បារាំងសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជាពី ១០០ ទៅ ១២០ លានអឺរ៉ូ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦
សេដ្ឋកិច្ច June 1, 2021 Khmernote

​យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ដ្រី ប្រតិភូ​អម នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នា​រសៀល​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​៤ តាមរយៈ Video Conference ជាមួយ សម​ភាគី​បារាំង ដែល​ដឹកនាំ​ដោយ​លោក R–mi GENE VEY តំណាង ទីភ្នាក់ងារ បារាំង សម្រាប់​ការអភិវឌ្ឍ (AFD) និង​លោកជំទាវ Eva NGYEN BINH ឯកអគ្គរដ្ឋទូត នៃ សាធារណ បារាំង​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការអញ្ជើញចូលរួម​ផងដែរ​ពី​សំណាក់ តំណាងក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​សហការី​ទាំងអស់ នៃប្រទេសទាំងពីរ​។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ដ្រី ប្រតិភូ​បាន​មានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏​សំខាន់ ក្នុង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​ក្នុង​ភាពជា​ដៃគូ និង ពង្រឹង​ទំនាក់ទំនងទ្វេភាគី រវាង​កម្ពុជា និង​បារាំង​។ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​ក៏បាន​បន្ថែមទៀតថា ប្រទេស​បារាំង​មិន​ត្រឹមតែ ជាមិត្តភក្តិ និង​ជា​បណ្តា​ប្រទេស​ឈានមុខ​គេ ដែល​ចូលរួមចំណែក ក្នុងការនាំមកនូវសន្តិភាព សម្រាប់ប្រទេសកម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់ ក្នុងការ​ផ្តល់​ការគាំទ្រទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ បន្ទាប់ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ផ្អែកលើ​មូលដ្ឋាន​នេះ កម្ពុជា​បានទទួល ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ជា​បន្តបន្ទាប់​ប្រមាណ ៨៦៧ លាន​អឺរ៉ូ (​ក្នុងនោះ ឥណទានសម្បទាន របស់​រដ្ឋ មាន ទឹកប្រាក់​ប្រមាណ ៥០៧ លាន​អឺរ៉ូ​)​។ ហិរញ្ញប្បទាន​ទាំងនេះ បាន​និងកំពុង រួមចំណែកយ៉ាងសកម្មដល់ការទ្រទ្រង់​ការអភិវឌ្ឍ និង​ការជំរុញ​កំណើនសេដ្ឋកិច្ច ស្របតាមកម្មវិធី និង គោលនយោបាយ សំខាន់ៗ របស់រាជរដ្ឋាភិបាល​កម្ពុជាពីមួយអាណ​ត្តិ​ទៅមួយអាណត្តិ​។​

​ទន្ទឹមនេះ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ បាន​ជម្រាប​កិច្ចប្រជុំ​ថា ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បាន បង្ក​ជា​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម រួមទាំងសុខភាព​សាធារណៈ ការរំខាន​ដល់​ខ្សែចង្វាក់​ផលិតកម្ម ការបាត់បង់​ការងារ និង​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ចពិភពលោក ដែល​ប្រទេសកម្ពុជា​ក៏មិនត្រូវ​បាន​រួច​ផុតពី​ការរីក​រាលដាល​ជំងឺ​នេះ​។ ប្រការនេះ ​បានធ្វើឱ្យ​ផលិតផលសរុបក្នុងស្រុក នៅក្នុង​ឆ្នាំ​២០២០ បានធ្លាក់ចុះប្រមាណ ៣,០% ក្នុងនោះ​ការនាំចេញ​ បានធ្លាក់ចុះប្រមាណ -១,១% ឱនភាពថវិកាកើនឡើងដល់ ៩,២៥%​។ ឯកឧត្តម​បាន​បន្តថា សេដ្ឋកិច្ច​របស់​យើង នឹង​ងើបឡើងវិញ នៅ​ឆ្នាំ​២០២១ ប៉ុន្តែការ​ងើបឡើង​នេះ នៅមាន​ភាពមិនប្រាកដ​ប្រជា​កម្រិត​ខ្ពស់​នៅឡើយ ប្រសិនបើការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​២០​កុ​ម្ភះ មាន​កម្រិត​នៃ​ផលប៉ះពាល់ នៅតែ​ខ្ពស់ និង​មាន ជម្រៅ​ជ្រៅ ហើយ​កម្មវិធី​ចាក់​វ៉ាក់សាំង មិនអាចសម្រេចបាន​ឆាប់រហ័ស​។

​ក្នុងឱកាស​នោះ ភាគី​បារាំង បានកោត​ស​សើរ និង សូម​ថ្លែងអំណរគុណ ដល់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ ស្ថិតក្នុង​បរិការណ៍​បច្ចុប្បននេះ និងសូមថ្លែងអំណរគុណ​ផងដែរ ដល់​ក្រសួង​ស្ថាប័ន​ជា​ដៃគូ ដែល​បានផ្តល់​កិច្ចសហការ​យ៉ាង ល្អ ប្រពៃនាពេលកន្លងមក​។ ភាគី​បារាំង​បានគូសបញ្ជាក់ថា នឹង​បន្ត​គាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យរបស់​កម្ពុជា ដោយសន្យា ​ផងដែរ​ថា នឹង​បន្ត​ផ្តល់ និង​បង្កើន ទំហំ​ហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់អភិវឌ្ឍន៍​កម្ពុជា ជារួម​នូវ​កម្ចីសម្បទាន​ក្នុង​រង្វង់​ពី ១០០ ទៅ ១២០ លាន​អឺរ៉ូ ក្នុង​មួយឆ្នាំ (២០២១-២០២៦) ដោយ​រួមទាំង​ការ​ប្រឹង​ប្រមូល​ហិរញ្ញប្បទាន​ឥត សំណង​ជួយ​កម្ពុជា ឱ្យបាន​ច្រើនពី សហគម​អ៉ឺរ៉ុប និង​ពី​ប្រភព​ផ្សេងទៀត​ឱ្យបាន​ច្រើន ឱ្យស្រប​ទៅតាម​បរិការណ៍​ពេលបច្ចុប្បន្ន ក៏ដូចជា​នៅពេល​ក្រោយ​ កូ​វីដ​-១៩ ផុតរលត់​៕

ប្រភព៖ ក្រសួងព័ត៌មាន