ពលរដ្ឋសាំងហ្គាពួរនឹងទទួលប្រាក់ឧបត្ថម្ភក្នុងមួយគ្រួសារ ១០០ ដុល្លារ សម្រាប់ចំណាយលើទឹកភ្លើងប្រើប្រាស់របស់ពួកគេ
ហិរញ្ញវត្ថុ May 26, 2020 Khmernote

សារព័ត៌មាន​ The Straits Times នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា គ្រួសារសាំងហ្គាពួរទាំងអស់ដែលមានសមាជិកយ៉ាងតិចម្នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ១០០ដុល្លារ សម្រាប់ការបង់ថ្លៃទឹកភ្លើងប្រើប្រាស់។ វាគឺជាឥណទានឈ្មោះថា Solidarity Utilities ដែលរួមចំណែកក្នុងការសម្រាលបន្ទុកទឹកភ្លើងនៅខែកក្កដាឬសីហា ហើយគ្រួសារទាំងអស់នឹងត្រូវទទួលបានការឧបត្ថម្ភដូចៗគ្នា។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Heng Swee Keat បាននិយាយថា វាគឺជាការថ្លែងអំណរគុណដល់ពលរដ្ឋ ដែលពួកគេបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដោយការស្នាក់នៅផ្ទះទាំងអស់គ្នា។

ក្នុងនោះផងដែរទឹកប្រាក់ ៨០០ លានដុល្លារផ្សេងទៀត នឹងត្រូវទុកសម្រាប់គម្រោង COVID-19 Support Grant ដែលគាំទ្រដល់អ្នកដែលបាត់បង់ការងារ បុគ្គលិកឈប់ដោយគ្មានប្រាក់ខែ និងអ្នកដែលត្រូវបានគេកាត់ប្រាក់ខែនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ដែលទាំងអស់នេះសុទ្ធតែជាផលប៉ះពាល់របស់ជំងឺ COVID-19 មកលើពួកគេ។ គិតមកទល់ពេលនេះរដ្ឋាភិបាលសាំងហ្គាពួរបានទទួលពាក្យសុំប្រមាណ ៤៨,០០០ ក្នុងរយៈពេលបីសប្តាហ៍ បន្ទាប់ពីជំនួយឧបត្ថម្ភបានចាប់ផ្តើមក្នុងខែឧសភានេះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times