំផុតលំដាប់ទី ៣ នៅក្នុងប្រទេសចិន។

ប្រភពខាងលើបានបន្តថា លុយទាំងនោះគឺជាលុយដែលមានប្រភពមកពីមន្ទីរពេទ្យ ផ្សារលក់របស់សើម និងសេវារថយន្តក្រុងសាធារណៈ។ បើតាមលោក Fan Yifei អភិបាលរងនៃធនាគារកណ្តាលរបស់ចិនបានឲ្យដឹងថា ក្រដាសប្រាក់ថ្មីចំនួន ៦០០ ពាន់លានយ័ន (ប្រហែល៨៥,៦ ពាន់លានដុល្លារ) ត្រូវបានចែកចាយពាសពេញប្រទេសចាប់តាំងពីថ្ងៃទី១៧ ខែមករា ដោយក្នុងនោះមានក្រដាសប្រាក់ថ្មីចំនួន ៤ ពាន់លានយ័ន (៥៧២ លានដុល្លារ) ត្រូវបានផ្ញើទៅវូហាន ដែលជាកន្លែងនៃការផ្ទុះមុនពេលបុណ្យចូលឆ្នាំថ្មី។

ធនាគារកណ្តាលចិនបានឲ្យដឹងថា ជាទូទៅខាងធនាគារប្រើសីតុណ្ហភាពខ្ពស់ឬពន្លឺកាំរស្មីអ៊ុលត្រាវីយូ ដើម្បីបំលែងសាច់ប្រាក់ ហើយរក្សាទុករូបិយប័ណ្ណនេះអស់រយៈពេលជាង ១៤ ថ្ងៃមុនពេលដាក់ចរាចរនៅលើទីផ្សារ។

សូមបញ្ជាក់ថា ការកម្ទេចលុយរបស់ធនាគារខាងលើមិនមែនជាការដុតបំផ្លាញលុយចោលតែម្តងនោះទេ គ្រាន់តែគេកម្ទេចលុយចាស់ហើយបោះពុម្ពលុយថ្មីឡើងវិញក្នុងចំនួនដដែល៕

ប្រភព៖ South China Moring Post
អត្ថបទ៖ ភក្តី