កម្ពុជា និងម៉ាឡេស៊ី ចុះ MoU អនុញ្ញាតឱ្យចាប់ផ្តើមទូទាត់ប្រាក់រវាងប្រទេសទាំងពីរ តាមរយៈ QR Code ខណៈកន្លែងលក់រាយប្រមាណ ៥លានទីតាំង នឹងទទួលបានអត្ថប្រយោជន៍ពីការទូទាត់នេះ
ហិរញ្ញវត្ថុ February 27, 2024 Khmernote

ធនាគារកណ្ដាលរបស់កម្ពុជា និងម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ដែលនេះនឹងអនុញ្ញាតប្រជាពលរដ្ឋម៉ាឡេស៊ីអាច​ទូទាត់ប្រាក់ដោយស្កេន QR Code នៅ​កម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជា ក៏អាចធ្វើការទូទាត់ដោយស្កេន (QR Code) នៅក្នុងប្រទេសម៉ាឡេស៊ីវិញផងដែរ។ ជាមួយគ្នានេះ ពាណិជ្ជករទូទាត់រាយនៃប្រទេសទាំងពីរ ដែលទទួលយកការទូទាត់តាម ឃ្យូអរកូត ប្រមាណ ៥លានទីតាំង រាប់បញ្ចូលទាំងអាជីវកម្មខ្នាតតូចផង នឹងទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការណ៍នេះ។

អនុស្សារណៈយោគយល់គ្នាខាងលើនេះ ត្រូវបានចុះហត្ថលេខាដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ​លោក Abdul RasheedGhaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំទ្វេភាគី អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមការសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា អនុស្សរណៈយោគយល់នេះត្រូវបានរៀបចំឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពបន្ថែមទៀត សំដៅផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះ មានវិសាលភាពគ្របដណ្ដប់លើទម្រង់ជាច្រើនក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់នៃប្រទេសទាំងពីរ រាប់បញ្ចូលទាំងការតភ្ជាប់ការទូទាត់ក្នុងស្រុក រវាងប្រទេសប្រទេសទាំងពីរ ដើម្បីបើកលទ្ធភាពដល់ការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត។

ការណ៍នេះ នឹងផ្ដល់នូវភាពងាយស្រួលដល់ ប្រជាពលរដ្ឋ​ម៉ាឡេស៊ីអាចធ្វើការទូទាត់ដោយស្កេនឃ្យូអរកូត (QR Code) នៅក្នុងប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាក៏អាចធ្វើការទូទាត់ដោយស្កេន ឃ្យូអរកូត នៅក្នុងប្រទេសម៉ាឡេស៊ីទៅវិញទៅមកផងដែរ ដោយប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ ព្រមទាំងបានជួយគាំទ្រដល់យន្តការកិច្ចសហការត្រួតពិនិត្យ ការទូទាត់ឆ្លងដែន ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។ លើសពីនេះទៅទៀត អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍របស់ប្រទេសទាំងពីរ ព្រមទាំងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ ពាណិជ្ជករទូទាត់រាយនៃប្រទេសទាំងពីរ ដែលទទួលយកការទូទាត់តាម ឃ្យូអរកូត ប្រមាណ ៥លានទីតាំង រាប់បញ្ចូលទាំងអាជីវកម្មខ្នាតតូចផង នឹងទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការណ៍នេះ៕

អត្ថបទ៖ លីនី