លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា ការដាក់ចេញធនប័ត្រប្រភេទ ២០០០០០ រៀល នឹងមិនប៉ះពាល់ដល់ចំនួនរូបិយវត្ថុ ដែលកំពុងចរាចរក្នុងសេដ្ឋកិច្ចកម្ពុជានោះទេ
ហិរញ្ញវត្ថុ October 16, 2024 Khmernote

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី​ ២០០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។

ស្របពេលជាមួយគ្នានោះដែរ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានពន្យល់ពីខ្លឹមសារបច្ចេកទេសនៃការចេញផ្សាយ និងដាក់ឱ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី នេះ ដោយបានលើកឡើងដូច្នេះថា៖ «ការដាក់ចេញធនប័ត្រប្រភេទ ២០០០០០រៀលនៅថ្ងៃនេះ នឹងមិនប៉ះពាល់អ្វីទៅដល់ចំនួនរូបិយវត្ថុដែលមាននៅក្នុងចរាចរនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងទេ »។

លោកជំទាវបណ្ឌិត បានពន្យល់បន្ថែមថា៖ « មានការព្រួយបារម្ភកន្លងមកនៅពេលដែលធនាគារជាតិនៃកម្ពុជា ដាក់ចេញនៅប្រភេទធនប័ត្រថ្មី ថា ធនាគារជាតិនៃកម្ពុជា ឬ ក៏រាជរដ្ឋាភិបាលខ្វះលុយ អ៉ីចឹងហើយបានជាត្រូវបោះផ្សាយលុយដាក់ឱ្យប្រើប្រាស់បន្ថែម ខ្ញុំសូមជម្រាបថា ការដាក់ចេញនូវធនប័ត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែលយើងបានដកចេញពីចរាចរណ៍ នេះបានន័យថា កន្លងមកនៅពេលដែលធនាគារជាតិនៃកម្ពុជា បានដាក់ធនប័ត្រ នៅក្នុងចរាចរ ធនប័ត្រនោះតែងតែមានការចាស់ទក់រហែក ជារឿងធម្មតា ការប្រើប្រាស់ដោយដៃសើម ជួនកាលប៉ះពាល់ដី ជួនកាលត្រូវក្ដៅខ្លាំង ឬ ក៏អាចមានរហែក ឬក៏មានសរសេរប៊ិចនៅលើហ្នឹង ដូច្នេះហើយរាល់ពេលធនាគារជាតិប្រមូល ប្រភេទក្រដាសប្រាក់នេះចូលមកធនាគារជាតិវិញ តាមរយៈការបង់ប្រាក់ ចូលពីសាធារណៈជន តាមសាខាធនាគារជាតិនៃកម្ពុជា តាមរយៈយន្តការ ឬក៏យុទ្ធនាការនៃការស្រលាញ់ប្រាក់រៀល ដែលកន្លងមកធនាគារជាតិនៃកម្ពុជា តែងតែធ្វើឡើងនៅតាមទីរួមខេត្តមួយចំនួន ដើម្បីផ្លាស់ប្ដូរ​ ក្រដាស់ចាស់ ទក់រហែក ជាមួយនឹងក្រដាសថ្មី គឺក្រដាសប្រាក់ទាំងនោះ យើងនឹងយកទៅធ្វើស្រាវជ្រើស ហើយស្រាវជ្រើសនេះ គឺបានន័យថា ជ្រើសរើសថាតើ ប្រភេទក្រដាសប្រាក់ណា ដែលចាស់ដែរប៉ុន្តែអាចដាក់ចូលទៅប្រើប្រាស់ទៅក្នុងចរាចរសេដ្ឋកិច្ចឡើងវិញ ហើយប្រភេទក្រដាសណាដែលយើងត្រូវយកទៅកាត់ ឬ ដុតចោល ដូច្នេះនៅពេលដែលយើងសម្រេចថា ក្រដាសប្រាក់នោះមិនអាចដាក់ចូលទៅក្នុងចរាចរវិញបាន គឺទី១ យើងត្រូវយកទៅ កាត់ជាកំណាត់តូចៗ បន្ទាប់មកគឺយើងយកទៅដុតចោល នៅឡរបស់ធនាគារជាតិនៃកម្ពុជា ហើយចំនួនដែលកាត់ និងដុតនោះ គឺយើងដឹងច្បាស់ថា មានទំហំប៉ុន្មាន ហើយយើងនឹងជំនួសនូវទំហំទឹកលុយដែលយើងដុតនឹង ដោយក្រដាសប្រាក់ថ្មី ជួនកាលការជំនួសនោះ គឺថា បើយើងកាត់ក្រដាសមួយម៉ឺនយើងជំនួសដោយក្រដាសមួយម៉ឺន យើងកាត់ក្រដាស ៥០០រៀល យើងជំនួសដោយក្រដាស ៥០០រៀល ក៏ប៉ុន្តែយើងអាចជំនួសដោយប្រភេទ ក្រដាសប្រាក់ថ្មី ប៉ុន្តែទំហំ បរិមាណសរុប ត្រូវឱ្យស្មើគ្នា ប៉ុន្តែយើងអាចប្ដូរប្រភេទធនប័ត្របាន »។

គួរបញ្ជាក់ផងដែរថា បើតាមការលើកឡើងរបស់ លោកជំទាវបណ្ឌិត រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញនូវក្រដាសប្រាក់ ប្រភេទ ២០០០០០រៀល ចំនួន ២០លានសន្លឺក ដើម្បីអបអរសាទរ ខួប ២០ឆ្នាំ នៃការគ្រងរាជសម្បត្តិ ព្រះករុណាព្រះបាទសម្ដេចព្រះបរម នាថ នរោត្តម សីហមុនី។ ក្រដាសប្រាក់នេះ ជាប្រភេទក្រដាសប្រាក់អនុស្សារីយ៍ ជាប្រភេទក្រដាសប្រាក់ Collection ដែលនឹងចេញផ្សាយតែ ២០លានសន្លឹកតែប៉ុណ្ណោះ។ សូមស្ដាប់វីដេអូនៅខាងក្រោម៖

អត្ថបទ៖ លីនី