ប្រទេសជប៉ុននឹងដំឡើងអាយុរឺត្រែតដល់ ៧៥ឆ្នាំ ហើយអនុញ្ញាតឱ្យអ្នកធ្វើការក្រៅម៉ោងកាន់តែច្រើន អាចមានសិទ្ធិទទួលបានប្រាក់រឺត្រែត
ហិរញ្ញវត្ថុ May 29, 2020 Khmernote

ជប៉ុនទើបតែបានកែប្រែច្បាប់ថ្មីមួយនៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ដើម្បីអាចឱ្យអ្នកធ្វើការក្រៅម៉ោង និងកម្មករមិនទៀងទាត់ ចូលរួមក្នុងកម្មវិធីប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) បានកាន់តែច្រើនជាងមុន ក៏ដូចជាអនុញ្ញាតឱ្យអ្នកដែលមានសិទ្ធិស្រាប់ អាចបន្តធ្វើការរហូតដល់អាយុ ៧៥ឆ្នាំ​ សឹមចូលនិវត្តន៍ក៏បាន។ ជម្រាប់ដែរថាច្បាប់ចាស់អាចឱ្យកម្មករក្រៅម៉ោងមានសិទ្ធិយកប្រាក់រឺត្រែត លុះត្រាតែពួកគេធ្វើការបាន ២០ម៉ោង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ នៅក្នុងក្រុមហ៊ុនដែលមានបុគ្គលិកច្រើនជាង ៥០០នាក់។

ដូច្នេះច្បាប់ថ្មីនេះនឹងអាចធានាបាននូវប្រាក់បុព្វលាភប្រសើរជាងមុន ផ្ដល់ភាពងាយស្រួលដល់បុគ្គលិកក្រៅម៉ោង ក៏ដូចជាលើកទឹកចិត្តជនជាតិជប៉ុនឱ្យបន្ដធ្វើការបានយូរកាលជាងមុន។ អ្នកធ្វើការក្រៅម៉ោងដែលអាចមានសិទ្ធិក្នុងកម្មវិធីនេះត្រូវចែកជា ២ ដំណាក់កាល៖ ទី១ ត្រូវតែជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនមានបុគ្គលិកច្រើនជាង​ ១០០នាក់ នៅខែតុលា ឆ្នាំ២០២២ និង ទី២ សម្រាប់អ្នកដែលធ្វើការនៅកន្លែងមានបុគ្គលិក ៥០នាក់ នៅរយៈពេល ២ឆ្នាំ បន្ទាប់ទៀត។ ច្បាប់នេះបានអនុម័តពីសមាជិកក្រុមប្រឹក្សាកាលពីថ្ងៃសុក្រ បន្ទាប់ពីឈ្នះពីសភាតំណាងរាស្ត្រកាលពីដើមខែនេះ។

ទាក់ទងនឹងការដំឡើងអាយុចូលនិវត្តន៍រហូតដល់ ៧៥ឆ្នាំ គឺដោយសារអាយុចូលនិវត្តន៍តាមច្បាប់របស់ជប៉ុនមានត្រឹមតែ ៦៥ឆ្នាំ ប៉ុណ្ណោះ។ ដូច្នេះរដ្ឋាភិបាលចង់ឱ្យពួកគេបន្ដធ្វើការបានយូរអង្វែង និងជំរុញចិត្តឱ្យពួកគេធ្វើការ ដើម្បីទទួលបានប្រាក់សោធននិវត្តន៍ប្រសើរជាងមុន៕

អត្ថបទ៖ លីដា
ប្រភព៖ Mainichi