ធនាគារជាតិនៃកម្ពុជា ពន្យល់លម្អិតអំពីអត្ថន័យ និងលក្ខណៈពិសេសនៃក្រដាសប្រាក់ថ្មីប្រភេទ ៣០០០០រៀល ដែលប្រកាសដាក់ឱ្យប្រើនៅថ្ងៃនេះ
ហិរញ្ញវត្ថុ October 18, 2021 Khmernote

នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះ រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀល (៣ម៉ឺនរៀល) គំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ។ ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសស្តីពីលក្ខណៈសម្គាល់នៃធនប័ត្រអនុស្សាវរីយ៍ ប្រភេទ៣០០០០ រៀល ដោយបានពន្យល់លម្អិត ដូចខាងក្រោម៖

ក.លក្ខណៈទូទៅ

ទំហំធនប័ត្រ៖ បណ្តោយ ១៧០មម ទទឹង ៧៥មម
ពណ៌ចម្បងគឺពណ៌បៃតង ពណ៌ត្នោត និងពណ៌ស្វាយ

ខ. ផ្ទៃខាងមុខ៖

ផ្ទៃកណ្តាល៖ ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នាឱកាសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលផ្ទៃខាងក្រោយត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណីក្នុងព្រះបរមរាជវាំងភ្នំពេញ ព្រមជាមួយអក្សរ “៣ម៉ឺនរៀល” នៅខាងក្រោម។ ខាងឆ្វេងមានលេខ “៣០០០០” នៅពីលើ ព្រមទាំងហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡាខិតមកក្រោមមានរូបចម្លាក់នាគក្បាល៥ នៅវិមានឯករាជ្យរាជធានីភ្នំពេញ និងមានបង្អួចថ្លារាងចតុកោណស្មើបញ្ឈរកែង ដែលមានសមាសធាតុជាប៉ូលីមើរនៅអមក្បែរនោះ។

ផ្នែកខាងស្តាំ៖ ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ខឹតមកក្រោមមានលេខមាលាបោះពុម្ភដោយទឹកខ្មៅពីរពណ៌ គឺតូមាលានិងលេខ “៣០” បោះពុម្ភដោយទឹកខ្មៅពណ៌ក្រហម និងលេខ ៦ខ្ទង់ទៀតបោះពុម្ភដោយទឹកខ្មៅពណ៌ខ្មៅ នៅពីក្រោមមានលេខ “៣០០០០” និង “30000” និងមានអក្សរ “អ្នកក្លែងក្រដាសប្រាក់និងត្រូវផ្តន្ទាទោសតាមច្បាប់” នៅខាងក្រោម។ នៅគែមខាងស្តាំនៃក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំបោះពុម្ភតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញមានលេខ “30000”។

ផ្នែកខាងឆ្វេង៖ ខាងលើមានរូបព្រះសង្ខារនៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ “30000” ព្រាលៗបោះពុម្ភតាមបន្ទាត់បញ្ឈរនៅពីក្រោមនោះ ព្រមជាមួយបន្ទះហូឡូក្រាមទំហំ ១០មម កាត់ទទឹងផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀងផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។

គ.ផ្ទៃខាងខ្នង

ផ្នែកកណ្តាល៖ ត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខយ៍ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហុន <ព្រះបរមរតនកោដ្ឋ> និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃយាងនិរវត្តន៍មកកាន់មាតុភូមិវិញរបស់ព្រះករុណាព្រះបរមរតនកោដ្ឋនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ និងមានអក្សរ “៣ម៉ឺនរៀល” នៅពីក្រោម និងអក្សរ Le 30 Aniverss das Auvords de Paris son le Cambody (1991-2021) នៅគែមក្រដាសប្រាក់។

ផ្នែកខាងស្តាំ៖ ត្រូវបានរំលេចឡើង នូវរូបវិមានឯករាជ្យនៅរាជធានីភ្នំពេញ ប៉មអេហ្វែលនៅទីក្រុងប៉ារីសរូបសន្និសីទនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងមានបង្អួចថ្លារាងចតុមុខកោណស្មើបញ្ឈរកែងមានសមាសភាពជាប៉ូលីមើរ នៅខាងក្រោមព្រមជាមួយខ្សែរសុវត្ថិភាពទំហំ ៤មម នៅខាងឆ្វេង។ នៅជ្រុងខាងស្តាំមានលេខ “30000” ដែលត្រូវបានបោះពុម្ភតាមបន្ទាត់បញ្ឈរ។

ផ្នែកខាងឆ្វេង៖ ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ខាងក្រោមមានចារឹកអក្សរអបអរសាទរខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១-២០២១) ខិតមកក្រោមមានអក្សរ BANQUE NATIONALE DU CAMBODGE ព្រមទាំងមានលេខ “2021” និងលេខ “៣០០០០” នៅពីក្រោម។ នៅគែមខាងឆ្វេងនៃក្រដាសប្រាក់រូបភាពអង្គដៅចំណាំ បោះពុម្ភតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញលេខ “30000”។

ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០០០០រៀល ត្រូវបានដាក់ឱ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក។ សាធារណជនគ្រប់រូប ត្រូវពិនិត្យ សម្គាល់ធនប័ត្រថ្មីនេះឱ្យបានច្បាស់លាស់ដើម្បីចៀសវាងការភាន់ច្រឡំ៕

អត្ថបទ៖ លីនី