ឯកឧត្តម ហួត ហាក់ ស្នើអោយអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចំនួន១០ ជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា
ទេសចរណ៍ January 29, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម ជា ច័ន្ទបូរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ ប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប លោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រប៊ែលហ្ស៊ិក សាធារណរដ្ឋអូទ្រីស ព្រះរាជាណាចក្រនែតដឺឡង់ (ហូឡង់) ព្រះរាជាណាចក្រលុចសំបួ និងអមសហភាពអឺរ៉ុប ឯកឧត្តម ជ័យ រដ្ឋា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ឯកឧត្តម ស៊ិន សារៀម ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីទទួលការណែនាំក្នុងការជំរុញទេសចរពីប្រទេសគោលដៅមកកាន់កម្ពុជា។

នៅក្នុងជំនួបកាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណក៏បានណែនាំនូវវិធានការមួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងវិស័យទេសចរណ៍ ចំពោះការបញ្ចុះតម្លៃវីសា (e-Visa), ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយវីសាប្រភេទ (T) visa បញ្ចុះ ពី ៣៦ ដុល្លារអាម៉េរិក មក ៣០ ដុល្លារអាម៉េរិក វីសាប្រភេទ (E) visa បញ្ចុះ ពី ៤២ ដុល្លារអាម៉េរិក មក ៣៥ ដុល្លារអាម៉េរិក ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយស្ថានឯកអគ្គរដ្ឋទូត/រាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/កុងស៊ុលកម្ពុជា នៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិ កម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក ក្នុងការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា។

ជាលទ្ធផលនៃកិច្ចជំនួបដ៏មានតម្លៃនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី ស្នើសុំឱ្យឯកឧត្តម លោកជំទាវ អគ្គរាជទូត ចេញជាសារ ឬ ផលិតវីដេអូ ដែលបង្ហាញពីសភាពការណ៍ពិតនៅកម្ពុជា៖ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបកស្រាយទាន់ពេលវេលាចំពោះការផ្សព្វផ្សាយអវិជ្ជមាន ព័ត៌មានក្លែងក្លាយ ដែលជះឥទ្ធិពលដល់កិត្តិនាមកម្ពុជា និងវិស័យទេសចរណ៍កម្ពុជា ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ នឹងផ្តល់ជូនជា Brochure, leaflet, video promotion ជូនឯកឧត្តម លោកជំទាវ ជាពិសេសការជួយភ្ជាប់ទំនាក់ទំនងជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ (សមាគមទេសចរណ៍, ប្រតិបត្តិករទេសចរណ៍, ភ្នាក់ងារ, ការីទេសចរណ៍, ក្រុមហ៊ុន Airlines ជាដើម) នៅប្រទេសដែលឯកឧត្តម លោកជំទាវ កាន់ជាអគ្គរាជទូត ព្រមទាំងរៀបចំជា Business Matching, FAM Trip និងព្រឹត្តិការណ៍ផ្សេងៗទៀតផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន