២ទសវត្សរ៍ចុងក្រោយ ទំហំនៃការចរាចរណ៍ប្រាក់រៀលក្នុងទីផ្សារកម្ពុជា បានកើនឡើងជាលំដាប់ជាមធ្យម ១៥% ក្នុង១ឆ្នាំ
ហិរញ្ញវត្ថុ March 20, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទំហំនៃការចរាចរណ៍ប្រាក់រៀលក្នុងទីផ្សារកម្ពុជាបានកើនឡើងជាលំដាប់ជាមធ្យម ១៥% ក្នុង១ឆ្នាំ នាអំឡុង២ទសវត្សរ៍ចុងក្រោយ ខណៈដែលឥណទាននិងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងឱកាសខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ មណ្ឌលសិក្សាបច្ចេកទេសធនាគារ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោម យោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានមានលំនឹងឡើងវិញប្រកបដោយ ទំនុកចិត្ត តែកម្រិតដុល្លារូបនីយកម្មបានកើនឡើងរហូតដល់កម្រិតជាង ៦០% នាចុង ទសវត្សរ៍ឆ្នាំ១៩៩០ និងដល់ប្រមាណ ៨០% នាចុងទសវត្សរ៍ឆ្នាំ២០០០។

ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចបានបើកលទ្ធភាពឱ្យរាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជាដាក់ចេញនូវនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្តបន្ទាប់តាមរយៈយន្តការទីផ្សារ ដោយបានស្តារទំនុកចិត្តលើប្រាក់រៀលនិងបង្កើតឧបករណ៍រូបិយវត្ថុជាប្រាក់រៀល។ ជាលទ្ធផល ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ជាមធ្យម ១៥% ក្នុង១ឆ្នាំ នាអំឡុង ២ទសវត្សរ៍ចុងក្រោយ ខណៈដែលឥណទាននិងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា។

ទោះយ៉ាងណាកិច្ចខិតខំប្រឹងប្រែងកន្លងមកបានត្រឹមតែទប់ស្កាត់ដុល្លារូបនីយកម្មមិនឱ្យកើនឡើងតទៀតប៉ុន្តែមិនទាន់អាចបន្ថយកម្រិតដុល្លារូបនីយកម្មនៅឡើយទេ។នៅត្រង់ចំណុចនេះ មេរៀនប្រវត្តិសាស្ត្របានបង្ហាញថាការបាត់បង់ទំនុកចិត្តលើប្រាក់រៀល អាចកើតឡើងក្នុងរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញគឺជាការលំបាក ហើយ ទាមទារនូវពេលវេលានិងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័នសាធារណៈ ក្រុមហ៊ុន- សហគ្រាស ប្រជាជនទូទៅ និងភាគីពាក់ព័ន្ធទាំងអស់។ ម៉្យាងទៀត ឆ្លងកាត់ការជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចធំៗកន្លងមក បានបង្ហាញថាកម្ពុជាត្រូវការពង្រឹងការប្រើប្រាស់ប្រាក់រៀល ដែលអាចរួមចំណែកជួយការពារ ក៏ដូចជាស្តារសេដ្ឋកិច្ចពីវិបត្តិ ដោយហេតុថា ការប្រើប្រាស់ ប្រាក់រៀលទូលំទូលាយនឹងជួយឱ្យកម្ពុជាមានអធិបតេយ្យនិងឯករាជ្យក្នុងការអនុវត្តនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ជាពិសេសនយោបាយរូបិយវត្ថុ ដែលអាចជួយដល់ការជំរុញការវិនិយោគ និងការប្រើប្រាស់ក្នុងស្រុកតាមរយៈការជួយបន្ថយ ឬបង្កើនអត្រាការប្រាក់នៅលើទីផ្សារ និងការបញ្ចេញសន្ទនីយភាពទៅក្នុងសេដ្ឋកិច្ច។ ដូចដែលប្រទេសមួយចំនួនធំបានអនុវត្ត ក្នុងវិបត្តិហិរញ្ញវត្ថុសកលនិងវិបត្តិកូវីដ-១៩ ធនាគារកណ្តាលបានបន្ទាបអត្រាការប្រាក់គោល ដើម្បីបន្ថយអត្រាការប្រាក់នៅលើទីផ្សារ និងបានចាក់បញ្ចូលសាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ច ក្នុងគោលដៅជំរុញសកម្មភាពសេដ្ឋកិច្ច។ ជាថ្មីម្តងទៀត ការធ្វើដូច្នេះបានទាល់តែធនាគារ កណ្តាលអាចគ្រប់គ្រងការប្រើប្រាស់នយោបាយរូបិយវត្ថុប្រកបដោយប្រសិទ្ធភាព គឺនៅពេល រូបិយវត្ថុជាតិត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។

ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជាបានខិតខំ សម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់។ ក្នុងចំណោមវិធានការ នានា ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុង ការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និង ចំណាយតិច។ ជាលទ្ធផល ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិច ត្រូនិកបានកើនឡើង ៤៤% ធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់ អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣,១%។ លើសពីនេះ ធនាគារជាតិ នៃកម្ពុជាក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ដើម្បីឱ្យ ប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀលអាចទូទាត់តាមប្រព័ន្ធយ្យអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។ ការតភ្ជាប់នេះក៏បានអនុញ្ញាតឱ្យទេសចរ បរទេសអាចទូទាត់តាមរយៈហ្សូអរកូដ (QR code) នៅតាមហាងទំនិញនានានៅកម្ពុជា ដែលហាងទាំងនោះនឹងទទួលបានការទូទាត់នេះជាប្រាក់រៀល។ បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជា ចិន និងឥណ្ឌា ជាដើម។

ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាបានជំរុញការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធ ធនាគារ តាមរយៈការដាក់ចេញបទប្បញ្ញត្តិ ដែលមានលក្ខណៈអំណោយផលដល់ការប្រើប្រាស់ ប្រាក់រៀល រួមមាន ការយកកម្រៃសេវាលើប្រតិបត្តិការជាប្រាក់រៀលទាបជាងរូបិយប័ណ្ណ បរទេស ការតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានឥណទានជាប្រាក់រៀលយ៉ាងតិច ១០% នៃឥណទានសរុប និងវិធានការមួយចំនួនផ្សេងទៀត ដូចជា ការបញ្ចេញសន្ទនីយភាព ជាប្រាក់រៀលតាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងការ សម្រួលដល់ការគ្រប់គ្រងសន្ទនីយភាពជាប្រាក់រៀលនៅក្នុងប្រព័ន្ធធនាគារ ដែលទាំងអស់ នេះបានជួយកាត់បន្ថយថ្លៃដើម និងសម្រួលដល់ប្រតិបត្តិការជាប្រាក់រៀលរបស់គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ។

ម៉្យាងទៀត ធនាគារជាតិនៃកម្ពុជាបានខិតខំប្រឹងប្រែងជាប្រចាំក្នុងការលើកកម្ពស់ ការយល់ដឹងរបស់សាធារណជនពីសារៈសំខាន់នៃប្រាក់រៀល។ យើងបានបង្កើតឱ្យមាន សារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដែលនៅទីនោះមានការអត្ថាធិប្បាយយ៉ាង ក្បោះក្បាយអំពីទំនាក់ទំនងរវាងរូបិយវត្ថុជាមួយស្ថាប័ននិងសង្គម និងប្រវត្តិសេដ្ឋកិច្ច- នយោបាយនៅកម្ពុជាក្នុងអំឡុងជាងពីរពាន់ឆ្នាំមកនេះ។ ខ្ញុំក៏សូមលើកទឹកចិត្តឱ្យក្រសួង- ស្ថាប័ន គ្រឹះស្ថានសិក្សា ក្រុមហ៊ុន-សហគ្រាស និងសាធារណជនចូលរួមទស្សនាស្វែងយល់ ពីប្រវត្តិរូបិយវត្ថុនិងសេដ្ឋកិច្ចរបស់កម្ពុជានៅសារមន្ទីរ ស.ស.រ។ ទន្ទឹមនេះ ធនាគារជាតិនៃ កម្ពុជាក៏បានរៀបចំសិក្ខាសាលានិងកម្មវិធីផ្សព្វផ្សាយពីប្រាក់រៀលនៅតាមបណ្តាខេត្ត ដើម្បី បញ្ហាបស្មារតីស្រឡាញ់ប្រាក់រៀល និងលើកកម្ពស់ការចូលរួមរបស់សាធារណជនឱ្យងាកមក ប្រើប្រាស់រូបិយវត្ថុជាតិឱ្យកាន់តែច្រើនជាងមុន៕

ប្រភព៖ ក្រសួងព័ត៌មាន