ទីផ្សារចង្រិតថៃត្រូវប៉ាន់ខ្លាំងនៅបរទេស ហើយតម្លៃចង្រិតដូងលក់បានពីចន្លោះ ១,០០០ បាត ទៅ ១,៨០០ បាតក្នុងមួយគីឡូក្រាម
សេដ្ឋកិច្ច August 10, 2020 Chan Sreyny

ប្រទេសថៃកំពុងសម្លឹងមើលរកទីផ្សារក្រៅប្រទេសបន្ថែមទៀតសម្រាប់សត្វចង្រិត ខណៈដែលសត្វដែលត្រូវបានគេយកទៅធ្វើចំណីអាហារមួយនេះកំពុងពេញនិយមយ៉ាងខ្លាំង។ ប្រធានសមាគមកែច្នៃចំណីអាហារថៃ (TFPA) មានបំណងវិនិយោគលើសត្វចង្រិត ស្របពេលដែលតម្រូវការពីអតិថិជនកំពុងកើនឡើងខ្លាំង នេះបើតាមសម្តីរបស់លោក Wisit Lamlumcha ប្រធាន TFPA ។

ទីផ្សារដែលកំពុងរីកចម្រើននូវចំណីអាហារប្រភេទនេះ គឺនៅសហរដ្ឋអាមេរិក ចិន អឺរ៉ុប និងទ្វីបអាមេរិកខាងត្បូង ដែលចូលចិត្តនូវចំណីអាហារដែលផ្ដល់នូវសុខភាពល្អមួយនេះ។ ខណៈចង្រិតមានជាតិប្រូតេអ៉ីនខ្ពស់ ហើយវាជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដែលមិនបរិភោគសាច់។ ជាមួយគ្នានេះការនាំចេញចង្រិតមានចំនួន ៩ លានបាត (ប្រមាណ ២៩ ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំ ហើយតំបន់ភាគឦសានរបស់ប្រទេសថៃ កំពុងព្យាយាមបង្កើនបរិមាណ ខណៈដែលសមត្ថភាពផលិតបច្ចុប្បន្នមានចំនួន ៧,០០០ តោនក្នុងមួយឆ្នាំ។

យោងតាមការិយាល័យជាតិកសិកម្មនិងស្ដង់ដារស្បៀងអាហារ និងនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ កំពុងលើកទឹកចិត្តដល់កសិករចិញ្ចឹមចង្រិតក្នុងខេត្ត​ចំនួន ១០ ដែលមានកសិដ្ឋានចិញ្ចឹមចង្រិតសរុប ៨៤៨.៥ រ៉ៃ (១៣៦ ហិកតា)។ ទន្ទឹមនឹងនេះ លោក Wisit បាននិយាយថាតម្លៃចង្រិតក្រហមនៅអាមេរិក អឺរ៉ុប ជប៉ុន និងចិនគឺ ១០០ បាត ទៅ ២០០ បាតក្នុងមួយគីឡូក្រាម ប៉ុន្តែតម្លៃចង្រិតដូង បានលោតឡើងដល់ ១,០០០ បាត ទៅ ១,៨០០ បាតក្នុងមួយគីឡូក្រាម។

លោក Napadol Thongmee នាយកមជ្ឈមណ្ឌលពាណិជ្ជកម្មថៃនៅញូវយ៉ក បានមានប្រសាសន៍ថា ផលិតផលចង្រិតមាននិន្នាការពង្រីកនៅអាមេរិកដោយសារទំហំទីផ្សារអនុញ្ញាតឱ្យបង្កើតទីផ្សារពិសេស ដោយអតិថិជនគោលដៅ គឺហាងនៅក្នុងសារមន្ទីរ និងសួនសត្វ។ លោកបានបន្ថែមថា ប្រសិនបើសហគ្រិនថៃទទួលបាន USFDA ដើម្បីធានានូវស្តង់ដារផលិតផលនោះទីផ្សារនឹងកាន់តែធំឡើង៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand