យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia មានរចនារូបប្រាសាទអង្គរវត្ត​ និងអក្សរ Cambodia យ៉ាងស្រស់ស្អាត​ ត្រៀមហោះហើរសាកល្បងនៅចុងខែមេសាខាងមុខនេះ
ទេសចរណ៍ April 22, 2024 Khmernote

យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ និងត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ។

យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបង្ហោះខ្លឹមសារដូចច្នេះថា៖ « សូមស្វាគមន៍យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ដោយបានរចនារូបប្រាសាទអង្គរវត្ត​ និងអក្សរ Cambodia យ៉ាងស្រស់ស្អាត​ ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ ។ រីឯការហោះហើរក្នុងស្រុកជាផ្លូវការ នឹងរៀបចំដំណើរការនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នាដើមខែក្រោយ »។

សូមបញ្ជាក់ថា កាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា នឹងធ្វើការហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន ៤ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន ៤ជើងក្នុងមួយថ្ងៃផងដែរ ចំណែកឯការហោះហើរក្រៅប្រទេសនឹងចាប់ផ្តើមនាពេលខាងមុខ ៕

ប្រភព៖ ផេកផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី