៥ខែដើមឆ្នាំ ទេសចរអាមេរិកជាប់លំដាប់ទី១នៃការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
ទេសចរណ៍ June 6, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គ្រឹះស្ថានអង្គរបានប្រកាសឱ្យដឹងថារយៈពេល៥ខែនៃឆ្នាំ២០២៥ ការ​លក់បណ្ណចូលទស្សនាក្នុង​តំបន់អង្គរ​រក​ចំណូលបានជាង ២៤លាន​ដុល្លារអាមេរិក ជាមួយចំនួនភ្ញៀវទេសចរបរទេស៥២៧ ​៥៧៧នាក់ ។ក្នុងនេះគិតជារួម​ទេសចរអាមេរិកបានឈរនៅលេខរៀងទី១ ខណៈក្នុង​ខែឧសភាវិញ ទេសចរចិនបានឈរនៅលំដាប់ទី១។

តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបានបញ្ជាក់ថារយៈពេល៥ខែនេះភ្ញៀវទេសចរអន្តរជាតិ​ចូល​ទស្សនា​អង្គរចំនួន ៥២ ៧៦៧​នាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងឆ្នាំ២០២៤ និងរកចំណូល​បានចំនួន ២៤ ៥៦៩ ០២៤ដុល្លារអាមេរិក កើនឡើង ១០,៦៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។

ដោយឡែកសម្រាប់ក្នុងខែឧសភាមានភ្ញៀវទេសចរអន្តរជាតិទិញបណ្ណចូលទស្សនាអង្គរ មានចំនួន ៥២ ៧៦៧នាក់ បើធៀបនឹងខែឧសភា ឆ្នាំ២០២៤ កើនឡើងជាង ៣ភាគរយ និងរកចំណូលបានចំនួន ២ ៣៦០ ២១៤ដុល្លារ កើនឡើងជាង ៣ភាគរយ បើធៀបក្នុងរយៈពេល​ដូចគ្នាកាលពីឆ្នាំ២០២៤។ក្នុងខែឧសភានេះដែរ ភ្ញៀវទេស​ចរ​បរទេស​ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គឺភ្ញៀវទេសចរចិន ជាប់លំដាប់លេខ១, សហរដ្ឋអាមេរិក​លេខ២, អង់គ្លេសលេខ៣, អូស្ត្រាលីលេខ៤, បារាំងលេខ៥ និងជប៉ុនលេខ៦។ ប៉ុន្តែរយៈពេល​៥ខែ ពីខែមករាដល់​ខែឧសភានេះ ភ្ញៀវទេសចរអន្តរជាតិដែលទិញ​សំបុត្រច្រើនជាងគេ គឺសហរដ្ឋអាមេរិកលេខ១, អង់គ្លេសលេខ២, ប្រទេសបារាំងលេខ៣, ចិនលេខ៤ និងលេខ៥ ប្រទេសកូរ៉េខាងត្បូង។

ដោយ​ឡែក​ក្រៅ​ពី​ការ​លក់​សំបុត្រ​តំបន់ទស្សនា​រមណីយដ្ឋាន​អង្គរ គ្រឹះស្ថាន​អង្គរ​ក៏​ទទួល​បាន​ចំណូល​ពី​ប្រភព​ចំនួន ៤ ផ្សេង​ទៀត​​រួម​មាន តំបន់​ប្រាសាទ​កោះកេរ មាន​ទឹក​​​​ប្រាក់ ១៧២ ៤៨៥ ដុល្លារ, ប្រាសាទ​បេងមាលា ៧៥ ៥២០​ដុល្លារ, តំបន់​ភ្នំក្បាលស្ពាន ២ ៨៥០​ដុល្លារ និង​តំបន់​កំពង់ផែចុងឃ្នៀស ១ ១៤៣ ៤២១​ដុល្លារ។

​​​ក្រសួង​ទេសចរណ៍បាន​ព្យាករណ៍​ថា​ ឆ្នាំ២០២៥កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរបរទេស​​ប្រមាណ ​៧,៥ លាននាក់ ​ដែលនឹង​នាំ​ចំណូល​​​ចូល​សេដ្ឋកិច្ចជាតិប្រមាណ​​​ជាង ៥ ពាន់លានដុល្លារ។ ជាមួយគ្នានេះ​រាជរដ្ឋាភិបាល​បានបង្កើត​ក្រុមប្រឹក្សាទីផ្សារ និងផ្សព្វផ្សាយទេស​ចរណ៍កម្ពុជា ដែលមានតំណាងមកពីវិស័យសាធារណៈ និងឯកជន ដើម្បី​ផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន