វ៉ារ្យ៉ង់ថ្មី “អូមីក្រុង” បង្កើនការភ័យខ្លាចថ្មីសម្រាប់សេដ្ឋកិច្ចពិភពលោកដែលរងគ្រោះដោយជំងឺរាតត្បាតដែលមិនទាន់នឹងងើបឡើងវិញស្រួលបួល
សេដ្ឋកិច្ច November 30, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា មេរោគកូវីដបំលែងថ្មី Omicron កំពុងបង្កការព្រួយបារម្ភថ្មីមួយទៀតសម្រាប់សេដ្ឋកិច្ចសេដ្ឋកិច្ចពិភពលោកដែលរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ-១៩ ស្រាប់។ ខណៈពេលដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញពីការវាយលុកនៃនៃជំងឺរាតត្បាត សេដ្ឋកិច្ចពិភពលោកក៏បានទទួលរងនូវផលប៉ះពាល់មួយទៀតពីវ៉ារ្យ៉ង់ថ្មីនេះ ដែលបាននាំឱ្យមានការរឹតបន្តឹងការធ្វើដំណើរជាថ្មីម្ដងទៀត។

បើតាមសារព័ត៌មានដដែល ភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនឹងអាស្រ័យលើថា តើវ៉ារ្យ៉ង់នេះមានគ្រោះថ្នាក់ប៉ុណ្ណា និងថាតើការចាក់វ៉ាក់សាំងដែលមានស្រាប់មានលក្ខណៈល្អប៉ុណ្ណា។ លោក Gregory Daco ប្រធានសេដ្ឋវិទូនៅ Oxford Economics បាននិយាយថា ផលប៉ះពាល់សេដ្ឋកិច្ចអាចមាន “តិចតួច” នៅក្នុងលំដាប់នៃ ០.២៥% លើកំណើនសកលនៅឆ្នាំ២០២២ ប្រសិនបើ វ៉ារ្យង់ថ្មី Omicron “មានរោគសញ្ញាស្រាល” ហើយវ៉ាក់សាំង “មានប្រសិទ្ធភាព” ។

ប៉ុន្តែបើសិនជា វ៉ារ្យង់ថ្មី Omicron បង្ហាញពីគ្រោះថ្នាក់ខ្លាំង ហើយតំបន់ដ៏ធំនៃពិភពលោកត្រូវជាប់គាំងម្តងទៀត កំណើនឆ្នាំ២០២២ អាចធ្លាក់ចុះមកនៅត្រឹមប្រហែល ២.៣% បើធៀបនឹង ៤.៥% ដែលរំពឹងទុកដោយ Oxford Economics មុនពេលការប្រែប្រួលលេចឡើង។

ប្រធានសេដ្ឋវិទូនៅ Oxford Economics បានបន្ថែមទៀតថា នៅក្នុង សេណារីយ៉ូបែបនេះ វាមិនប្រាកដទេថា រដ្ឋាភិបាលដែលបានបញ្ចេញជំនួយរាប់ពាន់លានដុល្លារចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតរាតត្បាតមក នឹងមានឆន្ទៈក្នុងការដាក់បញ្ចូលកញ្ចប់ជំរុញសារពើពន្ធបន្ថែមទៀត ជាពិសេសប្រសិនបើមានវ៉ាក់សាំង។

ទន្ទឹមនឹងនេះ Erik Lundh សេដ្ឋវិទូនៅក្រុមប្រឹក្សាសន្និសិទបាននិយាយថា រឿងទាំងនោះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងអាកប្បកិរិយារបស់មនុស្ស។​ ជាក់ស្ដែងនៅពេលដែលវ៉ារ្យង់ថ្មីនេះ ខ្លាំងខ្លា រដ្ឋាភិបាលនឹងដាក់ចេញវិធានការបិទខ្ទប់ក្នុងការទប់ទល់នឹងជំងឺថ្មីនេះ ការភ័យខ្លាចនៃការឆ្លងអាចនាំឱ្យមនុស្សកំណត់ការធ្វើដំណើរ និងសកម្មភាពសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ ដូចជាទៅភោជនីយដ្ឋាន និងកាត់បន្ថយការប្រើប្រាស់ដែលនឹងជះឥទ្ធិពលដល់កំណើន ហើយហានិភ័យមួយទៀតគឺភាពធ្ងន់ធ្ងរនៃវិបត្តិសង្វាក់ផ្គត់ផ្គង់សកល និងកង្វះកម្លាំងពលកម្ម។

គួរបញ្ជាក់ផងដែរថា មេរោគបំលែងថ្មី Omicron ត្រូវបានបានរាយការណ៍ទៅអង្គការសុខភាពពិភពលោក រកឃើញជាលើកដំបូងនៅអាហ្រ្វិកខាងត្បូងកាលពីសប្តាហ៍មុន មេរោគថ្មីនេះបានរីករាលដាលយ៉ាងឆាប់រហ័សគ្រប់ទីកន្លែងពីទ្វីបអាហ្រ្វិកទៅកាន់ប៉ាស៊ីហ្វិក និងពីអឺរ៉ុបទៅប្រទេសកាណាដា ដែលបណ្តាលឱ្យប្រទេសរាប់សិបប្រកាសការរឹតបន្តឹងការធ្វើដំណើរ។ Omicron បានបង្កឱ្យមានការថប់បារម្ភច្រើនជាងប្រភេទផ្សេងទៀតចាប់តាំងពីការលេចឡើងនៃ Delta ដែលមានការឆ្លងច្រើនជាងប្រភេទមុនរួចទៅហើយ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia