ម៉ាឡេស៊ី សំណូមពរឱ្យកម្ពុជាផលិតអង្ករផ្ការំដួល និងសែនក្រអូប ឱ្យបានកាន់តែច្រើនថែមទៀត ដោយសន្យាថានឹងនាំក្រុមហ៊ុននាំចូលអង្កររបស់ម៉ាឡេស៊ីនានា មកកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ
សេដ្ឋកិច្ច May 1, 2024 Khmernote

ប្រទេសម៉ាឡេស៊ី សំណូមពរឱ្យប្រទេសកម្ពុជាផលិត អង្ករផ្ការំដួល និង សែនក្រអូប បានកាន់តែច្រើនថែមទៀតដោយបានសន្យាថានឹងដឹកនាំក្រុមហ៊ុននានាដែលជាក្រុមហ៊ុននាំចូលអង្ករ មកទស្សនកិច្ចសិក្សាដល់រោងម៉ាស៊ីនស្រូវនៅកម្ពុជាបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ។

បើតាមការបង្ហោះរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ការសំណូមពររបស់ភាគីម៉ាឡេស៊ីខាងលើនេះ ត្រូវបានលើកឡើងនៅក្នុងឱកាសចុះទស្សនកិច្ចរឹតចំណងសាមគ្គីភាពបន្ថែមទៀតរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយ ក្រុមហ៊ុនរដ្ឋប្រទេសម៉ាឡេស៊ី Padiberas Nasional Bhd (BERNAS) ដែលជាក្រុមហ៊ុនផ្តាច់មុខលើការនាំចូល និងក្រុមហ៊ុនទទួលចែកចាយបន្តនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រីកសក្តានុពលនៃការនាំចេញបន្ថែមទៀតនូវអង្ករកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ថ្មីៗនេះ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសធំទី៥ ដែលប្រទេសម៉ាឡេស៊ីបាននាំចូលអង្ករក្នុងចំណោមប្រទេសទាំង១២។ សម្រាប់ប្រទេសកម្ពុជា អង្ករពូជស្រូវផ្ការំដូល និងសែនក្រអូប គឺជាអង្ករដែលល្អសម្រាប់ទីផ្សារប្រទេសនេះ ហើយភាគីប្រទេសម៉ាឡេស៊ី សូមសំណូមពរឱ្យប្រទេសកម្ពុជាផលិតអង្ករប្រភេទនេះឱ្យបានកាន់តែច្រើនថែមទៀត ហើយភាគីប្រទេសម៉ាឡេស៊ី សន្យានឹងដឹកនាំក្រុមហ៊ុននានាដែលជាក្រុមហ៊ុននាំចូលអង្ករ មកទស្សនកិច្ចសិក្សាដល់រោងម៉ាស៊ីនស្រូវនៅកម្ពុជាបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ ជាពិសេសនៅក្នុងខែកញ្ញា ជារដូវប្រមូលផលស្រូវមិនប្រកាន់ដូវវគ្គទី២ ផងដែរ។

ទន្ទឹមនឹងនេះដែរ ប្រទេសម៉ាឡេស៊ី ជាប្រទេសធំទី៣ ដែលកម្ពុជាបាននាំចេញប្រចាំឆ្នាំមានបរិមាណប្រមាណជាជាង ៥ម៉ឺនតោន ដែលអង្ករទាំងនោះគី ៩៥%ជាអង្ករក្រអូប (អង្ករផ្ការំដួល និង សែនក្រអូប)។ ប្រទេសម៉ាឡេស៊ីបានលើកឡើង និងកោតសរសើរអំពីគុណភាពអង្ករកម្ពុជា ដែលប្រជាជនប្រទេសម៉ាឡេស៊ីចាប់ផ្តើមពេញនិយម និងកំពុងប្រើប្រាស់មានកំណើនជាមធ្យមជាង ១០% ប្រចាំឆ្នាំ។ ជាក់ស្តែងឆ្នាំ២០២៣ ធ្វើការនាំចូលប្រមាណជា ៥១ ១៨៤ តោន ដែលគិតជាទឹកប្រាក់មានចំនួន ជាង ៣៦ លានដុល្លារសហរដ្ឋអាមេរិក៕

ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា