ទោះជាអាកាសធាតុកំពុងឡើងកម្ដៅខ្លាំងប៉ុណ្ណាក៏ដោយ ក៏ភ្នំបូកគោនៅតែជាតំបន់ ត្រជាក់គ្រប់រដូវកាល
ទេសចរណ៍ April 5, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ នៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញ កំពុងទទួលរងនូវការកើនឡើងកម្ដៅនៃអាកាសធាតុខ្ពស់ ដែលជាមធ្យមសីតុណ្ហភាពចាប់ពី ៣៧ ទៅ ៣៩ អង្សាសេ ប៉ុន្តែភ្នំបូកគោនៅតែជាតំបន់ត្រជាក់គ្រប់រដូវកាល។

យោងតាមការសិក្សាថ្មីពីគេហទំព័រ ScienceDirect នៃវិទ្យាសាស្ត្រ និង វេជ្ជសាស្ត្រ របស់ហូឡង់ បានរកឃើញថា ការកើនឡើងនៃកម្ដៅអាកាសធាតុអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តយ៉ាងខ្លាំង ដូចជាថប់អារម្មណ៍ និងវង្វេងស្មារតីជាដើម ។ ដូច្នេះដើម្បីគេចចេញពីអារម្មណ៍តានតឹង ដែលបណ្ដាលមកពីការឡើងកម្ដៅអាកាសធាតុ គប្បីត្រូវចំណាយពេលវេលាក្នុងថ្ងៃសម្រាករបស់អ្នក ទៅលម្ហែរកាយនៅតំបន់ដែលមានអាកាសធាតុមធ្យម ឬត្រជាក់ល្មម តាមដែលអ្នកត្រូវការ ។

ក្នុងអំឡុងពេលអាកាសធាតុកំពុងឡើងកម្ដៅខ្លាំង តើនៅកម្ពុជា មានកន្លែងណាដែលស័ក្ដិសមសម្រាប់ការលម្ហែកាយ ដើម្បីទទួលយកអារម្មណ៍ស្រស់ស្រាយ នៅថ្ងៃសម្រាក ជាពិសេសសម្រាប់លេង កម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ?

បើនិយាយដល់តំបន់ដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ឬគ្រប់រដូវកាល បូករួមជាមួយសម្រស់ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលគួរជាទីជាប់ចិត្ត នៅក្នុងប្រទេសកម្ពុជាយើង ពិតណាស់គឺមានតែនៅតំបន់ភ្នំបូកគោ ឬ រមណីយដ្ឋានឋានសួគ៌បូកគោ ប៉ុណ្ណោះ ។ ឋានសួគ៌បូកគោ គឺជារមណីយដ្ឋានធម្មជាតិ និងកែច្នៃ ប្រកបដោយភាពទាក់ទាញ ទេសភាពស្រស់ត្រកាល អមជាមួយព្រៃព្រឹក្សា ជ្រោះ និងទឹកបឹងថ្លាយង់ ជាពិសេសគឺមានអាកាសធាតុត្រជាក់ ពេញមួយឆ្នាំ បើទោះបីជាកំពុងស្ថិតនៅក្នុងរដូវក្ដៅយ៉ាងណាក៏ដោយ ។

រមណីយដ្ឋានឋានសួគ៌បូកគោ បានក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលខ្លាំងបំផុតមួយរបស់ខេត្តកំពត ក៏ដូចជាសម្រាប់ព្រះរាជា ណាចក្រកម្ពុជាទាំងមូលផងដែរ ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សម្រាប់ ភ្ញៀវទេសចរដែលមានបំណងស្វែងរកតំបន់ដែលមានអាកាសធាតុត្រជាក់ បង្កើនអារម្មណ៍ស្រស់ស្រាយ គេចចេញពីភាពតានតឹង ក្ដៅស្អុះស្អាប់ ដោយសារអាកាសធាតុក្ដៅខ្លាំង គឺមានតែរមណីយដ្ឋានឋានសួគ៌បូកគោប៉ុណ្ណោះដែលស័ក្ដិសមសម្រាប់លោកអ្នក ។ រមណីយដ្ឋានឋានសួគ៌បូកគោ ក៏ជាទីតាំងដែលស្ថិតនៅជិតរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣ ត្រឹមតែរយៈពេលប្រហែល ២ម៉ោងកន្លះ ប៉ុណ្ណោះ នោះយើងនឹងអាចគេចចេញពីអារម្មណ៍ធុញថប់ ក្ដៅស្អុះ ហើយជំនួសមកវិញនូវអារម្មណ៍ស្រស់ស្រាយយ៉ាងមានប្រសិទ្ធភាព ។

តោះចាកចេញពីអាកាសធាតុក្តៅស្អុះស្អាប់នៅទីក្រុង ធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ!

ប្រភព៖