បុណ្យចូលឆ្នាំថ្មីរយៈពេល ០៤ថ្ងៃ មានទេសចរ​ដើរលេង​កម្សាន្ត​នៅទូទាំងប្រទេសជាង ២១​ លាន​នាក់
ទេសចរណ៍ April 18, 2024 Khmernote

យោងតាមការចុះផ្សាយនៅលើផេកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋនិងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស មានចំនួនសរុបប្រមាណ ២១.៧០ លាននាក់ ដោយក្នុងនោះទេសចរបរទេស ប្រមាណ ១១ ម៉ឺននាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាការកំណត់សម្គាល់ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ដោយរយៈពេលពិធីបុណ្យមានដល់០៤ថ្ងៃ ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិឆ្នាំ២០២៣ មានរយៈពេលត្រឹមតែ០៣ថ្ងៃ ដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ១៣,១៣ លាននាក់ប៉ុណ្ណោះ។ ក្រៅពីនេះ គ្រប់រាជធានី ខេត្តមានការរៀបចំសង្រ្កានឆ្នាំថ្មី ដែលព្រឹត្តិការណ៍មួយពិតជាមានការទាក់ទាញដល់បងប្អូនប្រជាពលរដ្ឋ។ ក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តខាងលើមានតែប្រមាណ ៣០% ប៉ុណ្ណោះដែលបានស្នាក់នៅលើសពីមួយយប់ឡើងទៅ។

សូមជម្រាបថា ចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា៕

ប្រភព៖ – ផេកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
– មន្ទីរទេសចរណ៍រាជធានី ខេត្ត