ជំងឺរាតត្បាត COVID-19 នឹងធ្វើឱ្យបំណុលរបស់ប្រទេសបារាំង អាចមានដល់ជាង ១១៥% នៃ GDP របស់ខ្លួន
ហិរញ្ញវត្ថុ May 25, 2020 Khmernote

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងលោក Gerald Darmanin បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ RTL ថា បំណុលរបស់ប្រទេសបារាំងនឹងមានច្រើនជាងផលិតផលក្នុងស្រុកសរុប (GDP) ដោយនឹងកើនឡើងដល់ជាង ១១៥% នៅចុងឆ្នាំនេះ ដោយសារការចំណាយលើវិធានការណ៍ទប់ទល់នឹងវិបត្តិជំងឺ COVID-19។ ប៉ុន្តែយ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលបារាំងមិនមានផែនការដំឡើងពន្ធ ដើម្បីកាត់បន្ថយបំណុលនោះទេ។

ទីភ្នាក់ងារស្ថិតិផ្លូវការ INSEE បានឱ្យដឹងកាលពីចុងខែមីនាថា ក្នុងឆ្នាំ២០១៩ បំណុលសាធារណៈសរុបមានចំនួន ៩៨.១% នៃផលិតផលក្នុងស្រុកសរុប (GDP) ទោះបីឱនភាពថវិកាវិស័យសាធារណៈបានកើនពី ២.៣% នៅឆ្នាំ២០១៨ ឡើងដល់ ៣.០% នៃ GDP ក្នុងឆ្នាំ២០១៩ក៏ដោយ ហើយឆ្នាំនេះវាមានកាន់តែច្រើនជាងមុនទៀត។

រដ្ឋាភិបាលបារាំងក៏បាននិយាយកាលពីខែមេសាថា ខ្លួនរំពឹងថាកញ្ចប់សង្គ្រោះទប់ទល់នឹងវិបត្តិជំងឺ COVID-19 របស់ខ្លួនអាចនឹងត្រូវចំណាយអស់ ១០០ ពាន់លានអឺរ៉ូ ពោលគឺជាង ៤% នៃ GDP របស់ខ្លួន។ ចាប់តាំងពីពេលនោះមកបារាំងបានប្រកាសអំពីវិធានការណ៍គាំទ្របន្ថែមទៀតជាបន្តបន្ទាប់ ជាពិសេសសម្រាប់ឧស្សាហកម្មរថយន្ត ដើម្បីស្រោចស្រង់សេដ្ឋកិច្ចរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN