យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រាក់រៀលខ្មែរ ត្រូវបានដាក់បញ្ជូលទៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន។
ធនាគារជាតិនៃកម្ពុជា បានចូលរួមពិធីកាត់ខ្សែបូសម្ភោធដាក់បញ្ចូលប្រាក់រៀលក្នុង តារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម គីមទី កោមលី អគ្គនាយកប្រតិបត្តិការនៃធនាគារជាតិនៃកម្ពុជា និង លោក Cameron Hume នាយកផ្នែកលក់ដុំសកល និងជាអគ្គនាយកប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Travelex និងវត្តមានភ្ញៀវកិត្តិយស ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
វត្តមាននៃប្រាក់រៀលជាលើកដំបូងនៅប្រទេសជប៉ុននេះ នឹងជួយសម្រួលទេសចរជប៉ុនដែលមកទស្សនា ប្រទេសកម្ពុជាឱ្យមានកន្លែងប្ដូរយកប្រាក់រៀលបានដោយងាយស្រួល ព្រមទាំងជួយជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនជាងមុន។ សំខាន់ជាងនេះទៀត វត្តមានប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដូចជា នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀល អាចជួញដូរជាលក្ខណៈអន្តរជាតិ ព្រមទាំងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្ត និងការទទួលស្គាល់ប្រាក់រៀល កាន់តែទូលំទូលាយកម្រិតពិភពលោក។ នេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សា ស្ថិរភាពប្រាក់រៀលក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។
គួរបញ្ជាក់ថា នេះជាលើកទីពីរហើយដែលធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមហ៊ុន Travelex ក្នុងការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីបានដាក់បញ្ចូលនៅបញ្ជរក្នុងអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៣។ នៅពេលខាងមុខ ធនាគារជាតិនៃកម្ពុជា នឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិជាច្រើនទៀតនៅលើពិភពលោក។
ក្រុមហ៊ុន Travelex ជាក្រុមហ៊ុនប្តូរប្រាក់ធំលំដាប់អន្តរជាតិបានបង្កើតនៅឆ្នាំ១៩៧៦ មានការិយាល័យកណ្តាល នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។ បច្ចុប្បន្នក្រុមហ៊ុន Travelex មានទីតាំងអាជីវកម្មនៅប្រទេសចំនួន២០ និងមាន បញ្ជរប្តូរប្រាក់ចំនួន ១.១០០ កន្លែងនៅក្នុងអាកាសយនដ្ឋានអន្តរជាតិធំៗ ផ្សារទំនើប និងអគារពាណិជ្ជកម្មល្បីៗជាច្រើនកន្លែងលើពិភពលោក៕
ប្រភព៖ ក្រសួងព័ត៌មាន