អាល្លឺម៉ង់ សន្យាផ្ដល់ហិរញ្ញប្បទានឥតសំណង ៦៣លានដុល្លារ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងសំខាន់ៗទាំងនេះ
សេដ្ឋកិច្ច May 7, 2021 Khmernote

អាល្លឺម៉ង់សន្យាផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៣លានអឺរ៉ូ សមមូលនឹង ៦៣លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២២។ ការសន្យាផ្ដល់ជំនួយនេះត្រូវបានលើកឡើងនៅក្នុងកិច្ចចរចាស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ឆ្នាំ២០២១ រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ដោយភាគី​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្រ្តី អគ្គ​លេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្រ្តី​ជាន់​ខ្ពស់ និង​មន្រ្តី​ជំនាញ​ជា​តំណាង​មក​ពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល​ចំនួន ​១៨ ។

រីឯ​ភាគី​អាល្លឺម៉ង់​ដឹកនាំ​ដោយ ឯកឧត្ដម Norbert Barthle សមាជិក​សភានៃ​សាធារណរដ្ឋ​​សហព័ន្ធ​អាល្លឺម៉ង់ និង​ជារដ្ឋ​លេខាធិការ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ (BMZ) អម​ដោយ​ឯកឧត្ដម Christian Berger ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា លោកស្រី Gisela Hammerschmidt នាយិកា និង​ជាស្នងការ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ BMZ, លោកស្រី Bettina Horstmann ប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ីបូព៌ា និង​អាស៊ី​អាគ្នេយ៍​នៃ BMZ ជា​សហប្រធាន​នៃ​កិច្ចចរចា និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថានទូត​អាល្លឺម៉ង់ ទីភ្នាក់ងារ​អាល្លឺម៉ង់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ (GIZ) ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KfW) និង​វិទ្យាសា្ថន​ជាតិ​មាត្រា​សាស្រ្ត​អាល្លឺម៉ង់ (PTB) សរុប​ទាំងអស់​ប្រមាណ ៧០ រូប។

នៅក្នុងសេចក្ដីប្រកាស​ព័ត៌មានស្ដីពីលទ្ធផលនៃ កិច្ចចរចាស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ឆ្នាំ២០២១ រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ បានបង្ហាញថា ទំហំហិរញ្ញប្បទានឥតសំណងខាងលើនេះរួមមាន៖ ២៦លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និង ២៧លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។

បន្ថែមពីលើនេះ នាខែមីនា ឆ្នាំ២០២១ ភាគីអាល្លឺម៉ង់ បានផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ៤.៨លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។ បើបូកបញ្ចូលទាំងហិរញ្ញប្បទានដែលបានសន្យាផ្ដល់ក្នុងកិច្ចចចារនេះ ទំហំហិរញ្ញប្បទានសរុបបានកើនដល់ ៥៧.៨លានអឺរ៉ូ សមមូលនឹង ៦៩ លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបទៅនឹងវិបត្តិសុខភាពសកល គិតត្រឹមខែមីនា ឆ្នាំ២០២១ ភាគីអាល្លម៉ង់បានផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១៣.៨លានអឺរូ សមមូលនឹង ១៧លានដុល្លារ ដើម្បីគាំទ្រដល់វិធានការឆ្លើយតបបន្ទាន់ទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ហិរញ្ញប្បទាននេះ ត្រូវបានប្រើប្រាស់ ដើម្បីរួមចំណែកគាំទ្រដល់វិធានការឆ្លើយតបបន្ទាន់ទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងវិធានការស្ដារសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ លីនី