ធនាគារឯកទេសវីង និងធនាគារ កាណាឌីយ៉ាកំពុងធ្វើការរួមគ្នាដើម្បីបំពេញចន្លោះខ្វះខាតសេវាហិរញ្ញវត្ថុនៅកម្ពុជា
ហិរញ្ញវត្ថុ June 23, 2020 Khmernote

ភ្នំពេញ ខែមិថុនា ទី២៣ ២០២០: ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ កាណាឌីយ៉ា ក.អ បានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបានហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល។ ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និងគណគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។

ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលពួកគេទទួលបានសេវាហិរញ្ញវត្ថុដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែប្រសើរឡើង។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ «យើងមានឯកសិទ្ធិដែលថ្ងៃនេះវីងកំពុងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីស្វែងរកភាពជាដៃគូជាមួយធនាគារដែលមានវ័យចំណាស់ជាងគេនិងធំជាងគេមួយនៅកម្ពុជា ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា និងកំណើនសេដ្ឋកិច្ចតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុដ៏រឹងមាំ»។

លោកលោក ម៉ានូ រ៉ាចាន់ បានបន្តថា៖ «វីងនៅតែងតែរក្សារចក្ខុវិស័យរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុចល័តប្រកបដោយភាពងាយស្រួល សុវត្ថិភាពនិងរហ័ស ដែលសម្រួលដល់លំហូរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច។ ភាពជាដៃគូជាមួយធនាគារកាណាឌីយ៉ា នឹងផ្តល់ជូនកាន់តែទូលំទូលាយនូវការទទួលបានសេវាកម្មហិរញ្ញវត្ថុសម្រាប់ប្រជាជនគ្រប់រូប»។ វីងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុចល័តឈានមុខគេមួយនៅកម្ពុជាដែលមានបណ្តាញភ្នាក់ងារវីង ជិត ៨០០០ កន្លែងទូទាំងប្រទេស ជាមួយកម្មវិធីវីងស្មាតហ្វូនវីងដ៏ទំនើប និងមានបណ្តាញដៃគូក្នុងស្រុកនិងក្រៅស្រុកដ៏រឹងមាំ។

លោក Raymond Sia Say Guan នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ថា៖ «កិច្ចសហការនៅថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងទាក់ទងនឹងការផ្ដល់ជូនសេវាកម្មហិរញ្ញវត្ថុ និងបង្កើនការដាក់បញ្ចូលហិរញ្ញវត្ថុ និងសិទ្ធិអំណាចប្រើទៅដល់ប្រជាជនកម្ពុជា។ យើងនឹងនាំយកសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែជិតជាងមុនទៅដល់អតិថិជនរបស់យើងបច្ចុប្បន្ន មិនថានៅតំបន់ដាច់ស្រយាលក៏ដោយ»។ ធនាគារកាណាឌីយ៉ាបានឈរជើងនៅលើទីផ្សាយដោយជោគជ័យជិត៣០ឆ្នាំក្នុងការផ្ដល់ជូននូវសេវាកម្មដ៏សម្បូរបែបទៅដល់អតិថិជនទាំងបុគ្គល និងសាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយបានពង្រីកទីផ្សាររបស់ខ្លួនទៅដល់ប្រទេសឡាវដែលជាប្រទេសជិតខាង។

ទាំងវីងនិងធនាគារកាណាឌីយ៉ាគឺជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជាដែលមានបំណងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ វីងត្រូវបានគេទទួលស្គាល់ បានបង្កើតភាពជាដៃគូយ៉ាងទូលំទូលាយជាមួយដៃគូពាណិជ្ជករជាង ៤០០០០ និងជាមួយក្រុមហ៊ុនសំខាន់ៗនៅក្នុងឧស្សាហកម្មរួមមាន៖ Mastercard, MoneyGram, AliPay, WeChat Pay and Western Union ជាដើម។ ភ្នាក់ងារវីងដែលត្រូវបានបណ្តុះបណ្តាលយ៉ាងជំនាញ បានកំពុងជួយសម្រួលផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជានៅគ្រប់ទិសទីកន្លែងនៃប្រទេសកម្ពុជាចាប់តាំងពីទីក្រុងរហូតដល់ភូមិដាច់ស្រយ៉ាល។