ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០ របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកើនឡើង ៣១.១%
សេដ្ឋកិច្ច November 20, 2020 Chan Sreyny

ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០ របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនកើនឡើង ៣១.១% បើធៀបនឹងឆ្នាំមុនដែលនេះបង្ហាញឱ្យឃើញពីសមត្ថភាពអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ នេះបើយោងតាមរបាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ បើយោងតាមរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេលគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០ បរិមាណកុងតឺន័រនាំចេញ និងនាំចូលសរុបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានចំនួន ៣៦,២០៦ បានកើនឡើង ២៩.២២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលសរុបមានចំនួន ១,២៧៣ លានដុល្លារអាម៉េរិក បានកើនឡើង ៣១.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុនស្មើនឹង ១០៣% នៃទំហំនៃការនាំចេញ និងនាំចូលសរុបនាឆ្នាំ២០១៩ នេះបើយោងតាមស្ថិតិថ្មីបំផុតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ចំពោះការកើនឡើងទាំងនេះ គឺជាសមទ្ធផលដ៏គួរឱ្យរំភើបចិត្តដែលទទួលបានក្នុងស្ថានភាពធ្ងន់ធ្ងរខណៈពេលដែលជំងឺ COVID-19 កំពុងតែរាត្បាតពាសពេញសកលលោក។

នេះបានឆ្លុះបញ្ចាំងពីសន្ទុះអភិវឌ្ឍខ្លាំងរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រោងចក្រ សហគ្រាស និងបុគ្គលិកកម្មករទាំងអស់បានចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ហើយក៏បានបង្ហាញឱ្យឃើញពីសមត្ថភាពអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ។

ទន្ទឹមនឹងនេះ ពេលដែលសហគ្រាសមានការរីកចម្រើន តំបន់សេដ្ឋកិច្ចពិសេសទើបអាចមានការរីកចម្រើនបាន។ តាំងពីដើមរហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាត់ទុកការបម្រើសេវាកម្មជូនរោងចក្រសហគ្រាស និងធ្វើឱ្យបរិយាកាសអាជីវកម្មប្រសើរឡើងជាកិច្ចការដ៏សំខាន់បំផុត។ លើសពីនេះទៀត តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺជាវេទិកាវិនិយោគអន្តរជាតិមួយដែលបើកចំហទូទាំងពិភពលោក ដែលបានបង្កើតទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនៅលើពិភពលោក។

នៅឆ្នាំ២០២០នេះ នៅពេលដែលជំងឺកូវីដ-១៩ ចាប់ផ្តើមផ្ទុះឡើង ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាត់វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ភ្លាមៗហើយអំពាវនាវឱ្យរោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសធ្វើការប្រាស្រ័យទាក់ទងជាមួយដៃគូវិនិយោគតាមប្រព័ន្ធអនឡាញ រួមគ្នាកសាងខ្សែការពារដ៏រឹងមាំមួយ ទើបអាចធានាគ្មានការឆ្លងពីជំងឺ COVID-19 នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយធានាដល់ការដំណើការជាធម្មតារបស់រោងចក្រ សហគ្រាស និងបន្តរក្សាឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់។

ជាមួយគ្នានេះ ជំរុញការអភិវឌ្ឍដំណាក់កាល ២.០ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បង្កើនល្បឿនក្នុងការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផលិតកម្មនិងជីវភាពរស់នៅក្នុងតំបន់ផ្តល់ការធានាផ្នែករឹងក៏រឹងមាំសម្រាប់រោងចក្រផលិត។

បើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានឱ្យដឹងថា ទោះបីជាការរីករាលដាលនៃជំងឺកូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់ក្រុមហ៊ុន សហគ្រាស និងធ្វើឱ្យក្រុមហ៊ុនសកគ្រាសមួយចំនួនមានការធ្លាក់ចុះនូវសមត្ថភាពផលិតក៏ដោយ ប៉ុន្ដែដោយបានពឹងផ្អែកលើតួនាទីវេទិការបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សហគ្រាសនៅក្នុងតំបន់នៅតែប្រកាន់ខ្ជាប់នូវទំនុកចិត្តរបស់ខ្លួនជានិច្ច។ ទន្ទឹមនឹងការខិតខំដោះស្រាយបញ្ហាប្រឈម និងស្តារឡើងវិញនូវសមត្ថភាពផលិតបន្តិចម្តងៗ ហើយសហគ្រាសខ្លះបានប្រែក្លាយឱកាស គ្រោះថ្នាក់ឱ្យទៅជាឱកាសអាជីវកម្ម និងសម្រេចបានកំណើនទ្វេដងនៃលទ្ធភាពផលិតបើប្រៀបធៀបនឹងឆ្នាំមុន។

តែទោះបីយ៉ាងណាក៏ដោយ ជាមួយនឹងការអភិវឌ្ឍន៍នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដំណាក់កាលទី ២.០ យើងជឿជាក់ថា តាមរយៈវេទិកានៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ នឹងមានក្រុមហ៊ុនអន្តរជាតិកាន់តែច្រើនអាចសម្រេចបាននូវការអភិវឌ្ឈឆ្ពោះទៅមុខ និងជាចំណែកមួយក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃខេត្តព្រះសីហនុក៏ដូចជាប្រទេសកម្ពុជាផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន