នាវាទេសចរណ៍បរទេសមួយគ្រឿង នាំភ្ញៀវទេសចរជិត ៩០០នាក់ ស្មើនឹង ១៨សញ្ជាតិ ធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែសមុទ្រ
ទេសចរណ៍ March 29, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន​ឱ្យដឹងថា ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៨៨៦នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍បរទេសមួយគ្រឿង ចូលមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពនៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។

តាមការឱ្យដឹង ពីមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័ត ក្រុង ព្រះសីហនុថា នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មាន ឈ្មោះ Viking Orion មានសញ្ជាតិ NORWAY មានបណ្តោយ ២២៨.៣ម៉ែត្រ ទទឹង ២៨,៨ម៉ែត្រ ជម្រៅទឹក ៦,៦៥ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៨៨៦នាក់ ស្រី ៤៥៨នាក់ ស្មើនឹង ១៨សញ្ជាតិ និងមាននាវិកសរុបចំនួន ៤៦៩នាក់ ស្រី ៩៣នាក់ ស្មើនឹង ៤៣សញ្ជាតិ។

នាវាទេសចរណ៍ Viking Orion បានធ្វើដំណើចាកចេញពីប្រទេសថៃ ចូលមកសំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃទី២៨ នាវានេះមានគម្រោងចាកចេញ ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង២០ ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស Viking Orion ដែលមាន សញ្ជាតិច្រើនជាងគេមានដូចជា U.S.A ៧០៧នាក់ British ៥០នាក់ ក្រៅពីនោះមាន ភ្ញៀវសញ្ជាតិផ្សេងទៀត។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា Viking Orion ចូលក្នុង ប្រទេសកម្ពុជាចេញបន្តទៅទស្សនាប្រាសាទអង្គរ ខេត្តសៀមរាប មានចំនួន ៣នាក់ ស្រី ២នាក់ ស្មើនឹង ១សញ្ជាតិ។

សូមរម្លឹកថា តំបន់ទេសចរណ៍ដែលភ្ញៀវអញ្ជើញដើរលេងកម្សាន្តសម្រាប់ ខេត្តព្រះសីហនុ ទីប្រជុំជនក្នុងក្រុងព្រះសីហនុ មានដូចជា ផ្សារលើ រូបសំណាកតោពីរតំបន់ រមណីយដ្ឋានវប្បធម៌ មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) និងតាមតំបន់ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ។ ស្រុកព្រៃនប់មានដូចជា រូបសំណាក ព្រះថោងនាងនាគ គម្រោងអភិវឌ្ឍទេសចរណ៍ Bay Of Lights ស្ថិតនៅភូមិអុង ឃុំរាម និងមជ្ឈមណ្ឌលវិបស្សនាធុរៈ គីរីនាគវ័ន ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទន្ទឹមនោះ ក៏មានកិច្ចការពារសន្តិសុខ សុវត្ថិភាពសាធារណៈពីកងកម្លាំងមានសមត្ថកិច្ចព្រម ទាំងមានការសម្របសម្រួលពីអាជ្ញាធរក្រុង អាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន