ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
សេដ្ឋកិច្ច July 16, 2026 Khmernote

នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោក Fu Laifa បានគោរពជម្រាបជូនសម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនជាសហគ្រាសកម្មន្តសាលឈានមុខមួយ ក្នុងការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រួមមាន៖ ថ្នាំសម្លាប់សត្វល្អិត,សាប៊ូបោកខោអាវ, ក្រដាសអនាម័យ និងសម្ភារៈផ្ទះបាយជាច្រើនប្រភេទទៀត។ ជាមួយគ្នានោះ, លោក Fu Laifa បានគោរពជម្រាបជូនបន្ថែមថា ដោយមើលឃើញពីសក្កានុពលដ៏រឹងមាំរបស់កម្ពុជា, ក្រុមហ៊ុនមានបំណងបោះទុនវិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាជំរុញលើកទឹកចិត្តដល់ការផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលទាំងស្រុងពីក្រៅប្រទេស ដែលការណ៍នេះ គឺស្របគ្នាទៅនឹងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការវិនិយោគលើការបង្កើតខ្សែច្រវាក់ផលិតកម្មសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ លើសពីនេះទៅទៀត, ប្រសិនបើគម្រោងវិនិយោគនេះទទួលបានជោគជ័យ និងរីកចម្រើន, ក្រុមហ៊ុនមិនត្រឹមតែអាចឆ្លើយតបនឹងតម្រូវការទីផ្សារកម្ពុជានោះទេ ប៉ុន្តែថែមទាំងអាចឈានទៅដល់ការនាំចេញផលិតផលសម្រេចរបស់ខ្លួនទៅកាន់ទីផ្សារបណ្ដាប្រទេសនានាក្នុងតំបន់ ថែមទៀតផង។

ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីប្រែក្លាយបំណងវិនិយោគនេះឱ្យលេចចេញជារូបរាងជាក់ស្ដែងនៅកម្ពុជា៕ ប្រភព៖ ក្រសួងព័ត៌មាន