រដ្ឋាភិបាលថៃ ប្រកាសថា ទីតាំងដែលពឹងផ្អែកលើវិស័យទេសចរណ៍នឹងទទួលបានអាទិភាពខ្ពស់ក្នុងការចាក់វ៉ាក់សាំង
ទេសចរណ៍ February 17, 2021 Khmernote

រដ្ឋាភិបាលថៃបានប្រកាសថា ទីតាំងដែលពឹងផ្អែកលើវិស័យទេចរណ៍ នឹងទទួលបានអាទិភាពខ្ពស់ក្នុងការចាក់វ៉ាក់សាំង ក្នុងនោះក្រុមការងារ Covid-19 របស់រដ្ឋាភិបាលនិយាយថាកន្លែងដូចជាភូកេតនិងប៉ាតាយ៉ាដែលពឹងផ្អែកខ្លាំងលើទេសចរណ៍អន្តរជាតិនឹងត្រូវបានចាត់ទុកជាអាទិភាពខ្ពស់សម្រាប់ការចាក់វ៉ាក់សាំង។ កាសែតប៉ាតាយ៉ារាយការណ៍ថា ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព Covid-19 លោក Apisamai Srirangsan បានធ្វើប្រកាសបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ។

លោក Apisamai បានមានប្រសាសន៍ថា ខណៈដែលបុគ្គលិកពេទ្យជួរមុខ និងជនងាយរងគ្រោះដទៃទៀតនៅតែឈរលំដាប់ទី១ សម្រាប់វ៉ាក់សាំង Covid-19 និយោជិកក្នុងវិស័យទេសចរណ៍ក៏នឹងត្រូវចាត់ថ្នាក់ជាអាទិភាពខ្ពស់សម្រាប់ការចាក់វ៉ាក់សាំងដែរ។ ទោះយ៉ាងណាព័ត៌មានលំអិតនៃការចាក់វ៉ាក់សាំងដែលបានគ្រោងទុករបស់រដ្ឋាភិបាលនៅតែមិនទាន់ច្បាស់ ហើយក៏មិនទាន់ដឹងថាតើជនបរទេសដែលនឹងធ្លាក់ចូលក្នុងក្រុមងាយរងគ្រោះនឹងត្រូវរាប់បញ្ចូលដែរ ឬ ទេ។

គួរបញ្ជាក់ផងដែរថា កោះភូកេតភាគខាងត្បូង រួមជាមួយទីតាំងមួយចំនួនទៀតដែលពឹងផ្អែកលើវិស័យទេសចរណ៍បានសង្ឃឹមថា នឹងទិញវ៉ាក់សាំងឯកជនដើម្បីទាក់ទាញប្រជាជនរបស់ខ្លួនឱ្យទទួលបានអភ័យឯកសិទ្ធិ។ គេសង្ឃឹមថា ការទិញវ៉ាក់សាំងនេះអាចមានន័យថា កោះនេះអាចនឹងបើកជាថ្មីសម្រាប់ភ្ញៀវទេសចរអន្តរជាតិចាប់ពីខែតុលា ប៉ុន្តែទោះយ៉ាងណារដ្ឋាភិបាលបានបញ្ឈប់ផែនការនេះ ក្នុងសកម្មភាពមួយដែលបង្កើតឱ្យមានការរិះគន់យ៉ាងខ្លាំងពីវិស័យទេសចរណ៍៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger