កម្ពុជា-ឡាវ ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំង សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផាវ(ឡាវ) ដើម្បីសម្របសម្រួលដល់លំហូរប្រជាជន ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ
សេដ្ឋកិច្ច April 26, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤។

យោងតាមសេចចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃដំណើររបស់ឯកឧត្តមប្រធានរដ្ឋ បានឲ្យដឹងថា កម្ពុជា-ឡាវ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំង សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផាវ(ឡាវ) ដើម្បីសម្របសម្រួលដល់លំហូរប្រជាជន ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍រវាងប្រទេសទាំងពីរ។

ចំណែកឯវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរួម លើបញ្ហាសន្តិសុខនានា រវាងអាជ្ញាធរពាក់ព័ន្ធនៅតាមតំបន់ព្រំដែន ជាពិសេសការទប់ស្កាត់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

ចំពោះកិច្ចការព្រំដែន ថ្នាក់ដឹកនាំទាំងពីរ កោតសរសើរចំពោះការផ្លាស់ប្ដូរលិខិតតុបករណ៍សច្ចាប័ន និងការចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្លាស់ប្តូរលិខិតតុបករណ៍សច្ចាប័ន នៃសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងឡាវ ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសឡាវ។ ភាគីទាំងពីរ បានឯកភាពគ្នាដោះស្រាយកំណាត់ព្រំដែននៅសេសសល់ចំនួន ១៤% ដោយសន្តិវិធី ដើម្បីកសាង ព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពល កម្ពុជាបានថ្លែងអំណរគុណឡាវ ដែលបានបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ភាគីទាំងពីរបាន លើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា និងឡាវ អនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចព្រមពៀង និងអនុស្សរណៈយោគយល់គ្នានានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល រួមមានកិច្ចព្រមព្រៀងថ្មីស្ដីពីកិច្ច សហប្រតិបត្តិការថាមពលរវាងរដ្ឋាភិបាលទាំងពីរ និងអនុស្សរណៈយោគយល់គ្នាស្ដីពីការទិញថាមពលបៃតង និងការសិក្សាសមិទ្ធិលទ្ធភាពកសាងបណ្តាញបញ្ជូនថាមពលអគ្គិសនីទៅកម្ពុជា ដែលបានចុះ ហត្ថលេខាក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី នៅប្រទេសឡាវ។

ក្នុងដំណើរនោះ ឯកឧត្តមប្រធានរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជា ដែលបានរួមចំណែកជាទឹកប្រាក់ ១លានដុល្លារអាមេរិក គាំទ្រឡាវជាប្រធានអាស៊ាន ឆ្នាំ២០២៤ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី នៅប្រទេសឡាវ កាលពីខែមុន៕

ប្រភព៖ ក្រសួងព័ត៌មាន