ក្រដាសប្រាក់ ១០០បាត និង ១០០០បាត ទើបចេញថ្មី ធំជាងមុន តែពលរដ្ឋថៃសម្តែងការត្អូញត្អែរដោយសាររឿងបែបនេះ
ហិរញ្ញវត្ថុ December 14, 2020 Khmernote

កាលពីថ្ងៃសោរិ៍៍កន្លងទៅនេះ ប្រទេសថៃបានចេញផ្សាយក្រដាសប្រាក់បាតថ្មីចំនួន ២ប្រភេទ ក្នុងនោះគឺក្រដាសប្រាក់តម្លៃ ១០០បាត និង ១០០០បាត ដែលបានរចនា និង​កំណត់ចំណាំឡើងដោយធនាគារកណ្ដាលថៃ ដើម្បីរំលឹកខួបនៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ។ ខណៈការបោះផ្សាយក្រដាសប្រាក់ថ្មីនេះ មិនទាន់បានប៉ុន្មានផង ប្រជាជនថៃជាច្រើនបានសម្ដែងការមិនពេញចិត្ត និងបង្ហាញការត្អូញត្អែរយ៉ាងខ្លាំងចំពោះក្រដាសប្រាក់ថ្មីនោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា មនុស្សជាច្រើនបានលើកឡើងថា ក្រដាសប្រាក់ថ្មីទាំងនេះងាយនឹងច្រលំក្នុងចាយវាយប្រចាំថ្ងៃ និងពិបាកក្នុងការទុកដាក់។

 

ទន្ទឹមនឹងនោះដែរ បើតាមសារព័ត៌មាន thaipbsworld អ្នកប្រើប្រាស់បណ្តាញសង្គមបាននិងកំពុងពិភាក្សាអំពីក្រដាសប្រាក់ថ្មី ដោយអះអាងថាក្រដាស ១០០បាតថ្មី មើលទៅស្រដៀងនឹងក្រដាស ១០០០ បាតចាស់។ ជាក់ស្ដែងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបបានធ្វើការប្រៀបធៀបប្រាក់ ១០០បាតថ្មី ជាមួយក្រដាសប្រាក់ ១,០០០បាតចាស់ ហើយបានបង្ហាញក្តីបារម្ភថា ឈ្មួញដែលប្រញាប់ប្រញាល់ក្នុងការអាប់លុយដល់អតិថិជនរបស់ពួកគេអាចនឹងមានការភ័ន្តច្រឡំ។ លើសពីនេះអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ទៀតបាននិយាយថា អ្នកជំនួញម្នាក់បានច្រលំអាប់លុយចំនួន ៩៥០បាត ដល់ពួកគេ បន្ទាប់ពីគាត់បានប្រើក្រដាសប្រាក់ ១០០បាតថ្មី ដើម្បីបង់ប្រាក់សម្រាប់ការទិញចំនួន ៥០បាត។

ដោយឡែកសម្រាប់ក្រដាសប្រាក់ ១,០០០បាត ថ្មីវិញ ក៏ត្រូវបានប្រជាជនរិះគន់មិនសំចៃមាត់ផងដែរ ដោយក្នុងនោះអ្នកប្រើប្រាស់ Twitter និង TikTok បាននិងកំពុងលើកឡើងអំពីទំហំក្រដាសប្រាក់ ១,០០០ បាតថ្មី និងនិយាយថា ក្រដាសថ្មីនេះមានទំហំធំ ពិបាកក្នុងការទុកដាក់ បើប្រៀបធៀបទៅនឹងក្រដាសប្រាក់ដើម ខណៈជាធម្មតាក្រដាសប្រាក់បាតថៃមិនមានទំហំធំជាង ៧២ × ១៦២ មីលីម៉ែត្រនោះទេ។ ប៉ុន្តែសម្រាប់ក្រដាសថ្មីនេះមានទំហំដល់ទៅ ១២៧ × ១៨១ មីលីម៉ែត្រ ជាមួយការប្ដូរទម្រង់ថ្មីជាលក្ខណៈបញ្ឈរ ធ្វើឲ្យពិបាកទុកដាក់ក្នុងកាបូបដៃរបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា ក្រដាសប្រាក់ថ្មីអាចត្រូវបានប្រើដូចក្រដាសប្រាក់ផ្សេងទៀតក្នុងចរន្តចរាចរ ហើយអាចត្រូវបានផ្លាស់ប្តូរតាមរយៈធនាគារពាណិជ្ជកម្ម ធនាគារសន្សំរដ្ឋាភិបាល ធនាគារកសិកម្ម ធនាគារលំនៅដ្ឋានរដ្ឋាភិបាល និងធនាគារអ៊ីស្លាមថៃ ដោយក្នុងនោះក្រដាសប្រាក់ ១០០បាតថ្មី អាចដកពីម៉ាស៊ីនអេធីអឹមបាន ដោយឡែកសម្រាប់ក្រដាសប្រាក់ ១,០០០បាតថ្មីមិនអាចដក ឬ ដាក់បាននោះទេ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost thaipbsworld