មូលហេតុមួយដែលអ្នកគួរមានគណនីនៅធនាគារ ២ រឺច្រើនជាងនេះ ក្នុងសម័យឌីជីថល
ហិរញ្ញវត្ថុ November 25, 2021 Khmernote

សម័យឌីជីថល កាន់តែជឿនលឿនជាពិសេសវិស័យធនាគារកំពុងតែបានពង្រីកខ្លួនកាន់តែខ្លាំង តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធធនាគារតាមបែបឌីជីថល ហើយវាក៏កំពុងតែពេញនិយមខ្លាំងនៅក្នុងសម័យបច្ចុប្បន្ននេះដូចគ្នា ដោយសារតែវាចំណាយពេលវេលាតិចជាងមុនក្នុងការធ្វើប្រតិបត្តិការណ៍នានាដូចជាដកប្រាក់ ផ្ទេរប្រាក់ក្នុងរឺក្រៅប្រទេស និងការទូទាត់ជាដើម។

ប៉ុន្តែបងប្អូនមួយចំនួនមិនបានចាប់អារម្មណ៍ពីគុណវិបត្តិមួយចំនួនតូច ជុំវិញការប្រើប្រាស់ធនាគារតាមបែបឌីជីថលនេះទេ ដោយយើងមិនគួរប្រើប្រាស់គណនីធនាគារតែមួយនោះទេ ព្រោះប្រសិនបើធនាគារមួយនោះមានបញ្ហាបច្ចេកទេសណាមួយ វានឹងធ្វើអោយអ្នកមានការលំបាក រឺយឺតយ៉ាវក្នុងការបន្ទាន់ណាមួយដូចជាទូទាត់ប្រាក់ក្នុងទំហំធំ រឺតូចទៅតាមកាលៈទេសៈជាក់ស្តែង។

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ App របស់ធនាគារ ABA ដែលអាចនិយាយបានថាជាធនាគារទី១ នៅកម្ពុជា ដែលមានអ្នកប្រើប្រាស់ ABA Mobile ច្រើនជាងគេបានមានបញ្ហាបច្ចេកទេស ធ្វើអោយអ្នកប្រើប្រាស់មួយចំនួនមិនអាចធ្វើការទូទាត់បានទាំងអស់ លុះត្រាតែធ្វើដំណើរទៅកាន់សាខាធនាគារ ដើម្បីធ្វើការដកសាច់ប្រាក់សុទ្ធយកមកទូទាត់។ ដោយក្នុងនោះធនាគារ ABA ក៏បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការថា៖ “ប្រព័ន្ធយេីងខ្ញុំកំពុងស្ថិតក្នុងការកែសម្រួល ឥឡូវនេះ ប្រព័ន្ធស្ថិតក្នុងការកែសម្រួលបញ្ហាបច្ចេកទេស ហើយយេីងខ្ញុំកំពុងព្យាយាមដោះស្រាយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួលដែលបានកើតឡើង ហើយយើងខ្ញុំនឹងជូនដំណឹងពីបច្ចុប្បន្នភាពនៅពេលក្រោយ។ សូមអរគុណ!”៕