ជំងឺរាតត្បាតជាសកល COVID-19 ធ្វើឱ្យពលរដ្ឋអាមេរិកចេះចាយតិច និងសន្សំច្រើន
ហិរញ្ញវត្ថុ May 30, 2020 Khmernote

យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យវិភាគសេដ្ឋកិច្ច (BEA) កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អត្រាប្រាក់សន្សំគិតជាភាគរយនៃប្រាក់ចំណូលផ្ទាល់ខ្លួនរបស់ជនជាតិអាមេរិក បានកើនឡើងដល់ ៣៣% ឬ ១/៣ នៅក្នុងខែមេសា (ខែមីនាមានតែ១២.៧%) ហើយវាជាការសន្សំខ្ពស់បំផុតចាប់តាំងពី BEA បានចាប់ផ្តើមកត់ត្រានិងរាយការណ៍ទិន្នន័យសន្សំនៅចុងទសវត្សឆ្នាំ១៩៥០។

ខែមេសាក៏មានការកើនឡើងប្រាក់ចំណូលផ្ទាល់ខ្លួន ១០.៥% ធៀបនឹងខែចាស់ ដែលធ្វើឱ្យ BEA បានសន្មតថា ពលរដ្ឋអាមេរិកម្នាក់ៗបានទទួលប្រាក់ជំនួយសេដ្ឋកិច្ចពីរដ្ឋាភិបាលសហព័ន្ធ ទើបធ្វើឱ្យមានការកើនឡើងនូវភាគរយនេះ។ ប៉ុន្តែយ៉ាងណាការចំណាយផ្ទាល់ខ្លួនបានថយចុះ ១៣.៦% ឬ ១.៦ទ្រីលានដុល្លារ ដែលបង្ហាញថាពលរដ្ឋមិនមានឆន្ទៈក្នុងការចែកសាច់ប្រាក់ (ចាយ) របស់ពួកគេទេ។ ការចំណាយលើសេវាកម្មមានការថយចុះចំនួន ៩៤៣ ពាន់លានដុល្លារ ខណៈការចំណាយលើទំនិញក៏បានធ្លាក់ចុះ ៧៥៨ ពាន់លានដុល្លារ។

គិតត្រឹមថ្ងៃព្រហស្បតិ៍មានពលរដ្ឋអាមេរិកប្រហែល ៤០ លាននាក់ បានដាក់ពាក្យទាមទារប្រាក់ជំនួយ គិតចាប់តាំងពីពាក់កណ្តាលខែមីនា។ នៅក្នុងខែមេសាអត្រាអ្នកអត់ការងារធ្វើបានកើនឡើងដល់ ១៤.៧% ដែលជាកម្រិតមួយដែលមិនធ្លាប់មានចាប់តាំងពីវិបត្តិសេដ្ឋកិច្ច Great Depression ។ យ៉ាងណាក៏ដោយការចំណាយអាចនឹងផ្លាស់ប្តូរនៅពេលសេដ្ឋកិច្ចចាប់ផ្តើមបើកដំណើរការឡើងវិញ ហើយអតិថិជនមានលទ្ធភាពទទួលបានទំនិញ និងសេវាកម្មកាន់តែច្រើន៕

អត្ថបទ៖ លីដា
ប្រភព៖ Fox Business