ធនាគារជាតិកណ្តាលនៃកម្ពុជា ស្នើគ្រឹះស្ថានធនាគារឯកជន និងហិរញ្ញវត្ថុទាំងអស់ជួយប្តូរក្រដាក់ ប្រាក់រៀលចាស់ ទក់ រហែកដល់ពលរដ្ឋ ដោយឥតគិតថ្លៃ ជាពិសេសពលរដ្ឋនៅតំបន់ដាច់ស្រយាល
ហិរញ្ញវត្ថុ March 25, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិកណ្តាលនៃកម្ពុជា ស្នើឱ្យគ្រឹះស្ថានធនាគារឯកជន និងហិរញ្ញវត្ថុទាំងអស់ជួយប្តូរក្រដាស ប្រាក់រៀល ដែលមានលក្ខណៈចាស់ ទក់ រហែក ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាជំរុញដល់ការស្រឡាញ់ និងប្រើប្រាស់ប្រាក់រៀលកម្ពុជាឱ្យបានច្រើន ខណៈការសិក្សាស្រាវជ្រាវ បានបង្ហាញថា ការប្រើដុល្លារូបនីយកម្មនៅកម្ពុជាមានការខាតបង់។ ធនាគារជាតិកណ្តាលនៃកម្ពុជា អះអាងថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជួយពង្រឹងអធិបតេយ្យជាតិនិងការកសាង សង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។

ឯកឧត្តម ឈឹម ច័ន្ទកុសល អគ្គបេឡារងធនាគារជាតិកណ្តាលនៃកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសចូលរួមកម្មវិធីផ្សព្វផ្សាយស្តីពី«ប្រាក់រៀល និងប្រព័ន្ធបាគង» នៅផ្សារទំនើប ខេម៉ល វេងស្រេង កាលពីថ្ងៃទី២៤ ខែមីនា ថា សាធារណជនអាចប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក បានដោយឥតគិតថ្លៃ នៅតាមគ្រឹះស្ថានធនាគារទាំងអស់។

ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះ យើងបានស្នើសុំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ជួយប្តូរក្រដាសប្រាក់ចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមចុងកាត់មាត់ញក(តំបន់ដាច់ស្រយាល)។

ប្រជាពលរដ្ឋអាចទៅកាន់ទីតាំងសាខាគ្រឹះស្ថានធនាគារពាណិជ្ជ និងហិរញ្ញវត្ថុណាមួយដែលនៅជិត ដើម្បីធ្វើការប្តូរក្រដាសប្រាក់រៀលដែលមានលក្ខណៈចាស់ ទក់ រហែក ហើយឥឡូវនេះ ធនាគារជាតិកំពុងតែបង្កើនកម្រិតនៃក្រដាសប្រាក់ថ្មីល្អឱ្យបានច្រើន នៅលើទីផ្សារប្រទេសកម្ពុជា។ អ៊ីចឹងបានយើងឱ្យគ្រឹះស្ថានធនាគារទាំងអស់ ជួយសហការគ្នាប្រមូលក្រដាសប្រាក់រៀលចាស់ ទក់ រហែក យកទៅទុកឱ្យបានច្រើន»។

សូមបញ្ជាក់ថា ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងការសិក្សាស្រាវជ្រាវលើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្នុងការទូទាត់ប្រាក់ឈ្នួលនៅក្នុងវិស័យកាត់ដេរសម្លៀក បំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។ ការស្រាវជ្រាវបានរកឃើញថា កម្មករមានចំណូលជាប្រាក់ដុល្លារអាមេរិក ប៉ុន្តែការចំណាយប្រចាំថ្ងៃ និងផ្ញើប្រាក់ទៅកាន់គ្រួសារភាគច្រើនជាប្រាក់រៀលប្រមាណជាង៨០ភាគរយ ដែលបញ្ហានេះនាំឱ្យកម្មករមានការខាតបង់ពេលវេលា និងប្រាក់កាសដោយសារការប្តូរប្រាក់៕

ប្រភព៖ ក្រសួងព័ត៌មាន