វៀតណាម វ៉ាដាច់ប្រទេសឥណ្ឌា និងថៃ ក្លាយជាអ្នកផ្គត់ផ្គង់អង្ករដ៏ធំបំផុតរបស់សិង្ហបុរី
សេដ្ឋកិច្ច April 25, 2024 Khmernote

វៀតណាម បានវ៉ាដាច់ប្រទេសឥណ្ឌា និងថៃ ក្លាយជាអ្នកផ្គត់ផ្គង់អង្ករដ៏ធំបំផុតរបស់សិង្ហបុរីក្នុងលក្ខខណ្ឌតម្លៃជាលើកដំបូង ជាមួយនឹងចំណែកទីផ្សារ ៣២% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

បើតាមសហគ្រាសសិង្ហបុរី បានឱ្យដឹងថា ការនាំចូលសរុបរបស់សិង្ហបុរីមានតម្លៃជិត ១១២,៩លានដុល្លារសិង្ហបុរី (៨២,៩លានដុល្លារ) កើនឡើង ២៣,៨៦% នៅត្រីមាសទី១ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ក្នុងនោះប្រទេសវៀតណាមមានចំណែក ៣៦,១៥លានដុល្លារសិង្ហបុរី កើនឡើង ៨០,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រទេសឥណ្ឌាមាន ៣៣,៦៣លានដុល្លារសិង្ហបុរី និងថៃ ៣៣,១៦លានដុល្លារសិង្ហបុរី។

គួរបញ្ជាក់ផងដែរថា អង្ករវៀតណាមបានក្លាយជាអង្ករពេញនិយមនៅក្នុងប្រទេសសិង្ហបុរី ដោយសារភាពសម្បូរបែបរបស់អង្ករ និងងាយស្រួលរកទិញ។ ក្រៅពីអង្ករសដែលមានគុណភាពខ្ពស់ វៀតណាមក៏មានចំណែក ៨០% នៃទីផ្សារអង្ករដំណើប និង ៧៣,៣% នៃទីផ្សារអង្ករក្រអូបរបស់សិង្ហបុរីផងដែរ។ ជាមួយគ្នានេះដែរ ថៃ ឥណ្ឌា និងជប៉ុន គឺជាគូប្រជែងធំបំផុតរបស់វៀតណាម៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress