ត្រីមាសទី១ នៃឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានចំណូលជាង ១០០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ
សេដ្ឋកិច្ច April 26, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូគិតត្រឹមក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៤នេះ មានទឹកប្រាក់សរុបជាង ១០០ ៨៣៧ ៦៨៩ ដុល្លារ ដែលក្នុងនោះប្រាក់ចំណូលពីការនាំចេញជ័រកៅស៊ូគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន ១០០ ៤៨១ ៩៩៥ដុល្លារ និងប្រាក់ចំណូល ពីការនាំចេញឈើកៅស៊ូគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន៣៥៥ ៦៩៤ដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារនៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងទិសដៅ អនុវត្តបន្ត។

ប្រភពដដែលបានបញ្ជាក់ឱ្យដឹងដែរថា សម្រាប់ចំណូលការនាំចេញជ័រកៅស៊ូ និង ឈើកៅស៊ូប្រចាំខែមីនា ឆ្នាំ២០២៤កន្លងមកនេះដែរ មានចំនួនសរុប ១៧ ០៧២ ២៨៦ដុល្លារ ដោយក្នុងនេះចំណូលពីការនាំចេញជ័រកៅស៊ូក្នុងខែមីនា ឆ្នាំ២០២៤ មានចំនួន ១៦ ៩២៦ ៣០៥ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូក្នុងខែមីនា ឆ្នាំ២០២៤មានចំនួន ១៤៥ ៩៨១ដុល្លារ។

សម្រាប់ផលិតកម្មជ័រកៅស៊ូ និងឈើកៅស៊ូក្នុងនេះផលិតផលជ័រកៅស៊ូក្នុងខែមីនា ឆ្នាំ២០២៤ មានចំនួន ១០ ១៣៩តោន បានថយចុះចំនួន ៦ ១០៧តោនស្មើនឹង ៣៨ភាគរយធៀបនឹងខែមុន និងបានថយចុះចំនួន ១ ១៨៩តោន ស្មើនឹង ១០ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ សម្រាប់ផលិតផលជ័រកៅស៊ូវិញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន ៦៧ ៩៧៨តោន បានកើនឡើងចំនួន ៣១២១តោន ស្មើនឹង៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ចំពោះផលិតផលឈើកៅស៊ូក្នុងខែមីនា ឆ្នាំ២០២៤ មានចំនួន ៦ ១០៣មួយម៉ែត្រគូប។ ក្នុងនេះផលិតផលឈើកៅស៊ូគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ សម្រេចបានចំនួន ៨ ៨៨១មួយម៉ែត្រគូប។

ប្រភពដដែលបានឱ្យដឹងបន្ថែមថា សម្រាប់តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមក្នុងខែមីនា ឆ្នាំ២០២៤ ថ្លៃ ១ ៥៣០ដុល្លារ/តោន បានកើនឡើងចំនួន ៦៨ដុល្លារ/តោន ស្មើនឹង ៤,៦៣ភាគរយ ធៀបនឹងខែមុន និងបានកើនឡើងចំនួន ១២៤ដុល្លារ/តោន ស្មើនឹង ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ជាមួយគ្នានេះសម្រាប់តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ថ្លៃ ១ ៤៥០ដុល្លារ/តោន បានកើនឡើងចំនួន ៤១ដុល្លារ/តោន ស្មើនឹង៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថានឹងបន្តសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុនចម្ការកៅស៊ូអវិនិយោគរបស់រដ្ឋ ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចលើដំណាំកៅស៊ូ ចម្ការកៅស៊ូគ្រួសារ រោងចក្រកែច្នៃ និងស្នាក់ការប្រមូលទិញ ក្នុងការផ្សព្វផ្សាយបច្ចេកទេសកៅស៊ូ និងក៏ដូចជាប្រមូលទិន្នន័យកៅស៊ូផងដែរ។

សូមបញ្ជាក់ថា ផ្ទៃដីកៅស៊ូសរុបនៅកម្ពុជានាពេលបច្ចុប្បន្នមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង ៧៩ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៨៦ ៩៨៨ហិកតា ស្មើនឹង ២១ភាគរយ។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួន ២២៦ ៨៤០ហិកតា ស្មើនឹង ៥៦ភាគរយនិងផ្ទៃដីកៅស៊ូគ្រួសារមានចំនួន ១៨០ ៣៣២ហិកតា ស្មើនឹង ៤៤ភាគរយ៕

ប្រភព៖ ក្រសួងព័ត៌មាន